ការបាញ់ប្រហារនៅអាមេ៉រិកគឺជាក្តីកង្វល់យ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋ ដោយសារការបាញ់ប្រហារនៅទីសាធារណៈតែងតែកើតឡើងជាញឹកញាប់។ មកទល់ពេលនេះច្បាប់ស្តីពីការគ្រប់គ្រងអាវុធនៅមិនទាន់ចេញជាផ្លូវការនៅឡើយ ជាហេតុធ្វើឲ្យពលរដ្ឋអាមេ៉រិកកាន់តែព្រួយបារម្ភ។
កាលពីឆ្នាំ២០១៩ ការបាញ់ប្រហារដោយកាំភ្លើងពីសំណាក់ពលរដ្ឋអាមេ៉រិកផ្ទាល់បានកើនឡើងខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៧០ មកទល់ពេលនេះ ដោយមានករណីបាញ់ប្រហារជាង៤០០ករណីក្នុងមួយឆ្នាំ សម្លាប់មនុស្ស ជិត១៥ពាន់នាក់។
សារព័ត៌មាន USA today បានផ្សាយថា នៅក្នុងឆ្នាំ២០១៩ គឺជាឆ្នាំដែលមានអ្នកស្លាប់ច្រើនបំផុតដោយអំពើហិង្សាពាក់ព័ន្ធនឹងកាំភ្លើង ហើយនៅយប់ឆ្លងឆ្នំាក៏មិនមានអ្វីប្លែកនោះដែរ មានការបាញ់ប្រហារសម្លាប់មនុស្សជាច្រើននៅនាទីដំបូងនៃឆ្នាំ២០២០។ នៅយប់ឆ្លងឆ្នាំ មានបុរស២នាក់រងការបាញ់សម្លាប់នៅរដ្ឋផ្លរីដា ។ នៅក្លិបរាត្រីរដ្ឋតិចសាស់ ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់យុវជន២នាក់ មានអាយុ១៧ឆ្នាំ និង២៤ឆ្នាំ ។នៅក្នុងរដ្ឋ Virginia ក៏មានករណីបាញ់ប្រហារ៧លើកផ្សេងគ្នា នៅខាងក្រៅហាងបារ និងកន្លែងចតរថយន្ត ។ នៅក្នុងរដ្ឋ Missouri មានមនុស្ស៤នាក់រងការបាញ់ប្រហារនៅព្រឹកព្រលឹមឆ្នាំ២០២០បណ្តាលឲ្យស្លាប់៣នាក់និងម្នាក់រងរបួស។ ទាំងនោះជាសញ្ញាអាក្រក់បំផុតសម្រាប់អាមេ៉រិក នៅក្នុងឆ្នាំ២០២០នេះ អាចនឹងមានអំពើហិង្សាកើនឡើងច្រើនជាងឆ្នាំ២០១៩ ប្រសិនបើមិនមានវិធានការទប់ស្កាត់នោះទេ។
ឆ្នាំ២០១៩ មានការបាញ់ប្រហាររហូតដល់ជិត៤១៧ ករណី សម្លាប់មនុស្សជាង១៥ពាន់នាក់។ តាមរបាយការណ៍(GVA) បញ្ជាក់ថា មានមនុស្ស ស្លាប់១៤.៨០០នាក់ និងរងរបួស២៨.៦០០នាក់។ ទាំងនោះហើយបង្ហាញឲ្យឃើញថា ទឹកដីអាមេ៉រិក មិនដែលទទួលបានសេចក្តីសុខពេញលេញ មួយថ្ងៃណាឡើយ ។អាចនិយាយបានថា ថ្ងៃណាក៏មានករណីបាញ់ប្រហារសម្លាប់មនុស្សដែរ។
តាមតួលេខរបស់គណបក្សប្រជាធិបតេយ្យអាមេ៉រិក បង្ហាញឲ្យឃើញថា អំពើហិង្សាពាក់ព័ន្ធនឹងកាំភ្លើង ធ្វើឲ្យអាមេ៉រិកខាតបង់សេដ្ឋកិច្ចប្រមាណ២៣០ពាន់លានដុល្លារក្នុងមួយឆ្នាំ។
ឆ្នាំ២០១៩ជិតផុតទៅហើយតែការបាញ់ប្រហារនៅតែបន្តកើតឡើង ជាក់ស្តែងករណីបាញ់ប្រហារនៅក្នុងព្រះវិហារគ្រិស្ត នៅថ្ងៃទី៣០ ខែធ្នូ ក្នុងតំបន់ White Settlement រដ្ឋTexas បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និង៣នាក់ស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ដល់ជីវិតកំពុងតែសង្គ្រោះបន្ទាន់៕ ធី រីណា