ភ្នំពេញ៖ ជនត្រូវចោទជើងខ្លាំងម្នាក់ ដែលមានតួនាទីជាអតីតអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគាររយៈពេល១០ ឆ្នាំ ក្នុងករណីប៉ុនប៉ងឃាតកម្ម និងពីបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ដែលព្យាយាមជិះរថយន្តដេញតាមបាញ់សម្លាប់ជនរងគ្រោះ២នាក់ ប្ដីប្រពន្ធ នៅក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ កន្លងទៅ។
បើយោងតាមប្រភពពីមន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា៖ ជនត្រូវចោទឈ្មោះ ឌួង ណាគ្រី ភេទប្រុស អាយុ៤៧ឆ្នាំ ឋានន្តរស័ក្តិវរសេនីយ៍ទោ មានតួនាទីជាអតីតអនុប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ មានទីលំនៅស្នាក់នៅផ្ទះលេខ៩៤៣ ផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ភូរិស្ស ស្តូរ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
សូមបញ្ជាក់ថា៖ ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងកាលពីវេលាម៉ោង ១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៦៣ ត្រង់ចំណុចអធិការខណ្ឌច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខណៈជនត្រូវចោទឈ្មោះ ឌួង ណាគ្រី ក្នុងអាការៈស្រវឹង បានបើករថយន្ដម៉ាក ឡិចស៊ីស RX350 តាមរករឿងជនរងគ្រោះ២នាក់ប្ដីប្រពន្ធ ដែលបើករថយន្ដម៉ាក Rang Rover តាំងពីមុខមជ្ឈមណ្ឌលរ៉ុក រហូតទៅដល់ក្បែរអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ហើយបានចុះពីលើរថយន្ដទាញកាំភ្លើងខ្លី បាញ់ទៅលើរថយន្ដជនរងគ្រោះ ចំនួន៥គ្រាប់ជាប់ៗគ្នា បណ្ដាលឲ្យខូចខាតកញ្ចក់ខាងក្រោយ ។
ចំពោះករណីនេះ មិនបានបង្កឲ្យជនរងគ្រោះទាំង២នាក់ ប៉ះពាល់អាយុជីវិតនោះទេ គ្រាន់តែស្ដ្រីជាប្រពន្ធភ័យពេក បានដួលសន្លប់ ហើយដឹកភា្លមៗទៅកាន់មន្ទីរពេទ្យ និងបានរលូតកូន៣ខែក្នុងផ្ទៃទៀតផង ៕
ដោយ៖ ស រស្មី