វិភាគព័ត៍មានអន្តរជាតិ៖ ១៣ម៉ោងជជែកដំឡើងសរសៃ ក. លើការចោទប្រកាន់ទោស លោកត្រាំ បក្សសាធារណរដ្ឋមានប្រៀប

ចែករំលែក៖

សហរដ្ឋអាមេរិក៖ កាលពីថ្ងៃទី ២២ខែមករា (ពេលវេលាអាមេរិក) សវនាការ ព្រឹទ្ធសភាអាមេរិក បានចាប់ផ្តើមដំណើរការ ជជែកដេញដោល ពី គណបក្សធំៗទាំងពីរ គឺប្រជាធិបតេយ្យជាដើមបណ្តឹង ទៅលើខាងគណបក្សសាធារណរដ្ឋ ជុំវិញការចោទប្រកាន់ទោស ទៅលើប្រធានាធិបតីដូណាលត្រាំ ។

ការជជែកដេញដោល នៅក្នុងព្រឹទ្ធសភា ថ្ងៃដំបូង ធ្វើឡើងរហូតដល់ទៅ ១៣ម៉ោង ជាពេលវេលាធ្វើការវែងបំផុតនៅក្នុងព្រឹទ្ធសភា ហើយការដេញដោលនោះ គណបក្ស សាធារណរដ្ឋ ដែលមានសំឡេងភាគច្រើន នៅក្នុងព្រឹទ្ធសភាមានប្រៀប បើទោះបីជាមានវិវាទយ៉ាងខ្លាំងរវាងគណបក្សទាំងពីរក្តី ។ នោះជាសញ្ញាល្អ បំផុត របស់ប្រធានាធិបតីដូណាលត្រាំ ដែល អាចរួចផុតពីការចោទប្រកាន់ទោស ទម្លាក់ពីតំណែង ។
ព្រឹទ្ធ សភាអាមេរិក បាន បោះឆ្នោត ជ្រើសរើស យក នីតិវិធី ជំនុំជំរះ បែប ឆាប់រហ័ស ដោយ មិន បន្លាយ ពេល យូរ ដើម្បី ឈាន ទៅ បោះឆ្នោត សម្រេច ចុងក្រោយ ថាតើ លោក ដូណាល់ ត្រាំ ពិតជាបានធ្វើ បំពានអំណាច ហើយសក្តិសម នឹងត្រូវ ទំលាក់ ពីតំណែងដែរ ឬទេ។ ជាមួយនឹង នីតិវិធី បែប រហ័ស នេះ អ្នក វិភាគ ជឿថា ព្រឹទ្ធសភា អាមេរិក នឹ ង ប្រហែល ជា មិន កោះហៅ សាក្សី ឲ្យចូល បំភ្លឺ ឡើយ។
នីតិវិធីរហ័ស មានន័យថា អ្វីៗនឹងត្រូវ ពន្លឿនមិនបង្អង់។ លោក Mitch McConnel ប្រធាន ក្រុមសមាជិកព្រឹទ្ធសភាបក្ស សាធារណរដ្ឋ ដែលមានសម្លេងភាគច្រើន បានលើកឡើងថា លោកចង់យកគំរូនីតិវិធី ដែលធ្លាប់ អនុវត្ត ទៅលើករណី បណ្តឹង ទំលាក់លោក ប៊ីល គ្លីនតុន។ ពោលគឺ ភាគីដើមចោទ និង ភាគី ចុងចោទ មាន ថិរៈវេលា ចំនួនស្មើគ្នា គឺចំនួន២៤ ម៉ោង ដើម្បីនិយាយធ្វើអំណះអំណាង នៅចំពោះមុខអង្គ ព្រឹទ្ធិសភា ។ រយៈពេល២៤ ម៉ោង នេះ ត្រូវធ្វើក្នុងកំឡុង ពេល មិនឲ្យលើស ពី៣ថ្ងៃ។
ដូចយើងបានដឹងហើយថា ភាគីដើមចោទ បានចោទប្រកាន់ លោក ដូណាល់ ត្រាំ លើ ២ចំណុច។ ទីមួយ គេចោទថា លោកដូណាល់ ត្រាំ បានបំពានអំណាច ដោយបាន ដាក់សំពាធ គំរាម ប្រធានាធិបតី អ៊ុយក្រែន ឲ្យ ធ្វើការស៊ើបអង្កេត រករឿងលើកូន ប្រុស លោក Joe Biden ដែលរកស៊ីនៅ អ៊ុយក្រែន ពុំនោះទេ អាមេរិក នឹងដកជំនួយ យោធា ពីអ៊ុយក្រែន។ ការចោទប្រកាន់ ទី ពីរ គឺគេចោទថា លោក ដូណាល់ ត្រាំ បាន ព្យាយាម លាក់ការពិត និងបានរារាំង ការ ស៊ើបអង្កេត ដែលសភា តំណាងអាមេរិក បានសម្រេច។
ក្រុម ដើមចោទ មានសមាជិក សភា តំណាង មកពី បក្ស ប្រជាធិបតេយ្យ ចំនួន ៧រូប ហើយ ដែលមាន លោក Adam Schiff ជាប្រធានក្រុម នឹងត្រូវ ធ្វើបទបង្ហាញ អំណះអំណាង ដាក់បន្ទុក ទៅលើលោក ដូណាល់ ត្រាំ នៅ ចំពោះមុខ អង្គព្រឹទ្ធសភា នៅថ្ងៃ ពុធ នេះ ចាប់ ពីម៉ោង ១រសៀលទៅម៉ោង នៅ ទីក្រុង វ៉ាស៊ីនតោន។ ចំណែក ភាគី ចុងចោទវិញ គឺតំណាង ដោយ ក្រុមមេធាវី ផ្ទាល់ខ្លួន របស់ លោក ដូណាល់ ត្រាំ ដឹកនាំ ដោយ លោក Pat Cipollone ទីប្រឹក្សា ច្បាប់ នៅសេតវិមាន ដែលនឹងមានពេល ២៤ ម៉ោងដែរ ដើម្បីឆ្លើយតប ទៅនឹង ការ ចោទប្រកាន់។
បន្ទាប់មកទៀត ក្រុមសមាជិក ព្រឹទ្ធសភា មានពេល ១៦ម៉ោង ដើម្បីរៀបចំ ជាសំណួរ សរសេរ ជាលាយលក្ខណ៍ អក្សរសម្រាប់ សុំឲ្យ ភាគីទាំង សងខាងឆ្លើយលំអិត។ សំណួរ ទាំងនោះ នឹង ត្រូវ បានអាន ដោយ ផ្ទាល់មាត់ពីសំណាក់ លោក John Roberts ចៅក្រម តុលាការ កំពូល អាមេរិក ដែល នឹង មក ធ្វើជាប្រធាន អង្គជំនុំ ជំរះ ពិសេសនេះ នៅ ព្រឹទ្ធសភា។
ភាគីនីមួយៗ មាន ពេល តែ២ ម៉ោងទេ ក្នុង ការសម្រេច យល់ព្រម ឬ មិន យល់ព្រម ក្នុងការ សុំឲ្យ បង្ហាញ ឯកសារ បន្ថែម ឬ កោះហៅ សាក្សី បន្ថែមឲ្យចូលមកបំភ្លឺ។ កាលពីដំបូង ក្រុម ដើមចោទមានបំណង ចាប់ បង្ខំ ឲ្យ សេតវិមាន ក្រសួង ការពារជាតិ និង ក្រសួង ការបរទេស ត្រូវតែ បញ្ជូន សាក្សី និង ឯកសារ នានា ដែលពាក់ព័ន្ធ នឹង សំណុំរឿងនេះ។ ក៏ប៉ុន្តែ ចំណុចទាំងអស់ នេះត្រូវបាន ព្រឹទ្ធសភាបោះឆ្នោត បដិសេធ ហើយកាលពីយប់ ថ្ងៃ អង្គារ។
តែយ៉ាងណា សម្រាប់ ពេលនេះ ភាគី ដើមចោទ នៅ តែអាច មាន សិទ្ធិ ស្នើសុំ ឲ្យគេ បញ្ជូន ឯកសារ បំភ្លឺ បន្ថែម ដូចជា ឯកសារ សំងាត់ ចំណារ កំណត់ហេតុ សារអ៊ីម៉ែល ជាដើម និងអាច សុំស្តាប់សាក្សីឆ្លើយ បំភ្លឺ។ សាក្សីនោះ បើតាមការស្មាន គឺអាចជា លោក Mick Mulvaney ប្រធាន ខុទ្ទកាល័យ បច្ចុប្បន្ន របស់ លោក ដូណាល់ ត្រាំ និង លោក John Bolton អតីត ទីប្រឹក្សាផ្នែកសន្តិសុខរបស់ លោក ដូណាល់ ត្រាំ។
ភាគីចុងចោទ ដែល ការពារ លោក ដូណាល់ ត្រាំ ក៏អាច សុំ កោះហៅ សាក្សី ដែរ ដើម្បី អាច មាន ប្រៀប។ សាក្សី ដែល ក្រុម លោក ដូណាល់ ត្រាំ ចង់ ហៅ មក សួរ ចម្លើយ នោះ គឺមាន លោក Hunter Biden កូន ប្រុស លោក Joe Biden និង មនុស្ស ម្នាក់ទៀត ដែល ជា អ្នក ទម្លាយ ឯកសារ ខ្សែ អាត់ សម្លេង ទូរស័ព្ទ រវាង លោក ដូណាល់ ត្រាំ និង លោក ប្រធានាធិបតី អ៊ុយក្រែន ដែល ជា ប្រភព បង្ក រឿង អាស្រូវនេះ។
ក៏ប៉ុន្តែ រាល់សំណើ សុំឯកសារ ឬសុំ កោះហៅសាក្សី គឺត្រូវ ឆ្លងកាត់ ការ បោះឆ្នោត សម្លេងភាគច្រើន៥០ បូក១ នៃ សមាជិក ព្រឹទ្ធសភាទាំង ១០០ នាក់។ មានន័យថាគេ ត្រូវ ការយ៉ាងហោច៥១ នាក់ យល់ព្រម។ ក៏ប៉ុន្តែសមាជិកព្រឹទ្ធសភា បក្ស ប្រជាធិបតេយ្យ គឺមាន គ្នាតែ ៤៧នាក់ទេ ខណៈ ក្រុមសាធារណរដ្ឋមាន គ្នាដល់ទៅ ៥៣នាក់៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print