សមាជិកក្រុមប្រឹក្សាឃុំ និងមេភូមិដាក់ពាក្យប្តឹងមេឃុំចុងជាចខេត្តត្បូងឃ្មុំ សុំឲ្យផ្លាស់ចេញពីតំណែង

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ សមាជិកក្រុមប្រឹក្សាឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ រួមជាមួយនឹងមេភូមិអនុភូមិប្រមាណ១៩នាក់ បានធ្វើលិខិតសំណូមពរឱ្យលោកអភិបាលស្រុកតំបែរ ផ្លាស់ប្តូតំណែងមេឃុំចុងជាចចេញពីតំណែង ដោយអះអាងថា មេឃុំរូបនោះបានបង្កើតកំហុសឆ្គងជាច្រើននាពេលកន្លងមក ធ្វើឲ្យមន្ត្រីពិបាករួមកិច្ចការជាមួយគ្នា។

យោងតាមពាក្យបណ្តឹងដាក់ជូនអភិបាលស្រុករបស់សមាជិកក្រុមប្រឹក្សានិងមេភូមិបានសរសេរថា ពួកគាត់ទាំងអស់គ្នា ស្នើសុំឲ្យផ្លាស់ប្តូរមេឃុំចុងជាច លោក កាំង វ៉ាន់ឌី។ នៅក្នុងពាក្យបណ្តឹងក្រុមសមាជិកក្រុមប្រឹក្សា និងមេបានបញ្ជាក់ទៀតថា «យោងតាមការលំបាករបស់យើងខ្ញុំទាំងអស់គ្នាកន្លងមក ដែលលោកមេឃុំរូបនេះ បានធ្វើខុសម្តងហើយម្តងទៀត ពុំបានធ្វើការកែប្រែតាមការស្នើសុំរបស់ថ្នាក់ដឹកនាំឡើយដូចជា៖

-ទី១ ៖ ធ្វើការស្តីបន្ទោសថ្នាក់ក្រោមដោយគំរាមដកចេញពីតំណែងក្រុមប្រឹក្សាឃុំ មេភូមិ សមាជិកភូមិ ស្មៀនឃុំ គ្រូមតេយ្យសហគមន៍ជាដើម

-ទី២ ៖ និយាយទំលាក់កំហុសឲ្យមន្ត្រីក្រោមឱវាទ រាយការណ៍ទៅថ្នាក់លើ

-ទី៣ ៖ ធ្វើឲ្យប៉ះពាល់សតិអារម្មណ៍របស់ពលរដ្ឋ ដោយមានការកៀបសង្កត់ កូសរុស យកលុយពីពលរដ្ឋដែលមកទទួលសេវាផ្សេងៗ

-ទី៤ ៖ បំផុសបំផុល និងរារាំងការកសាងសមិទ្ធិផលនានាតាមភូមិ។ ជាក់ស្តែង ដូចភូមិជាចកើត មានរបាយការណ៍មេភូមិស្រាប់ និងការងារជាច្រើនទៀតដែលយើងខ្ញុំភ្ជាប់ របាយការណ៍មកជាមួយស្រាប់»។

ពាក្យបណ្តឹងបានបន្តទៀតថា «ប្រសិនបើបុគ្គលរូបនេះ នៅតែដឹកនាំធ្វើជាមេឃុំទៀត យើងខ្ញុំទាំងអស់គ្នាសុខចិត្តលាឈប់ពីតំណែងទាំងអស់គ្នា»។

ទាក់ទិនទៅនឹងករណីខាងលើនេះនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ អភិបាលស្រុកតំបែរលោក សុខ សារិទ្ធិ បានថ្លែងថា ក្រោយពីបានទទួលពាក្យស្នើសុំនោះ លោកបានចាត់គណៈកម្មការធ្វើការចុះស៊ើបអង្កេតលើបញ្ហានេះ។

លោកអភិបាលស្រុក បានបញ្ជាក់ថា «រហូតមកដល់ពេលនេះ ជាលទ្ធផលគណៈកម្មការស៊ើបអង្កេត រកឃើញបញ្ហាប្រហាក់ប្រហែលខ្លឹមសារស្នើសុំនោះដែរ ហើយបញ្ហានេះខាងអាជ្ញាធរស្រុក បានកសាងឯកសារបញ្ជូនទៅថ្នាក់ខេត្តរួចរាល់ហើយដែរ។ ដោយឡែក ចំពោះថ្នាក់ខេត្តសម្រេចយ៉ាងណានោះ ខាងអាជ្ញាធរស្រុកមិនទាន់បានដឹងនៅឡើយទេ» ៕ ដោយ  ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print