ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍បឹងព្រលឹតឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន២នាក់ ក្នុងចំណោម ៥នាក់ពាក់ព័ន្ធករណី ប្រើហឹង្សា កំហែងយក គំរាមសម្លាប់ និងប្លន់ជនជាតិចិនដូចគ្នា ប្រតិបត្តិការឃាត់ខ្លួននេះធ្វើឡើងកាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះHong Leang ជនជាតិចិន និងទី២ឈ្មោះ Mr Pan ជនជាតិចិន។ចំណែកជនរងគ្រោះមានឈ្មោះ ZHOU CHAOJAIANG ភេទប្រុស ជនជាតិចិន។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ កន្លងទៅក្រុមជនសង្ស័យមានគ្នា ៥នាក់បានយកកាំបិតទៅគំរាម និងវាយតប់លើជនរងគ្រោះ ដើម្បីកំហែងយកប្រាក់ និងសម្ភារជាច្រើនទៀត រួមទាំងបង្ខំឲ្យចុះហត្ថលេខាលើកិច្ចសន្យាប្រគល់សណ្ឋាគារ សៅអាស៊ី វីយូ ឲ្យពួកគេ។
ករណីនេះកើតហេតុនៅចំណុចសណ្ឋាគារ សៅអាស៊ី វីយូស្ថិតនៅផ្ទះលេខ៥៣ ផ្លូវលេខ១១៣ សង្កាត់បឹងព្រលឹតខណ្ឌ៧មករា រាជធានីភ្នំពេញ។
បច្ចុប្បន្ន សមត្ថកិច្ចប៉ុស្តិ៍បឹងព្រលឹត កំពុងសាកសួរជនរងគ្រោះ និងជនសង្ស័យ ដើម្បីធ្វើកំណត់ហេតុបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ
...