យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Bek Air ដឹកអ្នកដំណើរ១០០នាក់ ព្រមទាំងក្រុមអាកាសយានិកបានជួបគ្រោះថ្នាក់ ធ្លាក់ នៅជិតទីក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន។
សារព័ត៌មាន Spunik បានផ្សាយថា យ៉ាងហោចណាស់មានមនុស្ស ៧នាក់ស្លាប់ ។ ក្នុងចំណោមមនុស្សនៅលើយន្តហោះ១០០នាក់ មានអ្នកដំណើរ ៩៥នាក់ និងក្រុមពហុនិការ៥នាក់។
មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់គឺយន្តហោះ មិនអាចហោះឡើងទៅលើបាន ហើយក៏បុកផ្ទះកម្ពស់ពីរជាន់ ពេលចាប់ផ្តើមហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិ Almaty នៅប្រទេស កាហ្សាក់ស្ថាន កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ។
ជើងហោះហើរក្នុងស្រុកគ្រោង នឹងហោះហើរពីអាកាសយានដ្ឋាន អាល់ម៉ាទី (Almaty) ទៅរដ្ឋធានី ណឺរស៊ុល តង់ (Nur-Sultan)។ក្រុមសង្គ្រោះបន្ទាន់កំពុងជួយធ្វើអន្តរាគមន៍ដើម្បីជម្លៀសអ្នកដំណើរ និងសមាជិកនាវិក ។ អាកាសយានដ្ឋាន អាល់ម៉ាទី បានប្រកាសថា មិនមានរបាយការណ៍នៃអគ្គិភ័យបន្ទាប់ពីការធ្លាក់យន្តហោះនេះនោះទេ។
អាកាសយានដ្ឋាន អាល់ម៉ាទី បានបញ្ជាក់ថា មូលហេតុ និងកាលៈទេសៈនៃការធ្លាក់ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ ៕ ធី រីណា