ភ្នំពេញ៖ បាហុនិការ(អ្នកបម្រើភ្ញៀវលើយន្តហោះ) និងជាតារាសម្តែង កញ្ញា Ci Ci ស្រាប់តែលេចមុខធ្វើដំណើរកម្សាន្តឆ្លងឆ្នាំយ៉ាងហ៊ឺហានៅប្រទេសកូរ៉េ។ ខណៈមិត្តរួមអាជីពចំអន់ថានាងបានចេញទៅលម្ហែអារម្មណ៍ និងឆ្លងឆ្នាំថ្មីជាមួយគូស្នេហ៍យ៉ាងផ្អែមល្ហែម។
ចាប់ផ្តើមមានឈ្មោះល្បីលើការងារសម្តែងតារាស្រីសិចស៊ី Ci Ci មិនបានបោះបង់ការងារជាអ្នកបម្រើភ្ញៀវតាមយន្តដែលជាក្តីស្រមៃរបស់នារីជាច្រើននោះចោលទេ។ កាន់តែធ្វើឲ្យនារីគ្រប់គ្នាច្រណែន តារាស្រីរូបនេះស្រាប់តែលេចមុខធ្វើដំណើរកម្សាន្តយ៉ាងរំភើយនៅរដូវធ្លាក់ព្រិលនាទីក្រុងសេអ៊ូល និងតំបន់កម្សាន្តប្រណីតមួយចំនួនដែលលំដាប់អភិជននិយមទៅកម្សាន្ត។ ភ្ជាប់នឹងដំណើរកម្សាន្តនេះនាងត្រូវបានគេសង្ស័យថាជាដំណើរកម្សាន្តជាមួយគូស្នេហ៍។ ថ្លែងប្រាប់តាមសារអេឡិចត្រូវនិច តារាស្រីរូបនេះបដិសេធថាមានមនុស្សពិសេសនៅពីក្រោយដំណើរកម្សាន្ត ឬធ្វើដំណើរកម្សាន្តរួមគ្នា។ កញ្ញាថា ជាការដើរកម្សាន្តជាមួយមិត្តភ័ក្កិប៉ុណ្ណោះ នាងថាការបង្ហោះរូបតែឯងព្រោះតែជាដំណើរកម្សាន្តបែបឯកជនរបស់មិត្តភ័ក្កិប៉ុណ្ណោះ។ នាងបន្តថានាងចេញមកកម្សាន្តនៅប្រទេសកូរ៉េក្នុងឱកាសឆ្លងឆ្នាំ គឺជារង្វាន់សម្រាប់ខ្លួនឯងដែលខិតខំបំបេញការងារ ហើយក៏ចង់រំសាយអារម្មណ៍មិនល្អចេញឲ្យអស់មុនឆ្នាំថ្មីមកដល់។ តារាស្រីរូបនេះមិនបញ្ជាក់អំពីខ្ទង់ចំណាយក្នុងការធ្វើដំណើរកម្សាន្តលើកនេះនោះទេ ដោយនាងលើកឡើងថា អស់ច្រើនគួរសម ប៉ុន្តែមិនមែនការចំណាយបែបអភិជននិយមចូលចិត្តចាយនោះដែរ គឺសមល្មមស្របតាមជីវិភាព នាងប៉ុណ្ណោះ។ តារាស្រីរូបនេះមិនបានបញ្ជាក់ពេលវេលាលម្អិតក្នុងការវិលត្រឡប់មកកាន់ការងារ ឬទឹកដីកំណើតវិញនៅឡើយ ប៉ុន្តែនាងលើកឡើងថានឹងវិលវិញឆាប់ៗព្រោះមានការងារមួយចំនួនត្រូវបំពេញ។
អតីតកញ្ញាឯករាងស្អាតរូបនេះលើកឡើងដែរថាឆ្នាំ២០២០នេះទទួលបានការងារសិល្បៈមួយចំនួនហើយ ហើយក៏មិនចោលការងារចាស់ចោលដែរ ហើយនាងរំពឹងថាឆ្នាំថ្មីនេះនឹងជោគជ័យទាំងការងារក្នុងនិងក្រៅសិល្បៈ៕ ដោយវឌ្ឍនា