កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្កោលទោសយ៉ាងខ្លាំងដល់ អាមេរិក ដែលបានបន្តនយោបាយ ចងគំនុំជាមួយកូរ៉េខាងជើង ដោយមិនមានកិច្ចពិភាក្សាណាមួយបញ្ចប់ការប្រឈមមុខដាក់គ្នា។
ជាមួយគ្នានេះមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រកាសថាកូរ៉េខាងជើង មិនអាចប្តូរសេដ្ឋកិច្ច និងសេចក្តីសុខ ជាមួយនឹងសន្តិសុខ អនាគតប្រទេសជាតិនោះឡើយ។ តាំងពីចុងឆ្នាំ២០១៩ លោកគីម ជុងអ៊ុន បានដឹកនាំកិច្ចប្រជុំ រយៈពេល៤ថ្ងៃ ជាមួយមន្ត្រីបក្សពលករកូរ៉េខាងជើង ក្នុងពេលដែលអាមេរិក មិនបានឆ្លើយតប តាមគម្រោងពិភាក្សាចុងឆ្នាំ២០១៩។
គីម ជុងអ៊ុន បញ្ជាក់ថា គ្មានអ្វីដែលកូរ៉េខាងជើង ត្រូវផ្អាក កម្មវិធីបរមាណូនិងកាំជ្រួចមីស៊ីលឆ្លងទ្វីបនោះឡើយ។ មេដឹកនាំកូរ៉េខាងជើងក៏បានចោទប្រកាន់អាមេរិកថា៖ ជាបងធំសង្គមងងឹត ដោយបន្តរក្សាគោលនយោបាយ ចង់គំនុំ ជាមួយកូរ៉េខាងជើង ដោយបន្តធ្វើសមយុទ្ធជាមួយកូរ៉េខាងត្បូង និងបន្តដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង។
លោក គីម ជុងអ៊ុន បានប្រកាសទៀតថានឹងបង្កើនការផលិតបរមាណូ ប៉ុន្តែ ទ្វារនៃកិច្ចពិភាក្សានៅតែបើកជានិច្ច។ លោក គីម ប្រកាសថា ពិភពលោកនឹងបានឃើញ អាវុធថ្មីៗជាច្រើននៅពេលដ៏ខ្លីខាងមុខ ។ លោកបន្តទៀតថា«យើងបានប្តេជ្ញា ថានឹងមិនដោះដូរសន្តិសុខជាតិ កិត្តិយស និងសុវត្ថិភាព ជាមួយភាគីណាមួយនោះឡើយ។
ជាមួយគ្នានោះដែរ កូរ៉េខាងជើងបានព្រមានថានឹងជ្រើសរើសផ្លូវថ្មីសម្រាប់ដើរបន្តប្រសិនបើអាមេរិក មិនមានគម្រោង ពិភាក្សាបញ្ចប់ការប្រឈមមុខ។ចាប់តាំងពីឆ្នាំ២០១៨មក កូរ៉េខាងជើង បានជួបពិភាក្សាជាផ្លូវការទ្វេភាគី ពីរលើក នៅសិង្ហបុរីនាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ និង ថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០១៩ នៅទីក្រុងហាណូយប្រទេសវៀតណាម។ ក្រៅពីនេះ លោកមេដឹកនាំ ប្រទេសទាំងបី កូរ៉េខាងជើង ខាងត្បូង និងអាមេរិកបានជួបពិភាក្សាគ្នារយៈពេលខ្លី ក្រៅផ្លូវការនៅថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៩ នៅតំបន់ព្រំដែនគ្មានយោធា កូរ៉េទាំងពីរ៕
ដោយ៖ មែវ សាធី