ទីតាំងនានារបស់អាមេរិកនៅមជ្ឈិមបូព៌ាមិនមានសុវត្ថិភាពឡើយ ក្រោយការសម្លាប់មេទ័ពអ៊ីរ៉ង់

ចែករំលែក៖

សហរដ្ឋអាមេរិក៖ ទីតាំងនានារបស់អាមេរិក នៅមជ្ឈិមបូព៌ា ក្នុងនោះមានទីតាំងយោធា ស្ថានទូត ស្ថិតនៅក្នុងគោលដៅវាយប្រហារពីក្រុមឧទ្ទាមស្និទជាមួយអ៊ីរ៉ង់ ។ ក្រោយការស្លាប់មេទ័ព អ៊ីរ៉ង់លោក Soleimnai ក្រុមឧទ្ទាម ប្តេជ្ញា បើកការវាយប្រហារទីតាំងអាមេរិកតាមបែបផ្សេងៗគ្នា។
ជាមួយគ្នានេះដែរ មេបញ្ជាការកងអង្គភាពពិសេស Quds Force ថ្មី របស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ លោក អ៊ីស្មែល កាអានី (Esmail Qaani) បាននិយាយថា សហរដ្ឋអាមេរិកបានសម្លាប់លោក Qassem Soleimani តាមបែប «មនុស្សកំសាកញី» ហើយសន្យាថា នឹងសងសឹកឱ្យវិញ្ញាណក្ខន្ធ អតីតមេបញ្ជាការកងអង្គភាពពិសេសមួយនេះ វិញតាមបែប «កូនប្រុស»។
លោក Esmail Qaani ធ្វើការកត់សម្គាល់ខាងលើ នៅថ្ងៃចន្ទសប្ដាហ៍នេះនៅឯពិធីបង្ហាញខ្លួន នៅចំពោះមុខក្រុមមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍ (IRGC) ដើម្បីចូលកាន់តំណែងជាផ្លូវការ។ ថ្លែងនាឱកាសនោះ លោក Qaani បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកបានសម្លាប់លោក Soleimani ដោយប្រើប្រាស់វិធីរបស់មនុស្សកំសាកញី… ប៉ុន្តែដោយមានការប្រទានពរពីព្រះជាម្ចាស់ យើងសន្យាថា នឹងសងសឹកចំពោះសត្រូវដែលបានសម្លាប់លោក Soleimani តាមបែបមនុស្សប្រុសពិតៗ»។
គួរជម្រាបថា លោក Qassem Soleimani ដែលជាអតីតមេបញ្ជាការកងអង្គភាពពិសេស Quds ត្រូវបានយន្ដហោះដ្រូនអាមេរិកសម្លាប់នៅក្នុងទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់ កាលពីថ្ងៃទី០៣ ខែមករាកន្លងទៅ ហើយភ្លាមៗក្រោយមរណភាពរបស់លោក លោក Esmail Qaani ជាមេបញ្ជាការរងត្រូវបានមេដឹកនាំកំពូលអ៉ីរ៉ង់ តែងតាំងជាមេបញ្ជាការអង្គភាព Quds ថ្មី។ លោក Qaani គឺជាមនុស្សម្នាក់ស្មោះស្ម័គ្រនឹងលោក Soleimani ហើយក៏ត្រូវបានគេជឿជាក់ដែរថា លោកនឹងបន្តដើរតាមជំហាន នៃអតីតមេបញ្ជាការអ៉ីរ៉ង់រូបនេះ។
កាលពីថ្ងៃទី ២០ខែមករា រ៉ុក្កែត៣គ្រាប់ មិនដឹងហោះមកពីណាឡើយ ហើយធ្លាក់ នៅតំបន់ «បៃតង»ក្បែរស្ថានទូតអាមេរិក ក្នុងរដ្ឋធានីបាតដាត ប្រទេសអ៊ីរ៉ាក់។ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ស្តីពីការស្លាប់និងរងរបួសនោះឡើយ ។
សារព័ត៌មាន AFP បានផ្សាយថា សារ៉ែនប្រកាសអាសន្ន នៅតំបន់«បៃតង» បានបន្លឺឡើង ក្រោយការវាយប្រហារកើតឡើង ។ កន្លងមកអាមេរិកធ្លាប់បានចោទប្រកាន់ក្រុមជ្រុលនិយមគាំទ្រដោយអ៊ីរ៉ង់ជាអ្នកវាយប្រហារ មកលើតំបន់ បៃតងនេះដែរ ។ មកទល់ពេលនេះមិនទាន់មានក្រុមណាមួយ ចេញមុខទទួលស្គាល់ថាជាសកម្មភាពវាយប្រហាររបស់ខ្លួននៅឡើយទេ។
ប៉ុន្មានថ្ងៃកន្លងមក ទីតាំងយោធាអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ រងការវាយប្រហារដោយរ៉ុក្កែតជាបន្តបន្ទាប់ ។ កាលពីថ្ងៃទី ១៤ខែមករា កម្លាំងទាហានអ៊ីរ៉ាក់បានប្រកាសថា ទីតាំងទាហានអាកាសនៅ ស្រុក Taji ជិតទីក្រុងបាតដាត ជាទីតាំង ស្នាក់នៅរបស់ទាហានអាមេរិក រងការវាយប្រហារដោយមីស៊ីល ផងដែរ ។ចំណែកកាលពីថ្ងៃទី ១២ខែមករា កម្លាំងទាហានអ៊ីរ៉ាក់ បានប្រកាសថា មានទាហានអ៊ីរ៉ាក់ ៤នាក់ រងរបួសនៅក្នុងការវាយប្រហារទៅលើទីតាំង ទាហានអាកាសនៅខេត្ត Salahudin ។
ទីតាំងទាហានអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និងតំបន់មជ្ឈិមបូព៌ា ទាំងមូល ស្ថិតនៅក្នុងការគាំរាមកំហែងក្រោយពេលអាមេរិកវាយប្រហារសម្លាប់ មេទ័ពអ៊ីរ៉ង់ នៅអាកាសយានដ្ឋានប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី ៣ខែមករា។ ដល់ថ្ងៃទី ៨ខែមករា ក្រោយអ៊ីរ៉ង់រៀបចំបុណ្យសពមេទ័ពរួចរាល់ ក៏បានបើកការវាយប្រហារទៅលើទីតាំងយោធាអាមេរិក ២ កន្លែងនៅក្នុងប្រទេសអ៊ីរ៉ាក់ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print