ឆ្នាំ២០១៩ បានកន្លងផុតទៅហើយ ដោយបន្សល់នៅ បញ្ហាមួយចំនួន មិនទាន់អាចដោះស្រាយ ហើយនឹងបន្តដោះស្រាយ ជាច្រើនឆ្នាំខាងមុខ ទៀត។ ឆ្នាំ២០២០ ជាពេលវេលាដ៏សំខាន់បំផុត សម្រាប់ពិភពលោក ដោះស្រាយបញ្ហាធំៗជាច្រើន ក្នុងនោះមានចំណុចសំខាន់បំផុតចំនួន៣ ជះឥទ្ធិពលដ៏អាក្រក់ដល់មនុស្សជាតិ បើមិនមានដំណោះស្រាយទាន់ពេលនោះទេ។ បញ្ហាប្រឈមមុខទាំង៣នោះ មាន ការរីយសាយភាយអាវុធបរមាណូ បម្រែបម្រួលអាកាសធាតុ និងការកសាងទំនុកចិត្តឡើងវិញ នៅក្នុងអង្គការសហប្រជាជាតិ។
ទស្សនាវដ្តី World Politics Review បានផ្សព្វផ្សាយនូវអត្ថបទវិភាគមួយ ដោយបានព្យាករថា៖ ឆ្នាំ២០២០ គឺជាពេលវេលាដែលពិភពលោកត្រូវសម្រេចថា តើពិភពលោកមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការទប់ស្កាតការរីកសាយភាយអាវុធបរមាណូ ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងធ្វើឲ្យអង្គការសហប្រជាជាតិមានទំនុកចិត្តឡើងវិញដែរឬទេ?
បច្ចុប្បន្ន មនុស្សជាតិកំពុងប្រឈមនឹងសង្គ្រាមបរមាណូជាទ្រង់ទ្រាយធំ ដោយសារប្រទេសជាច្រើន បាននិងកំពុងខិតខំផលិតមីស៊ីលឆ្លងទ្វីបល្បឿនលឿន ដែលអាចបំពាក់ក្បាលគ្រាប់បរមាណូ វាយប្រហារគ្រប់ទិសទី នៅជុំវិញពិភពលោក។ រីឯសន្ធិសញ្ញាមិនរីកសាយភាយអាវុធបរមាណូ NPT គឺជាកត្ដាដ៏សំខាន់ ក្នុងការដោះស្រាយបញ្ហាខាងលើ។
បើទោះជារយៈពេល៥០ឆ្នាំកន្លងមកនេះ ចាប់តាំងពី NPT បានចូលជាធរមាន តែការខិតខំរារាំងការផលិតអាវុធបរមាណូ នៅតែមិនមានប្រសិទ្ធភាព ដោយសារប្រទេសមួយចំនួន នៅតែបន្តផលិតអាវុធទាំងអស់នេះ ប្រកបដោយជោគជ័យ ក្នុងនោះមានកូរ៉េខាងជើង ជាដើម។ ជាមួយគ្នានេះដែរ អាមេរិកបានដកខ្លួនចេញពីសន្ធិសញ្ញាអាវុធបរមាណូរយៈចម្ងាយធម្យម INF និងដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូជាមួយអ៊ីរ៉ង់ ហើយនេះជាសញ្ញាដ៏អាក្រក់ដល់ពិភពលោកផងដែរ។ សង្គ្រាមបរមាណូ អាចនឹងកើតឡើង គ្រប់ពេលវេលា ព្រោះប្រទេសមហាអំណាច ចង់បានផលប្រយោជន៍រៀងៗខ្លួន។
បញ្ហាប្រឈមមុខទីពីរ គឺ ស្រទាប់អូហ្សូនការពារកម្តៅផែនដី គឺជាប្រធានបទដ៏សំខាន់ រាល់កិច្ចកិច្ចប្រជុំស្តីពីការបម្រែបម្រួលអាកាសធាតុ។ គ្រោះធម្មជាតិ តែងតែកើតឡើង នៅលើភពផែនដី កាន់តែច្រើន ហើយមានគ្រោះថ្នាក់សម្លាប់មនុស្ស មិនចាញ់សង្គ្រាមបរមាណូនោះឡើយ។ បើមិនមានវិធានការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ចាប់ពីពេលនេះទៅនោះទេ ពិភពលោកអាចនឹងត្រូវវិនាសកម្ម ដោយសារកម្តៅផែនដីកើនឡើងរហូត បង្កឲ្យមានគ្រោះទឹកជំនន់ ខ្យល់ព្យុះរញ្ជួយដីជាញឹកញាប់។
នៅក្នុងឆ្នាំ២០២០នេះដែរ ស្ថាប័នកំពូលរបស់ពិភពលោក គឺអង្គការសហប្រជាជាតិ មានអាយុកាលឈានចូល៧៥ឆ្នាំហើយ ប៉ុន្តែទំនុកចិត្តទៅលើអង្គការសហប្រជាជាតិ កាន់តែបាត់បង់ ធ្វើឲ្យស្ថាប័នកំពូលមួយនេះ មិនមានឥទ្ធិពលគ្រប់គ្រាន់ ក្នុងការទប់ស្កាត់បញ្ហាធំៗ ដែលអាចកើតមានឡើងនៅលើពិភពលោក។
ជាមួយគ្នានេះ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន មុននេះបានសន្យាថា នឹងផ្តល់អំណោយណូអែលដល់សហរដ្ឋអាមេរិក លើកលែងតែរដ្ឋបាលលោក ដូណាល់ ត្រាំ ផ្លាស់ប្តូរគោលជំហររបស់ខ្លួនស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ ។ នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២០ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA,លោក គីម ជុងអ៊ុន បានព្រមានពីសកម្មភាពគួរឱ្យភ្ញាក់ផ្អើលដោយប្តេជ្ញាថា ពិភពលោកនឹងឃើញ “អាវុធយុទ្ធសាស្ត្រថ្មី” ឆាប់ៗនេះ ។
សេចក្តីថ្លែងការណ៍ផ្លូវការលើកដំបូងនៅថ្ងៃទីមួយឆ្នាំ២០២០ លោកគីម ជុងអ៊ុន បានចោទប្រកាន់រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថា បានខ្ជះខ្ជាយពេលវេលាដោយចេតនា ហើយថា ការពន្យារពេលនៃការជាប់គាំង នៅក្នុងកិច្ចពិភាក្សានុយក្លេអ៊ែរនេះ នឹងមិនផ្តល់ផលប្រយោជន៍អ្វីដល់សហរដ្ឋអាមេរិកនោះឡើយ ។ មេដឹកនាំ កូរ៉េខាងជើង ក៏បានសន្យាផងដែរថា ទីក្រុងព្យុងយ៉ាងនឹងមិនផ្លាស់ប្តូរសន្តិសុខជាតិឡើយ ដោយសង្កត់ធ្ងន់ថា កូរ៉េខាងជើងនឹងលែងជាប់ជំពាក់ជាមួយបទឈប់បាញ់សាកល្បងប្រព័ន្ធមីស៊ីល ICBM (មីស៊ីលឆ្លងទ្វីប) ដែលមានលក្ខណៈជាយូរមកនោះទៀតហើយ ដរាបណាទីក្រុងវ៉ាស៊ីនតោន បន្តធ្វើសមយុទ្ធយោធានៅក្នុង ឬនៅជុំវិញឧបទ្វីបកូរ៉េ ។
កាសែត KCNA បានផ្សាយថា លោក គីម ជុងអ៊ុន បានថ្លែងថា ទីក្រុងព្យុងយ៉ាងគួរតែជំរុញឱ្យកាន់តែសកម្មថែមទៀតនូវគម្រោងដើម្បីអភិវឌ្ឍអាវុធយុទ្ធសាស្ត្រ ។ លោកបានបញ្ជាក់ថា ពិភពលោកនឹងបានឃើញ នូវអាវុធយុទ្ធសាស្ត្រថ្មីមួយ ដែលនឹងត្រូវបានគ្រប់គ្រងដោយកូរ៉េខាងជើង នាពេលខាងមុខនេះ ។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើងដដែលនេះ បានដកស្រង់សម្តី លោក គីម ជុងអ៊ុន បានលើកឡើងទៀតថា កូរ៉េខាងជើងមិនអាចបោះបង់នូវសន្តិសុខអនាគតរបស់ខ្លួនបានទេ ដើម្បីលទ្ធផលសេដ្ឋកិច្ច និងសុភមង្គល និងភាពសុខស្រួល នៅក្នុងភាពជាក់ស្តែងឥឡូវនេះ ខណៈដែលសកម្មភាពអរិភាព និងការគំរាមកំហែងនុយក្លេអ៊ែរប្រឆាំងនឹងកូរ៉េខាងជើងកំពុងតែកើនឡើង ។
លោក គីម ជុងអ៊ុន បាននិយាយថា វិសាលភាព និងជម្រៅនៃការទប់ស្កាត់នុយក្លេអ៊ែរ គឺអាស្រ័យលើឥរិយាបថនាពេលអនាគតរបស់សហរដ្ឋអាមេរិកចំពោះបញ្ហាទាំងនេះ ។
សារព័ត៌មានKCNA បាននិយាយថា កាលពីដើមសប្តាហ៍នេះ លោកគីម ជុងអ៊ុន បានអនុញ្ញាតដាក់បទបញ្ជាអនុវត្ត “វិធានការស្ថាបនា និងការវាយលុកដើម្បីធានាអធិបតេយ្យភាព និងសន្តិសុខពេញលេញ” របស់ជាតិ ។
ចាប់តាំងពីឆ្នាំ ២០១៨ មកកូរ៉េខាងជើង និងអាមេរិក បានធ្វើកិច្ចប្រជុំកំពូលទ្វេភាគី ដែលក្នុងនោះ ភាគីទាំងពីរខិតខំធ្វើឱ្យទំនាក់ទំនងមានលក្ខណៈធម្មតា និងជំរុញឱ្យមានការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ។
ទោះយ៉ាងណា ការចរចាត្រូវបានបញ្ឈប់ភ្លាមៗ បន្ទាប់ពីរដ្ឋបាលលោកដូណាល់ ត្រាំ បានទាមទារឱ្យមានជំហ៊ានម៉ឺងម៉ាត់បន្ថែមទៀតពីកូរ៉េខាងជើង ស្របពេលដែលទីក្រុងព្យុងយ៉ាងបានរិះគន់ទីក្រុងវ៉ាស៊ីនតោនចំពោះការមិនទទួលយកនូវ អ្វីដែលកាលពីអតីតបានអះអាងថា ជាកាយវិការសុច្ឆន្ទៈ ។
ក្នុងអំឡុងពេលប៉ុន្មានខែថ្មីៗកន្លងទៅនេះ, កូរ៉េខាងជើងបានរំលឹកជាប្រចាំដល់អាមេរិកអំពីកាលបរិច្ឆេទផុតកំណត់នៅដំណាច់ឆ្នាំ ដែលទីក្រុងព្យុងយ៉ាងបានស្នើឲ្យទីក្រុងវ៉ាស៊ីនតោនផ្តល់សម្បទាននៅក្នុងកិច្ចចរចាស្តីពីការរំសាយអាវុធកំពុងកើតមាន។ ទីក្រុងព្យុងយ៉ាងបានគំរាមកំហែង ផ្លាស់ប្តូរទិសដៅរបស់ខ្លួន លើដំណើរការរំសាយអាវុធនុយក្លេអ៊ែរ លើកលែងតែរដ្ឋបាលលោកដូណាល់ ត្រាំ ផ្តល់លក្ខខណ្ឌដែលថ្នាក់ដឹកនាំកូរ៉េខាងជើងអាចទទួលយកបាន ៕
ដោយ៖ មែវ សាធី