ភ្នំពេញ៖ វិស័យសិល្បៈចម្រៀងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ពិសេសលើបណ្តាញសង្គមហ្វេសប៊ុក។ តាមទិន្នន័យដែលប្រមូលបានដោយវិបសាយ kworb.net គេឃើញថាមានវីដេអូចម្រៀងចំនួន ១០ ដែលប្រើប្រាស់ YouTube នៅកម្ពុជាបានចូលទៅទស្សនាច្រើនជាងគេ គិតក្នុងរយៈពេល១សប្តាហ៍ដើមឆ្នាំនេះ។
តាមស្ថិតិនេះ បានបង្ហាញថា បទចម្រៀង១០នៅក្នុងចំណោម២០បទ ដែលមានក្នុងតារាងដើមរបស់គេហទំព័របរទេសខាងលើ ឃើញថា មានបទចម្រៀងខ្មែរចំនូន ៧ និងបទបរទេសចំនួន ៣បទ បានជាប់ក្នុងបញ្ជីបទចម្រៀងដែលមានអ្នកចុចចូលស្ដាប់ និងទស្សនាច្រើនជាងគេនៅកម្ពុជា គិតត្រឹមរយៈពេលដូចខាងលើ។ អ្វីដែលគេចាប់អារម្មណ៍ផងដែរនោះ ក្នុងបញ្ជីចម្រៀងទាំង១០បទដែលមានអ្នកមើលច្រើនជាងគេ នៅដើម២០២០ មានបទចម្រៀង របស់ សីម៉ារហូតដល់ទៅ៣បទ ដែលរុញភាពល្បីល្បាញឲ្យតារាស្រីវ័យក្មេងនេះក្លាយជាតារាលំដាប់ជួរមុខមួយនាពេលបច្ចុប្បន្ន។
របាយការណ៍មួយចេញដោយគេហទំព័របរទេស បានធ្វើការវាយតម្លៃពីបទចម្រៀង១០ដែលមានអ្នកចុចចូលមើល និងស្ដាប់ច្រើនជាងគេនៅកម្ពុជាគិតត្រឹមដើមឆ្នាំ២០២០ ដោយក្នុងនោះ គ្រាន់តែផលិតកម្ម Galaxy Navatra មួយវ៉ៃដាច់ ៤បទ ហើយបទចម្រៀង របស់តារាចម្រៀង តន់ ច័ន្ទសីម៉ា មានរហូតដល់ពី៣បទតែឯង។ចំណុចគួរចាប់អារម្មណ៍ ក្នុងចំណោមបទចម្រៀងខ្មែរទាំង ៧បទ ដែលមានអ្នកចូលមើលលើ Youtube នេះ គឺមាន ៤បទ ជាបទរបស់ផលិតកម្ម Galaxy Navatra គឺ មាន៣បទជាបទរបស់តារាចម្រៀងស្រីវ័យក្មេង តន់ ច័ន្ទសីម៉ា និងមួយបទទៀតជាបទរបស់តារាចម្រៀងស្រីវ័យក្មេងដូចគ្នា គឺកញ្ញា អ៊ុក សុវណ្ណារី។ទាំង៣បទរបស់ សីម៉ា នេះមាន បទ “ឡានស៊ីរ៉ែន” មានអ្នកចូលទស្សនាជិត១លានដង។
បទ “យល់ច្រឡំថាគេស្រឡាញ់យើង” ស្ថិតនៅចំណាត់ថ្នាក់លេខ៣ មានអ្នកចូលមើល និងស្ដាប់ចំនួន ជិត៦,៥សែនដង។ បទចម្រៀងរបស់ តន់ ច័ន្ទសីម៉ា ដែរ ស្ថិតក្នុងចំណាត់លេខ៦ គឺបទ “គេនោះជាស្រីកាប់ដាវ” និពន្ធដោយឧកញ៉ា ឡេង ណាវ៉ាត្រា ដែរនោះមានអ្នកចូលមើល និងស្ដាប់ចំនួន ជិត៤សែនដង។
ខណៈបទ “ខ្ញុំក្លាយជាអ្នកជំងឺស្នេហា” របស់ អ៊ុក សុវណ្ណារី ស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ មានអ្នកចូលមើល និងស្ដាប់ចំនួន ជាង៤សែន ដង។ លោក យឹម តាស្រង់ អ្នកចាត់ការទូទៅផលិតកម្ម Galaxy Navatra បានភ្ញាក់ផ្អើលនឹងរបាយការណ៍ចេញដោយគេហទំព័របរទេសខាងលើ។តាស្រង់ បានលើកឡើងថា មិនដឹងច្បាស់ពីនិតិវិធីនៃការចាត់ចំណាក់ខាងលើឡើយ។ តែយ៉ាងណា លោកពិតជារីករាយ និងមោទកភាពណាស់ចំពោះលទ្ធផលនេះ វានឹងធ្វើឲ្យលោក និងតារាចម្រៀងផលិតកម្ម កាន់តែមានទឹកចិត្តក្នុងការបន្តពុះពារក្នុងសិល្បៈតន្ត្រីកំដរអារម្មណ៍របស់ពុកម៉ែបងប្អូនមួយនេះបន្តទៀត។
គួរបញ្ជាក់ដែរថា វីដេអូចម្រៀងទាំង ១០ មានទាំងជាភាសាខ្មែរ និងភាសាអង់គ្លេស បទចម្រៀងទាំងនោះមានដូចជាទី១បទ” ព្រោះតែអូន”របស់ Jay Chan មានចំនួនទស្សនា ជិត១លានដង។ ទី២បទ “ឡានសារ៉ែន”របស់ តន់ ចន្ទសីម៉ា មានចំនួនទស្សនា ជិត៩សែនដង។ ទី៣បទយល់ច្រឡំថាគេស្រឡាញ់យើង របស់ តន់ ចន្ទសីម៉ា មានចំនួនទស្សនា ជាង៦,៥សែនដង។ទី៤ បទ”HOT BOY”របស់ តារាចម្រៀង VANNDA មានចំនួនទស្សនា ជិត៥សែនដង។ ទី៥ គឺបទ”ខ្ញុំក្លាយជាអ្នកជំងឺស្នេហា” របស់កុមារី អ៊ុក សុវណ្ណារី មានចំនួនទស្សនា ជាង៤សែនដង។ទី៦បទ”គេនោះជាស្រីកាប់ដាវ “របស់កញ្ញា តន់ ចន្ទសីម៉ាមានចំនួនទស្សនា ជិត៤សែនដង។ ទី៧បទ DANCE MONKEY របស់តារាចម្រៀងTones and I មានចំនួនទស្សនា ជាង៣,៦សែន ដង។ ទី៨បទ” J+O”របស់អ្នកចម្រៀង VannDa ជាង២,៧សែនដង។ ទី៩បទ”Yummy “ របស់តារាចម្រៀងJustin Bieber មានចំនួនទស្សនា ជាង២,៦សែនដង និងទី១០បទ”Can We Kiss Forever?”របស់ Kina ដែល មានចំនួនទស្សនា ជិត២,៥សែន ដង៕ ដោយ វឌ្ឍនា