ខេត្តពោធិ៍សាត់៖ មនុស្ស ២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់ ដោយសាររថយន្តធុនធំបុកម៉ូតូ ២លើកផ្សេងគ្នាក្នុងថ្ងៃតែមួយដែលហេតុការណ៍នេះ កើតឡើងនៅក្នុងស្រុកក្រគរ ។
លោកវរៈសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរបានឱ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី០៥ ខែមករានេះថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ចំនួន ២លើក បណ្ដាលឱ្យមនុស្ស ២នាក់ស្លាប់ដោយរថយន្តកិនបែកខ្ទេចខ្លួនប្រាណ និងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ។
លោកអធិការបន្តថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើ លើកទី១ បានកើតឡើងនៅវេលាម៉ោង ១៥និង២០នាទី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥៧.១៥៨ ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បង្កឡើងរវាងរថយន្តធុនធំម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សឆ្នូតលឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-8341 បើកបរក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចខាងលើ បានបុកជាមួយម៉ូតូម៉ាកស៊ុយស៊ីគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1B-6199 ពេញទំហឹងខណៈកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឱ្យអ្នកបើកបរម៉ូតូឈ្មោះ ឈិន ម៉ៅ ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ រងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួន ។
លោកបន្តទៀតថា លុះដល់ម៉ោង ២១និង៣០នាទី ថ្ងៃខែដដែលនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥៥.១៥៦ ស្ថិតក្នុងភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកទៀតរវាងរថយន្តធុនធំម៉ាក VIVO ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ បណ្ដាលឱ្យភាគីម្ចាស់ម៉ូតូ និងអ្នករួមដំណើរទាំង ២នាក់ ស្លាប់ភ្លាមៗដោយរថយន្តកិនពីលើបែកខ្លួនប្រាណខ្ទេចតែម្តង ខណៈម៉ូតូកំពុងបើកឆ្លងផ្លូវ អ្នកបើកបររថយន្តបង្កឃើញហេតុការណ៍ដ៏រន្ធត់បែបនេះក៏បានរត់គេខ្លួនបាត់ស្រមោល ។
កអធិការបញ្ជាក់ទៀតថា ជនរងគ្រោះត្រូវបានគេស្គាល់ទី១-ឈ្មោះ ខន រតនា ភេទប្រុស អាយុ ២២ឆ្នាំ និងទី២-ឈ្មោះ ជុំ រ័ត្ន ភេទប្រុស អាយុ ២១ឆ្នាំ អ្នកទាំងពីររស់នៅភូមិ.ឃុំកើតហេតុខាងលើ សមត្ថកិច្ចបានប្រគល់សាកសពឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងសមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕
ដោយ៖ ប៉ឹម ពិន