សហាវមែន.. កូនប្រុសលោករដ្ឋលេខាធិការ ក្រសួងកសិកម្ម នាំសាច់ញាតិជាក្រុមមកវ៉ៃជនរងគ្រោះដល់ថ្នាក់រៀន ប្រព្រឹត្តចំពោះមុខគ្រូៗ មិនញញើតច្បាប់

ចែករំលែក៖

ភ្នំពេញ៖ សម័យនេះទៅហើយ នៅមានក្រុមជនទំនើងកេណ្ឌប្រមូលគ្នាមកប្រព្រឹត្តបទល្មើស វ៉ៃប្រើហិង្សាគោលដៅចេតនាសម្លាប់ជនរងគ្រោះដល់ថ្នាក់ តែសំណាងដែរជនរងគ្រោះរួចផុតពីសេចក្តីស្លាប់ បន្ទាប់ពីមានការជួយរារាំងឃាត់ក្រុមជនបង្ក អោយបញ្ឈប់សកម្មភាព និងមានសំឡេងស្រែកយ៉ាងកងរំពងពីក្រុមនិស្សិតជាច្រើនអ្នក បានអន្តរាគមន៍អោយលោកគ្រូៗជួយ និងស្រែកអោយក្រុមជនបង្កបង្អាក់សកម្មភាព ទើបជនរងគ្រោះបានត្រឹមរងនូវកណ្តាប់ដៃពីជនបង្ក ជាដៃដល់ ឈ្មោះ នូច ចាន់ណារិទ្ធ និង ណី សៅសុវណ្ណ ដោយដាល់ចំគុម្ពត្រចៀក ចំក្តោងច្រមុះបែកឈាម ងងឹតមុខ ត្រូវមិត្តរួមសាលា ដឹកទៅកាន់មន្ទីរពេទ្យជួយសង្គ្រោះ។
អំពើដ៏ឃោឃៅជនដៃដល់ប្រព្រឹត្តជាក្រុមនេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៤៥នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅក្នុងបន្ទប់រៀននៃសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ។
ជនបង្កមានឈ្មោះ ណី សៅសុវណ្ណ ជាកូនបង្កើត លោក ណី លន់ រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ និងឈ្មោះ នូច ចាន់ណារិទ្ធ ត្រូវកូនក្មួយ និងជាបងជីដូនមួយ ណី សៅសុវណ្ណ ជាមួយនិងក្រុមគូកនចំនួន៣នាក់ទៀត។ រីឯជនរងគ្រោះឈ្មោះ ក្រាម សុីង ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៤ រៀនផ្នែកវេជ្ជសាស្ត្រសត្វ នៃសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង។
ជនរងគ្រោះឈ្មោះ ក្រាម សុីង បានប្រាប់អង្គភាព«នគរដ្រហ្គន» នៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ថា៖ មុនពេលកើតហេតុ ខ្លួនកំពុងនៅក្នុងថ្នាក់បន្ទប់ ៤VMB រៀនមុខវិជ្ជា វេជ្ជសាស្ត្របក្សី ដែលមានលោកគ្រូឈ្មោះ ធីម សុខា ជាអ្នកបង្រៀន លុះដល់ម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ស្រាប់តែឈ្មោះ នូច ចាន់ណារិទ្ធ ត្រូវជាបង ឈ្មោះ ណី សៅសុវណ្ណ នាំគ្នាចំនួន៣នាក់ទៀត សម្រុកចូលក្នុងបន្ទប់ថ្នាក់រៀនខាងលើ មកស្រែកសំឡុត និងធ្វើសកម្មភាពក្នុងចេតនាសម្លាប់ ប៉ុន្តែបានលោកគ្រូៗជួយរារាំង និងនិស្សិតរួមថ្នាក់ស្រែកខ្លាំងៗ ជនបង្កឈ្មោះ នូច ចាន់ណារិទ្ធ ,ណី សៅសុវណ្ណ និងបក្ខពួក៣នាក់ទៀត បញ្ឈប់សកម្មភាព ហើយខ្លួនរងនូវកណ្តាប់ដៃជនបង្ក ដាល់ត្រូវចំគុម្ពត្រចៀក និងក្តោងច្រមុះបែកហូរឈាម បានមិត្តរួមថ្នាក់ដឹកទៅកាន់មន្ទីរពេទ្យ។ ដោយឡែកក្រុមជនបង្កត្រូវខាងគណៈគ្រប់គ្រងសាលា ហៅមកសាកសួរបានមួយដង្ហើមចង្រិត នៅការិយាល័យសិក្សា ក៏អោយក្រុមជនបង្កត្រឡប់ទៅផ្ទះវិញ ដោយមិនបានប្រគល់ជនបង្ក ឬហៅសមត្ថកិច្ចជាមន្ត្រីនគរបាលយុត្តិធម៍នៅជិតនោះ ឃាត់ខ្លួនក្រុមជនបង្កហេតុយកទៅសាកសួរតាមនីតិវិធីនោះឡើយ។ ករណីនេះគេសង្ស័យថា៖ លោកគ្រូៗ គណៈគ្រប់គ្រងសាលាមិនផ្តល់ក្រុមជនបង្កអោយសមត្ថកិច្ចចាត់ការបន្ត នៃការប្រព្រឹត្តបទល្មើសជាក់ស្តែងនេះ ដោយហេតុផល ជនដៃដល់ជាកូន លោករដ្ឋលេខាធិការ ណី លន់ និងខ្លះទៀតជាក្មួយ ហើយគូកន៣នាក់ទៀតជាអង្គរ័ក្ស។
ពាក់ព័ន្ធករណីនេះ អង្គភាព «នគរដ្រេហ្គន» មិនបានសុំការបកស្រាយពី លោក ង៉ោ ប៊ុនថាន សាកលវិទ្យាធិការ នៃសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង បានទេនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះ ដោយគ្មានលេខទូរស័ព្ទ។ ដោយឡែក លោក ណី លន់ រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានប្រាប់អង្គភាព «នគរដ្រេហ្គន»តាមទូរស័ព្ទយ៉ាងដូច្នេះថា៖ តាមពិតឈ្មោះ ណី សៅសុវណ្ណ នោះជាកូនខ្ញុំមែន គ្នាមិនបានវ៉ៃជនរងគ្រោះទេ គឺបងវាឈ្មោះ នូច ចាន់ណារិទ្ធ ជាអ្នកបង្កហេតុ ដោយសារវាខឹងជំនួសប្អូនក៏កើតទៅជារឿង។ លោករដ្ឋលេខាធិការបានបន្តថា៖ ធ្វើបែបនេះមិនត្រូវទេ ទោះជាជនរងគ្រោះឆាតសំឡេងគម្រាមក៏ដោយ ក៏គេមិនទាន់បានប្រព្រឹត្ត ហើយក៏គ្មានការសងសឹកវ៉ៃគេនោះដែរ ខ្ញុំពិតជាសោកស្តាយអ្វីដែលក្មេងៗគាត់គិតខ្លី បង្កជាជម្លោះប៉ៈពាល់ធ្ងន់ធ្ងរណាស់គ្រួសារ និងសង្គម ដូច្នេះហើយខ្ញុំមិនទទួលយកបានទេនូវអំពើខុសច្បាប់។ លោក ណី លី រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានបញ្ជាក់ថា៖ រឿងនេះទុកអោយខាងសាលាគេធ្វើការចុះ ហើយខ្ញុំក៏ចង់អោយការសម្របសម្រួលគ្នាដ៏ល្អនិងគ្នាដើម្បីបញ្ចប់រឿង។
ជនរងគ្រោះឈ្មោះ ក្រាម សុីង បានបញ្ជាក់ថា៖ ក្រោយកើតហេតុខ្លួនបានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធខណ្ឌដង្កោ ប៉ុន្តែពុំដឹងថាសមត្ថកិច្ចឈានដល់ឃាត់ខ្លួនក្រុមជនសង្ស័យនេះដែរឬមួយយ៉ាងណា ។
ក្នុងករណីនេះ អង្គភាព «នគរដ្រេហ្គន»មិនអាចទាក់ទងសុំការបំភ្លឺបានទេពីលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធខណ្ឌដង្កោ នៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ដោយទូរស័ព្ទចូលគ្មានអ្នកទទទួល។
សូមបញ្ជាក់ថា៖ សកម្មភាពដែលប្រព្រឹត្តបង្កឡើងដោយក្រុមកូនលោក រដ្ឋលេខាធិការក្រសួងកសិកម្ម ណី លី ជាបទល្មើសជាក់ស្តែង គឺមន្ត្រីនគរបាលយុត្តិធម៍មានសិទ្ធឃាត់ខ្លួនក្រុមជនបង្កបានក្នុងរយៈពេល៧ថ្ងៃ តាមរយៈការទទួលពាក្យបណ្តឹង ពីជនរងគ្រោះ និងចុៈធ្វើកំណត់ហេតុស្តាប់ចម្លើយលោកគ្រូក្នុងថ្នាក់ និស្សិត គណៈគ្រប់គ្រងសាលា, សាក្សីកន្លែងកើតហេតុ។
ក្រុមនិស្សិតបានលើកឡើងថា៖ ការអនុវត្តច្បាប់គួរកុំសំដៅលើបញ្ហាខ្លាចរអា ចំពោះកូនអ្នកធំ កូនអ្នកមានអី ប្រទេសយើងគ្រប់គ្រងដោយច្បាប់ ដូច្នេះអ្នកប្រព្រឹត្តបទល្មើសត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ដូចករណីក្រុមជនបង្ក នាំគ្នាទាំងហ្វូងចូលមកវ៉ៃជនរងគ្រោះដល់បន្ទប់ថ្នាករៀន ចេតនាសម្លាប់ ជាអំពើដ៏ឃោឃៅបំផុតដែលសង្គមមួយនេះមិនអាចទទួលយកបាន ។ ម្យ៉ាងទៀតក្រុមជនបង្កគាត់បង្ហាញពីចរិកគឃ្លើនច្បាប់ វ៉ៃជនបង្កហើយ នៅទីនោះដោយចរិកក្រអើតក្រទម សូម្បីតែខាងគណៈគ្រប់គ្រងសាលាហៅពួកគេទៅសាកសួរ គឺពួកគេមិនញញើតនិងច្បាប់ ដោយសារយកឥទ្ធិពលអំណាចឪពុកជារដ្ឋលេខាធិការ ហ៊ានធ្វើអ្វីៗបំពាន និងបាត់បង់នូវសេចក្តីថ្លៃថ្នូ សីលធម៍ ក្នុងសង្គមដ៏ធ្ងន់ធ្ងរ។
ជនរងគ្រោះឈ្មោះ ក្រាម សុីង នៅតែបន្តការភ័យព្រួយពីសុវត្ថិភាពផ្ទាល់ខ្លួន ខណៈជនបង្កលើកគ្នាជាក្រុមមកប្រព្រឹត្តបទល្មើសជាក់ស្តែងហើយ តែគ្មានចំណាត់ការពីគណៈគ្រប់គ្រងសាលា និងសមត្ថកិច្ច អាចនឹងមានសកម្មភាពដ៏សហាវនេះ ប៉ុនប៉ងធ្វើឃាតលើរូបគេទៀត។ ជនរងគ្រោះបន្តថា៖ ខ្លួនមានកំហុសដែរ ដោយសារមុនពេលកើតហេតុបានវ៉យសំឡេងគម្រាមឈ្មោះ ណី សៅសុវណ្ណ ទើបឈ្មោះ នូច ចាន់ណារិទ្ធ ហៅបក្ខពួកមកចេតនាវ៉ៃសម្លាប់ខ្លួន តែមានលោកគ្រូៗ និងនិស្សុិតជាច្រើនស្រែកខ្លាំងៗ ទើបក្រុមជនបង្កបង្អាក់សកម្មភាព ខ្លួនក៏រួចផុតពីគ្រោះថ្នាក់ដល់ជីវិត៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print