ភ្នំពេញ៖ បាត់មិនបង្ហាញមុខលើស្នាដៃសម្តែងច្រើនដូចគ្រាមុន សឿន វីតា ត្រូវបានគេទម្លាយធាបាននឹងកំពុងកើបប្រាក់ចំណេញខ្ទង់ម៉ឺនដុល្លារអាមេរិកពីការលក់ផលិតផលអាហារបំប៉នវីតាមីនមួយនាំចូលពីប្រទេសកូរ៉េ។
ក្នុងជំនួបតាមបណ្តាញសង្គម តារារូបនេះបញ្ជាក់ថា លោកពិតជាពន្យាពេលទទួលយកការងារសិល្បៈមួយចំនួនមែន ពិសេសការសម្តែងដែលប្រើប្រាស់ពេលវេលាយូរក្នុងថត ប៉ុន្តែមិនមែនចោលទាំងស្រុងនោះទេ។ លោកថាស្នាដៃសម្តែងចុងក្រោយរឿង នាឡិការដាស់វិញ្ញា ដែលទើបនឹងបញ្ចប់ ហើយទទួលបានការគាំទ្រច្រើនពីទស្សនិកជន។
លោកថាកំពុងលៃលកពេលវេលា ទទួលថតភាពយន្តថ្មីដែលចំណាយពេលវេលាមិនច្រើនសប្តាហ៍ដើម្បីកុំឲ្យទស្សនិកជនភ្លេចមុខ និងបញ្ជាក់ថាលោកមិនចោលការងារសិល្បៈដែលលោកស្រលាញ់នោះទេ។ លោកទទួលស្គាល់ថាការផ្អាកទទួលការសម្តែងសិល្បៈមួយចំនួនព្រោះត្រូវចេញចូលក្រៅប្រទេសជាញឹកញាប់ ដែលភាគច្រើនជាដំណើរកម្សាន្តដែលក្រុមហ៊ុនអាហារបំប៉នវីតាមីនមួយនាំចូលពីប្រទេសកូរ៉េមួយផ្តល់ឲ្យ បន្ទាប់ពីការលក់របស់លោកទទួលបានលទ្ធផលល្អប្រសើរ។
លោកមិនបញ្ជាក់លម្អិតអំពីខ្ទង់ចំណូលទេ ប៉ុន្តែលោកទទួលស្គាល់ថាពិតជាមានខ្ទប់ម៉ឺនដុល្លារលក្នុងមួយខែៗ ដែលសូម្បីសាច់ញាតិជិតដិត របស់លោកក៏កំពុងចូលរួមដែរ។ តារាសម្តែងប្រុសសម្បូរពុកមាត់រូបនេះបង្ហើបថា នៅកម្ពុជាលោកមានដំណែងមួយធំក្នុងក្រុមហ៊ុនលក់ផលិតផល យីហោ Korea Pure ដែលជាអាហារបំប៉នវីតាមីនល្បីឈ្មោះនៅបណ្តាប្រទេសជាច្រើនក្នុងតំបន់អាស៊ី។លោកបន្តទៀតថាអាហារបំប៉ននេះមានគុណប្រយោជន៍សម្រាប់អ្នកជំងឺ ក្រពះ ពោះវៀន ថ្លើម កាត់បន្ថយជាតិខ្លាញ់ ជាតិស្ករ .ល.។ លោកថាមានសិល្បករមួយចំនួនក៏បាននឹងកំពុងធ្វើការងារដូចលោកផងដែរ ហើយលោកក៏បើកឱកាសសម្រាប់សិល្បករជាច្រើនទៀតដែលមានបំណងចូលរួមជាមួយលោកដើម្បីចូលរួមបង្កើនប្រាក់ចំណុលបន្ថែមពីការងារសិល្បៈ ។
លោកថាជោគជ័យលើការលក់ផលិតផលលោកទទួលបានតំណែងធំមួយនៅកម្ពុជា ហើយលោកទទួលបានការលើកទឹកចិត្តបន្ថែមពីលើប្រាក់ចំណូលនោះគឺដំណើរកម្សាន្តនៅបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក ដោយឆ្នាំនេះលោកនឹងគ្រោងចេញទៅកម្សាន្តនៅប្រទេស ម៉ាឡេស៊ី ឡាវ និងទីក្រុង ឌូបៃជាដើម។
លោកថាថ្មីៗនេះមានផលិតករទាក់ទងឲ្យលោកចូលរួមសម្តែងមិនក្រោម៥រឿងទេ ប៉ុន្តែដោយមិនមានពេលគ្រប់គ្រាន់ទើបមិនទទួល។ លោកថាមានតែការថតតិចតួចប៉ុណ្ណោះសម្រាប់ផលិតកម្ម LD និងផលិតកម្ម Town ដែលសូម្បីអាជីពជួយរថយន្តសម្រាប់ភ្ញៀវទេសចរណ៍ពីមុនក៏លោកផ្អាកផងដែរ។ បើទោះបីជាជោគជ័យខ្លាំងនឹងមុខជំនួញថ្មី ប៉ុន្តែលោកមិនមានគម្រោងបោះបង់ការងារសិល្បៈចោលទាំងស្រុងទេ គឺលោកនៅតែឆ្លៀតពេលសម្រាប់ការងារដែលលោកស្រលាញ់ដដែល៕ ដោយ វឌ្ឍនា