រដ្ឋសភាជប៉ុនអះអាងថា កំពុងខិតខំប្រឹងប្រែងចាត់វិធានការ ដើម្បីទទួលយកកម្លាំងកម្មសិក្សាការីរបស់កម្ពុជាទៅបំរើការងារនៅក្នុងប្រទេសជប៉ុន

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ លោក អ៊ីម៉ាម៉ឹរ៉ាក់ ម៉ាសាហ៊ីរ៉ុ សមាជិករដ្ឋសភា និងជាប្រធានសម្ព័ន្ធមិត្តភាព សភាជប៉ុន-កម្ពុជា បានអះអាងថា ប្រទេសជប៉ុនកំពុងខិតខំប្រឹងប្រែងចាត់វិធានការ ដើម្បីទទួលយកកម្លាំងពលកម្ម កម្លាំងកម្មសិក្សាការីរបស់កម្ពុជាទៅបំរើការងារនៅក្នុងប្រទេសជប៉ុន ។

លោក អ៊ីម៉ាម៉ឹរ៉ាក់ ម៉ាសាហ៊ីរ៉ុ សមាជិករដ្ឋសភា និងជាប្រធានសម្ព័ន្ធមិត្តភាព សភាជប៉ុន-កម្ពុជា បានបញ្ជាក់ក្នុងជំនួបជាមួយសម្តេច នៅវិមានព្រឹទ្ធសភាយ៉ាងដូច្នះថា « បច្ចុប្បន្ននេះប្រទេសជប៉ុនកំពុងតែខិតខំប្រឹងប្រែងចាត់វិធានការណ៍ ដើម្បីទទួលកម្លាំងពលកម្ម កម្លាំងកម្មសិក្សាការី បច្ចេកទេសរបស់ប្រទេសកម្ពុជាឱ្យមកធ្វើការនៅប្រទេសជប៉ុន ។

លោក អ៊ីម៉ាម៉ឹរ៉ាក់ ម៉ាសាហ៊ីរ៉ុបន្តថា តាមរយៈកម្មសិក្សាការីបច្ចេកទេសទាំងអស់នេះសង្ឃឹមថា នឹងទទួលចំណេះដឹងជាច្រើនអំពីបចេ្ចកទេសវិជ្ជាជីវៈ របៀបគ្រប់គ្រងក្រុមហ៊ុនការងារ ហើយនៅថ្ងៃអនាគត ពេលត្រឡប់ទៅប្រទេសកម្ពុជាវិញនឹងយកជំនាញទាំងអស់នេះទៅជួយអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត ។

ជាមួយគ្នានោះដែរ លោកទូតក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការវាងប្រជាជន និងប្រទេសទាំងពីរដែលត្រូវបានពង្រឹងពង្រីកកាន់តែខ្លាំងខ្លាថែមទៀត ។ លោកបានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាថា ឆ្នាំនេះ គឺជាខួប២០ឆ្នាំនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីជប៉ុន នៅព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ២០០០មក ។

លោកបានសម្តែងនូវសេចក្តីរីករាយដែលបានមកបំពេញទស្សនកិច្ចលើកទី១ នៅព្រះរាជាណាចក្រកម្ពុជា ដោយមើលឃើញថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានការរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ ។

ទាំងអស់នេះដោយសារតែប្រទេសកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយដែលជាកត្តាសំខាន់បង្កឱ្យមានការរីកចម្រើនសេដ្ឋកិច្ច ក្នុងនោះប្រទេសជប៉ុន សូមបន្តអបអរសាទរចំពោះការរីកចម្រើន និងអភិវឌ្ឍប្រទេសកម្ពុជា ។ ចំណែកសម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏ល្អប្រពៃរបស់ឯកឧត្តម អ៊ីម៉ាម៉ឹរ៉ាក់ ម៉ាសាហ៊ីរ៉ុ ដែលបានថ្លែងសរសើរអំពីការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ ។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីរីករាយ និងពេញចិត្តជាខ្លាំង ដោយមើលឃើញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានតម្លើងកម្រិតទំនាក់ទំនងកម្ពុជា-ជប៉ុន មានការីកចម្រើនឥតឈប់ឈរ ហើយបានត្រូវបានលើកម្ពស់ឱ្យទៅជាកិច្ចសហប្របតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ នាពេលបច្ចុប្បន្ន នេះ។

តាមរយៈនៃកិច្ចសហប្រតិបត្តិការថ្មីនេះរដ្ឋាភិបាលនៃប្រទេសទាំងពីរកាន់តែទទួលបាននូវវឌ្ឍនភាពថ្មីៗជាច្រើនលើគ្រប់វិស័យរួមមាន ៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគទេសចរណ៍ ការចងសម្ព័ន្ធ មេត្រី ភាពរវាងខេត្ត ក្រុង ការផ្លាស់ប្តូរដ៏ទូលំទូលាយរវាងប្រជាជន និងប្រជាជន និងការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការលើឆាកអន្តរជាតិ ។ សម្តេចប្រធានព្រឹទ្ធសភាបានជម្រាបជូនគណៈប្រតិភូអំពីការរីកចម្រើនរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ កំណើតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាសម្រេចបាន៧,១% ចំណូលសម្រាប់ប្រជាជនម្នាក់ៗប្រចាំឆ្នាំបានកើនឡើងដល់១.៩៧៩ដុល្លារសហរដ្ឋអាមេរិក អតិផរណា ស្ថិតនៅក្នុងកម្រិត២,៣% ហើយតម្លៃប្រាក់រៀលមានស្ថិរភាព អត្រាភាពក្រីក្របានត្រូវកាត់បន្ថយនៅក្រោម១០% ប្រទេសកម្ពុជាបានក្លាយជាប្រទេសដែលចំណូលមធ្យមកម្រិតទាប ហើយកំពុងតែខិតខំសម្រេចចក្ខុវិស័យ ដើម្បីឱ្យក្លាយទៅជាប្រទេសដែលចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

សម្តេចប្រធានព្រឹទ្ធសភាបានអបអរសាទរការបើកសករាជថ្មី «រ៉េវ៉ា» របស់ជប៉ុនកាលពីខែមេសា ឆ្នាំ២០១៩ ដែលមានន័យថា សន្តិភាព និងភាពសុខដុម ។ សម្តេចមានជំនឿជាក់ថា ប្រទេសជប៉ុន និងប្រជាជនជប៉ុននឹងបន្តរីកចម្រើនប្រកបដោយវឌ្ឍនភាព និងវិបុលភាពខ្លាំងក្លាថែមទៀតនៅក្នុងសករាជថ្មីនេះ ។ សម្តេចប្រធានព្រឹទ្ធសភាបានស្នើគណៈប្រតិភូជួយផ្សព្វផ្សាយ និងលើកទឹកចិត្តអ្នកវិនិយោគ និងអ្នកទេសចរជប៉ុនមកបណ្តាក់ទុនវិនិយោគ និងធ្វើទេសចរណ៍ឱ្យកាន់តែច្រើនបន្ថែមទៀតនៅកម្ពុជា ។ សម្តេចក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុនដែលបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្តីពីកិច្ចសហប្រតិបតិ្តការបញ្ជូនពលករជំនាញទៅធ្វើការនៅប្រទេសជប៉ុន ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print