នាយក្តឹបទុក្ខត្រួតលើទុក្ខបាត់បង់កូនប្រុសដោយគ្រោះថ្នាក់ចរាចរណ៍ គ្រាដែលគាត់ដេកឈឺលើកន្ទេលងើបមិនរួច

ចែករំលែក៖

ភ្នំពេញ៖ តារាកំប្លែងនាយក្តឹប កំពុងមានទុក្ខត្រួតលើទុក្ខ គ្រាដែលគាត់កំពុងមានជំងឺធ្ងន់ធ្ងរដេកតែលើកន្ទេល ហើយសង្ឃឹមលើកូនប្រុសម្នាក់រត់ឡំប្រឺតា(ម៉ូតូកង់៣ឥណ្ឌា)គ្រាន់បានប្រាក់តិចតួចចិញ្ចឹមគ្រួសារនិងទិញថ្នាំសង្កូវព្យាបាលជំងឺរបស់គាត់ តែពេលនេះនាយក្តឹបបានបង់កូនប្រុសជាទីស្រលាញ់ម្នាក់ ជាអ្នករត់ឡំប្រឺតាហើយដោយសារគ្រោះថ្នាក់ចរាចរណ៍ តើឲ្យគាត់សង្ឃឹមអីទៀត ។
ឧបទ្ទវហេតុនេះបានកើតមានឡើងនៅវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃ ពុធ ១៤ កើតខែ បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខជាតិលេខ៦ ត្រង់ចំណុចស្ពានទី១ ក្បែរវត្តខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បង្កឡើងរថយន្តម៉ាក នីសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AG-3961 បើកទៅបុកជនរងគ្រោះជាកូនបង្កើតរបស់តារាកំប្លែងនាយក្ដឹប ដែលកំពុងបើកបរឡំប្រឺតា(ម៉ូតូកង់បីឥណ្ឌា) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1HR-8111 ។
មន្ត្តី្រនគរបាលចរាចរខណ្ឌជ្រោយចង្វា បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿនស្រាប់តែ មកដល់ចំណុចខាងលើបានបុកឡំប្រឺតាពេញទំហឹង បណ្ដាលឲ្យការខូចខាត និងមនុស្សរងរបួសធ្ងន់ ប៉ុន្តែរថយន្តមិនទាន់អស់ល្បឿន បានបន្តទៅបុកផើងផ្កាប្រជាពលរដ្ឋបន្ថែម។

ប្រភពដដែលបានឲ្យដឹងទៀតថាក្នុង ករណីនេះជនរងគ្រោះត្រូវបានពលរដ្ឋក្បែរនោះ ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ តែអកុសលដោយសាររបួសធ្ងន់ធ្ងរពេកក៏ផុតដង្ហើមស្លាប់តាមផ្លូវហើយត្រូវក្រុមគ្រួសារដឹកមកផ្ទះធ្វើបុណ្យតាមប្រពៃណី ទាំងសោកសង្រេងបំផុត ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងខាងលើ ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

នាយក្តឹបបានពោលទាំងទឹកភ្នែកថា សព្វថ្ងៃនេះគាត់មានជំងឺប្រចាំកាយដេកលើកន្ទេលងើបសឹងមិនរួច មិនអាចមានលទ្ធភាពរកលុយចិញ្ចឹមគ្រួសារដូចមុនទៀតទេ។ ដោយសារអត់លទ្ធភាពចិញ្ចឹមគ្រួសារដូចពេលមុននេះហើយទើបគាត់សន្សំលុយបានតិចតួចទិញបានឡំប្រឺតាមួយគ្រឿងឲ្យកូនប្រុសម្នាក់(ជនរងគ្រោះ)រត់គ្រាន់បានប្រាក់ចិញ្ចឹមក្នុងគ្រួសារ ជាពិសេសគ្រាន់បានទិញថ្នាំព្យាបាលជំងឺរបស់គាត់ ។ តែពេលនេះគាត់បាត់បង់កូនដែលអាចជាបង្គោលក្នុងគ្រួសារទៅហើយ តើឲ្យគាត់សង្ឃឹមអីទៀត ?

នាយក្តឹបបានលើកដៃសំពះសំណូមពរឲ្យសមត្ថកិច្ចមានវិធានការណ៍តាមច្បាប់ចំពោះអ្នកបើកបររថយន្តបង្កឲ្យកូនប្រុសរបស់គាត់ស្លាប់ និងសំណូមពរសប្បុរសជនជួយគ្រួសារគាត់ផង ព្រោះពេលនេះគាត់កំពុងមានទុក្ខត្រួតលើទុក្ខ និងបាត់បង់អ្នកបង្គោលគ្រួសារហើយ ៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print