ភ្នំពេញ ៖ កម្មករសំណង់ប្រុសស្រីចំនួនជាង២០នាក់កេីតទុកមិនសុខចិត្តនាំផ្ទុះការតវ៉ានៅមុខហាងខារ៉ាអូខេចិនយីហោ ជីនជន ដែលស្ថិតនៅមុខព្រលានយន្តហោះពោធិ៍ចិនតុងតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ខណះសាងសង់ជិតរួចទៅហើយ ប៉ុន្តែមេការមិនព្រមបើកលុយអោយកម្មករ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨យប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២០។
តាមប្រភពពត៌មានពីកម្មករផ្នែកលាបថ្នាំបានអោយដឹងថា ហាងខារ៉ាអូខេចិន យីហោ ជីនជន កំពុងបើកបណ្តើរ និងកំពុងសាងសង់បណ្តើរ ហើយមេម៉ៅការជាជនជាតិចិនម្នាក់ជានាក់ដើរម៉ៅការតាមសំណង់ធំនានាបានដាក់អោយមេការចិនម៉ៅបន្ត ហើយឱ្យមេការខ្មែរម្នាក់ហៅកម្មករខ្មែរធ្វើការនៅទីតាំងខាងលើ បន្ទាប់មកផ្នែកកម្មករ និងផ្នែកលាបថ្នាំខាងលើ បានចូលធ្វើការអស់រយៈពេលជាង៣ខែរួចមកហើយ ។
តាមប្រភពដដែលបានបន្តទៀតថា ក្នុងរយៈពេល២ខែដំបូង ប្រាក់ខែ ឬប្រាក់ឈ្នួលបានអោយគ្រប់ លុះជាង១ខែចុងក្រោយ កាងារជិតរួចរាល់ទៅហើយ ពួកគាត់បានសុំបើកប្រាក់ខែ ឬប្រាក់ឈ្នួល ដោយមេការខ្មែរបាននិយាយប្រាប់ថា មេការធំមិនទាន់បើកអោយគាត់នៅឡើយទេ ។ លុះបន្ទាប់មកបានលេចឮដំណឹងថា មេការធំត្រូវបានម្ចាស់ហាង ខាងលើបើកលុយអោយរួចរាល់ទៅហើយ និងបានដឹងថា មេការធំខាងលើបើកលុយហើយរត់ទៅប្រទេសចិនបាត់ហើយ ទើបកម្មករនាំគ្នាតវ៉ាទាមទារអោយម្ចាស់ហាងចេញថ្លៃឈ្នួលអោយពួកគាត់ផង។
តាមប្រភពព័ត៌មានដដែលបានបន្តទៀតថា ខណៈពេលមានកម្មករដែលកំពុងតវ៉ា ភ្លាមៗនោះដែរក៏បានបង្កការភ្ញាក់ផ្អើលដល់អភិបាលខ័ណ្ឌរងបញ្ជាកំលាំងសន្តិសុខរបស់ សាលាខណ្ឌអោយមកជួយអន្តរាគមន៍ភ្លាមៗផងដែរ ដើម្បីកុំឱ្យប្រើអំពើហិង្សាដាក់គ្នា ។ បន្ទាប់មក លោកអភិបាលរងខណ្ឌពោធិ៍សែនជ័យ ចុះទៅដោះស្រាយជាមួយជនជាតិចិនក្នុងហាងខារ៉ាអូខេខាងលើ និងធ្វើកិច្ចសន្យាជួយចេញថ្លៃពលកម្ម អោយកម្មករជាង២០នាក់ខាងលើ ។
ក្រោយពេលកើតហេតុ លោកអភិបាលរងខណ្ឌពោធិ៍សែនជ័យ បានអោយភាគី តំណាងហាងខារ៉ាអូខេ និងកម្មករជាង២០នាក់ខាងលើ ដើម្បីដោះស្រាយគ្នានៅថ្ងៃទី៨ មករា ឆ្នាំ២០២០ វេលាម៉ោង១០ព្រឹក នៅសាលាខណ្ឌពោធិ៍សែនជ័យ ៕សុខាសែនជ័យ