ប្រទេសស៊ូដង់៖ នៅថ្ងៃទី៣ខែមករានេះ មានករណីធ្លាក់យន្តហោះ យោធាពីរផ្សេងគ្នា គឺនៅក្នុងប្រទេសស៊ូដង់ សម្លាប់មនុស្ស១៨នាក់ និងនៅក្នុងប្រទេសស្រីលង្កាសម្លាប់មនុស្ស៤នាក់ ។
នៅក្នុងប្រទេសស៊ូដង់ មានករណីគ្រោះថ្នាក់ធ្លាក់យន្តហោះដឹកជញ្ជូនយោធា ក្រោយហោះហើរបានតែ៥នាទីតែប៉ុណ្ណោះ ។ យន្តហោះជួបគ្រោះថ្នាក់ពេលហោះហើរចេញពីទីក្រុង El Geneina រដ្ឋDarfur បណ្តាលឲ្យមនុស្ស១៨នាក់ស្លាប់ ក្នុងនោះមានកុមារ៤នាក់ សមាជិកក្រុមអាកាសយានិក៧នាក់ និង ចៅក្រម៣នាក់។
យន្តហោះដឹកជញ្ជូនយោធា ប្រភេទ Antonov An-12 ផលិតនៅក្នុងសម័យអតីតសហភាពសូវៀត បានជួបគ្រោះថ្នាក់ ក្រោយដឹកជញ្ជូនជំនួយ ទៅកាន់តំបន់ភាគខាងលិចរដ្ឋ Darfur ដោយជោគជ័យ ហើយវិលត្រឡប់មកកាន់ទីតាំងដើមវិញ។ មកទល់ពេលនេះមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់កំពុងតែបើកការស្រាវជ្រាវ។
ក្រុមយន្តហោះដឹកជញ្ជូនយោធារបស់ស៊ូដង់ភាគច្រើន ជាយន្តហោះចាស់ៗ ហើយកន្លងមកក៏មានករណីធ្លាក់យន្តហោះជាញឹកញាប់ផងដែរ ។ តាមការសន្និដ្ឋានការធ្លាក់យន្តហោះនាពេលនេះដោយសារតែបញ្ហាបច្ចេកទេស និងអាកាសធាតុមិនអំណោយផល។
តាមតួលេខរបស់អង្គការអឌ្ឍិចន្ទក្រហម ស៊ូដង់បានឲ្យដឹងថា អំពើហិង្សានៅតំបន់ភាគខាងលិច Darfur បានសម្លាប់មនុស្ស៤៨នាក់ និង ២៤១នាក់ រងរបួស។ រដ្ឋាភិបាលស៊ូដង់បានបញ្ជូនកម្លាំងទាហាន ទៅរៀបចំសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងតំបន់នោះ។ សូមបញ្ជាក់ថាអំពើហិង្សាបង្ករឡើងក្រុមក្រុម ជនជាតិភាគតិចនៅក្នុងតំបន់។
នៅក្នុងប្រទេសស្រីលង្កា យន្តហោះយោធារបស់កម្លាំងជើងអាកាសស្រីលង្កាមួយគ្រឿង បានធ្លាក់ ដោយបានបណ្ដាលឲ្យមនុស្សយ៉ាងតិច៤នាក់ ដែលជិះនៅក្នុងយន្តហោះនោះ ស្លាប់។ ទីភ្នាក់ងារព័ត៌មាន AP បានផ្សាយថា អ្នកនាំពាក្យកងទ័ពអាកាសស្រីលង្កា បានបញ្ជាក់ថា ការធ្លាក់យន្តហោះនេះ បានកើតឡើង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។
ប្រភពដដែល បានបន្តថា យន្តហោះបានធ្លាក់ នៅក្នុងស្រុក Haputale តំបន់ភ្នំរបស់ស្រីលង្កា ចម្ងាយប្រហែល២០០គីឡូម៉ែត្រ ភាគខាងកើតរដ្ឋធានី Colombo ។ អ្នកនាំពាក្យកម្លាំងកងទ័ពអាកាសស្រីលង្កា លោក Gihan Seneviratne បានបញ្ជាក់ដូច្នេះ។
ប្រភបន្តថា ជនរងគ្រោះមានបួននាក់ នៅក្នុងយន្តហោះ Y-12 ផលិតដោយប្រទេសចិន។ គេនៅមិនទាន់ច្បាស់ អំពីមូលហេតុធ្លាក់នៅឡើយ។ លោក Seneviratne បញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង ខណៈកំពុងហោះហើរបំពេញបេសកកម្មស៊ើបអង្កេត៕
ដោយ៖ មែវ សាធី