ភ្នំពេញ៖ មនុស្ស៤នាក់ត្រូវបានឃាត់ខ្លួន និងទូហ្គេមបាញ់ត្រីចំនួន៣គ្រឿងត្រូវបានយកទៅរក្សាទុក បន្ទាប់ពីសមត្ថកិច្ចបានបើកប្រតិបត្តិការចុះចាប់ និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទនាល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ នៅក្នុងសង្កាត់ព្រែកហូរ ខណ្ឌច្បារអំពៅ ។
ប្រតិបត្តិការនេះ ដឹកនាំដោយលោក ហោ វាសនា អភិបាលរងខណ្ឌច្រអំពៅ ដោយមានការសហការពីកម្លាំងសមត្ថកិច្ចចម្រុះខណ្ឌជាច្រើនអ្នកទៀត។ នៅក្នុបប្រតិបត្តិការនេះ កម្លាំងក៏បានដកហូត បានទូហ្គេម៣ទូ, កៅអីចំនួន២២, កង្ហារ២, ប៉ៅអ៊ីដេក១, ដេកកេះមួយចំនួនធំ, ឧបករណ៍សម្រាប់ជកសារធាតុញៀនមួយចំនួន, ប្រាក់រៀលចំនួន១៨៦០០០០រៀល និងប្រាក់ដុល្លារ១០ដុល្លារ ។
លោកហោ វាសនា បានឲ្យដឹងថា ដោយឈរលើគោលនយោបាយភូមិឃុំ មានសុវត្ថិភាពល្អ អាជ្ញាធរតែងតែដុតដៃដុតជើង ស្វែងរក និងបង្រ្កាបរាល់ទីតាំងល្បែងហ្គេម ឬល្បែងគ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋានខណ្ឌច្បារអំពៅ។ ជាក់ស្ដែកក្នុងប្រតិបត្តិការនេះជាដើម ដែលសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការថែរក្សាសន្ដិសុខ ដល់ប្រជាលពលរដ្ឋក្នុងមូលដ្ឋាន។ ក្នុងនោះដែរលោកអភិបាលរងក៏បានសំណូមពរ ឱ្យមានការសហការល្អរវាងប្រជាពលរដ្ឋនិងអាជ្ញាធរ ក្នុងការរាយការណ៍នូវរាល់សកម្មភាពបទល្មើសនានា ដើម្បីឱ្យមានការចាត់វិធានការទាន់ពេល ចៀសវៀង ក្របីដាច់ទើបធ្វើរបង ។
យ៉ាងណានោះ ប្រជាពលរដ្ឋបានសម្ដែងការសាទរចំពោះចំណាត់ការនេះ ហើយបានទទូចឱ្យដល់អាជ្ញាធរ សុំឲ្យចាត់ការទាំងល្បែងហ្គេម និងល្បែងស៊ីសងគ្រប់ប្រភេទផង ពិសេសទៅលើគ្រឿងញៀន និងក្មេងពាលផងដែរ ដើម្បីសុវត្ថិភាពសង្គម៕
ដោយ៖ វិបុល