ភ្នំពេញ៖ ដើមឆ្នាំថ្មីឆ្នាំ២០២០ភ្លាម តារាសម្ដែងកូនកាត់ខ្មែរ-អាល្លឺម៉ង់ កញ្ញា ម៉ៃយ៉ា បានក្រសោបជាអ្នកតំណាងផលិតផលសាប៊ូកក់សក់ដ៏ល្បីឈ្មោះមួយម៉ាក កូឡាទីន ដែលជាផលិតផលនាំចូលមកពីប្រទេសអ៊ីតាលី តាមរយៈក្រុមហ៊ុន TRE។
តារាសម្ដែង និងជាពិធីការិនីល្បីឈ្មោះ ម៉ៃយ៉ា បានថ្លែងឲ្យដឹង នៅក្នុងពិធីប្រកាសជាអ្នកតំណាងផលិតផល នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នេះថា នាងពិតជាសប្បាយចិត្ត នៅពេលដែលក្រុមហ៊ុន ចាប់អារម្មណ៍លើរូបនាង ហើយយកនាងធ្វើជាអ្នកតំណាង។ ជាការពិតសុខភាព និងសម្រស់ គឺជាអ្វីដែលស្ត្រីគ្រប់រូបត្រូវការ ហើយនាងគឺជាមនុស្សស្រឡាញ់សក់បំផុត មុននឹងបានសក់ប្រវែងនេះ គឺនាងប្រឹងប្រែងថែរក្សា និងប្រើផលិតផលល្អៗជាច្រើន។ម៉ៃយ៉ា បន្ថែមថា សម្រាប់កិច្ចសន្យា ជាអ្នកតំណាងផលិតផលខាងលើនេះ គឺមានរយៈពេលមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំក្រោយៗទៀត នាងនឹងពិភាក្សាជាមួយម្ចាស់ក្រុមហ៊ុន ដើម្បីបន្ត ឬបញ្ចប់។ អ្វីដែលនាងទទួលបាន ពីការងារនេះ គឺមិនបានប៉ះពាល់ដល់អាជីពសិល្បៈរបស់នាងឡើយ ទោះបីជាមមាញឹកខ្លាំង ក្នុងរដូវនេះក្ដី។
តារាល្បីឈ្មោះរូបនេះបញ្ជាក់ថា”នេះក៏ជាបទពិសោធន៍ដ៏ពិសេសមួយ សំរាប់រូបខ្ញុំផ្ទាល់ដែលខ្ញុំមានឱកាសមកចែករំលែក ពីបទពិសោធន៍នៃការប្រើប្រាស់ផ្ទាល់ និងលទ្ធផលដែលខ្ញុំទទួលបានតាំងពីមុន និង ក្រោយពេលដែលខ្ញុំទទួលបានការងារ ជាទូតសុឆន្ទៈនេះ”។
ដោយឡែកអ្នកស្រី តែ ស៊ូអេង អគ្គនាយិការក្រុមហ៊ុន ធីអអ៊ី បានថ្លែងថា មូលហេតុដែលអ្នកស្រីជ្រើសរើសកញ្ញា ម៉ៃយ៉ា ធ្វើជាអ្នកតំណាង គឺដោយសារតែអ្នកស្រីមើលឃើញពីសមត្ថភាព គួបផ្សំជាមួយនឹងសម្រស់ដ៏ស្រស់របស់នាង ពោលគឺស័ក្តិសមជាមួយនឹងផលិតផលសាប៊ូកក់សក់នេះតែម្ដង។ក្រៅតែពីក្លាយជាទូតសុឆន្ទៈរបស់ផលិតផលសាប៊ូ កូឡាទីន តារាសម្ដែងល្បីឈ្មោះ ម៉ៃយ៉ា ក៏កំពុងមមាញឹកខ្លាំងផងដែរជាមួយការងារជាពិធីការិនី និងការថតភាពយន្តជាដើមទាំងរឿងភាគ និងរឿងដុំសម្រាប់ឆ្នាំ២០២០នេះ៕
ដោយ វឌ្ឍនា