ភ្នំពេញ ៖ ផ្ទះសំណាក់ជាន់ទី៣មួយកន្លែង យីហោ សុខសប្បាយ២ ជាប់ផ្លូវ៣៧១(សូឡា) ស្ថិតក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ត្រូវបានឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆាបឆេះ ហុយផ្សែងក្មួលខ្មាញ់ ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍បាញ់ពន្លត់ជាច្រើនគ្រឿង កាលពីវេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ។
ម្ចាស់ផ្ទះមានឈ្មោះ សាយ ស៊ីវវ៉ាន់ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ ជាមន្ត្រីយោធា ស្នាក់នៅផ្ទះកេីតហេតុខាងលើ ។
បើតាមប្រភពពីម្ចាស់ផ្ទះសំណាក់ខាងលើបានឲ្យដឹងថា មុនពេលកេីតហេតុ គឺបន្ទប់ផ្ទះសំណាក់ជាន់ទី៣ ខាងលើ មិនទាន់មាន មនុស្សមក ជួលស្នាក់នៅនោះទេ គឺមានតែអ្នកមេីលការខុសត្រូវ នៅអង្គុយនៅជាន់ក្រោមតែប៉ុណ្ណោះ លុះមកដល់ម៉ោងកេីតហេតុ ក៍ស្រាប់តែមានបងប្អូន ប្រជាពលរដ្ឋដែលរស់នៅជិតខាង បានឃើញមានផ្សែងហុយក្មួលខ្មាញ់ចេញពីបន្ទប់ខាងលើ ដោយមិនដឹងមូលហេតុអ្វី ទេីបនាំគ្នាស្រែក ផ្អើលឆោឡោថាមានភ្លើងឆេះហើយៗ ភ្លាមៗនោះដែរ បងប្អូនប្រជាពលរដ្ឋ បាននាំគ្នាជួយយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់អស់ចំនួន២បំពង់ តែមិនទាន់រលត់ នៅតែមានផ្សែងហុយខ្មួលខ្មាញ់ បន្ថែមទៀត ទើបពួកគាត់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានដេីម្បី សុំជំនួយរថយន្ដពន្លត់អគ្គីភ័យ របស់ស្នងការបង្ការនិងពន្លត់អគ្គីភ័យរាជធានីភ្នំពេញចំនួន៤គ្រឿង និងរថយន្តពន្លត់អគ្គីភ័យ របស់ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង មកជួយបាញ់ពន្លត់អស់ ទឹកចំនួន៤គ្រឿង ទេីបភ្លើងរលត់ទៅវិញនៅ វេលាម៉ោង ៩និង១៥នាទីយប់ថ្ងៃដដែល ។
ក្នុងហេតុការណ៍នេះដែរ មិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ គឺគ្រាន់តែ ខូចទ្រព្យសម្បត្តិ ពូកក្នេីយ អស់មួយចំនួនតែប៉ុណ្ណោះ ហើយក្នុងហេតុការណ៍នេះ សមត្ថកិច្ចបាន សន្និដ្ឋានថា បណ្ដាលមកពីទុស្សេខ្សែភ្លើង ទេីបបណ្ដាលឲ្យមានការឆាបឆេះបែបនេះ ៕ដោយ៖ ភារ៉ា ដង្កោ