ភ្នំពេញ៖ អតីតពិធីករ ទូរទស្សន៍ CTNលោកហែម បូរិទ្ធ ឌីជេ ឡាយ អិន រួមទាំងបក្សពួកប្រមាណជា៤នាក់ កាលពីពេលថ្មីៗនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារពី៤ឆ្នាំ ទៅ១៥ឆ្នាំ ពីបទជួញដូគ្រឿងញៀន រួមទាំងកាន់កាប់អាវុធខុសច្បាប់នោះ។
គេចាំបានថា ជនជាប់ចោទទាំង៤នាក់ជាប់ចោទពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទកាន់កាប់អាវុធដោយខុសច្បាប់ ដែលប្រព្រឹត្ត កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ សមត្ថកិច្ចដកហូតវត្ថុតាងនៅក្នុងបន្ទប់១០៨ រួមមាន ១.ថ្នាំមេតំហ្វេតាមីន(ICE)ទម្ងន់៣៧៤.៣៩ក្រាម ២.សារធាតុញៀនប្រភេទអ៊ិចស្តាស៊ីចំនួន១៥៦២គ្រាប់ ស្មើទម្ងន់ និង៦០៩.៣៣ក្រាម (សរុបជាង១គីឡូក្រាម) ៣.អាវុធខ្លី១ដើម (ឡុក) ៤.ជញ្ជីងថ្លឹងគ្រឿងញៀនធំ១គ្រឿង និងតូច២គ្រឿងផងដែរ។
កាលពីរសៀលថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២០ ម្សិលមិញ ក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្ដន្ទាទោសលើក្រុម Dj ឡាយអិន ដែលមានឈ្មោះពិត ហែម បូរិទ្ធ ភេទប្រុស អាយុ ៣៣ ឆ្នាំ ដាក់ពន្ធនាគារចាប់ពី ៤ ទៅ ១៥ ឆ្នាំ ក្នុងករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ដែលបានប្រព្រឹត្តនៅក្លឹបកម្សាន្តរ៉ុក ។ សាលក្រមផ្ដន្ទាទោសទៅលើជនជាប់ទោសចំនួន ៤ នាក់ ទី ១ ឈ្មោះ ហែម បូរិទ្ធ (Dj ឡាយអិន) ឱ្យជាប់ពន្ធនាគារ ៤ ឆ្នាំ ទី២ ឈ្មោះ ម៉ៅ ស្រីណា ភេទស្រី អាយុ ៣៨ ឆ្នាំ ឱ្យជាប់ពន្ធនាគារ ៤ ឆ្នាំ និង ពិន័យជាប្រាក់ ៦ លានរៀល ។ដោយឡែកសម្រាប់ជនជាប់ចោទទី៣ ឈ្មោះ អ៊ិន សាខន ភេទប្រុស អាយុ ៥១ ឆ្នាំ ឱ្យជាប់ទោសដាក់ពន្ធនាគារចំនួន ១១ ឆ្នាំ និង ពិន័យជាប្រាក់ ២០ លានរៀល ចំណែកឯជនជាប់ចោទទី ៤ ឈ្មោះ ស៊ិន សម្ផស្ស ភេទប្រុស អាយុ ៣៣ ឆ្នាំ ត្រូវជាប់ពន្ធនាគារចំនួន ១៥ ឆ្នាំ និង ពិន័យជាប្រាក់ ២០ លានរៀល ៕ វឌ្ឍនា