ទប់ស្កាត់ការឆ្លងរាលដាល ចិនសម្រេច កាត់ផ្តាច់ចរាចរណ៍ តភ្ជាប់ទីក្រុង វូហាន

ចែករំលែក៖

ភ្នំពេញ៖ ក្រោយមានករណីស្លាប់ដោយសារជំងឺ រលាក់សួត ប្រភេទថ្មី កើនឡើងដល់ជិត ២០នាក់ រដ្ឋាភិបាលចិនបានសម្រេចចិត្តផ្អាកជើងហោះហើរ និងរថភ្លើងពីទីក្រុង វូហា ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ។ សកម្មភាពខាងលើ ប៉ះពាល់យ៉ាងខ្លាំងដល់ពលរដ្ឋចិន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី ចូលមកដល់។
ករណីជំងឺ កូរូណាវីរូស ឬជំងឺរលាកសួតប្រភេទថ្មី ដែលផ្ទុះឡើង នៅក្នុងទឹកដីចិន នោះ ហើយរហូតមកដល់ពេលនេះ បានសម្លាប់មនុស្ស កើន១៧នាក់ ខណៈរដ្ឋាភិបាលប្រកាសផ្អាកជើងហោះហើរ ការដឹកជញ្ជូន តាមរថភ្លើង ក៏ដូច ការដឹកជញ្ជូនសាធារណៈដទៃផ្សេងទៀត ចេញ ចូលទៅកាន់ទីក្រុងវូហាន ទីដែលជំងឺបានផ្ទុះឡើងដំបូងគេ និងកំពុងតែឆ្លងរាលដាល យ៉ាងឆាប់រហ័ស ។
ប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋចិនបានផ្សាយថា ៖ អាជ្ញាធរ ចិនបានប្រកាសឲ្យផ្អាក សកម្មភាពហោះហើរ ការដឹកជញ្ជូនតាមរថភ្លើង និងការដឹកជញ្ជូនសាធារណៈ ទាំងរយៈចម្ងាយខ្លី និងរយៈចម្ងាយ ទាំងអស់ចេញពីទីក្រុង វូហាន ភាគកណ្តាល របស់ចិន ចាប់ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ រហូតតទៅ និងទាល់តែ មានសេចក្តី ជូនដំណឹង បន្ថែមចុង ក្រោយ ខណៈក្រុមអាជ្ញាធរ សុខាភិបាល ក្រុមគ្រូពេទ្យ បាននិងកំពុងរិះរកវិធីធ្វើយ៉ាង ណាបង្ការជំងឺនេះ កុំឲ្យឆ្លងរាលដាលកាន់តែទ្រង់ទ្រាយធំ ។
ទីក្រុងវូហាន ខេត្ត ហូប៊ី របស់ចិនមានប្រជាជនរស់នៅប្រហែល ១១លាននាក់ ។ រហូតមកដល់ពេលនេះជំងឺ បានសម្លាប់មនុស្សអស់ ១៧នាក់ ខណៈជាង ៥០០នាក់ទៀតបានឆ្លងរាលដាល ។ មន្ត្រីសុខាភិបាលចិនអះអាងថា៖ ជំងឺនេះ អាចឆ្លងពីមនុស្ស ទៅមនុស្ស តាមរយៈ ខ្យល់ដង្ហើម ។ អង្គការសុខភាពពិភពលោក WHO បានបញ្ជាក់ថា៖ កំពុងពិចារណាថា តើត្រូវប្រកាសអាសន្នដែរឬយ៉ាងណា ទៅលើជំងឺរលាកសួតប្រភេទថ្មី ដែលផ្ទុះឡើងនៅចិន នេះ ។
គួរបញ្ជាក់ថា៖ បើតាមប្រភពព័ត៌មាន បានផ្សាយថា ជំងឺរលាកសួតប្រភេទថ្មីនេះ ត្រូវជំនាញកត់សម្គាល់ថា ប្រៀបប្រដូចទៅនឹងវីរុស SARS អឺចឹងដែរ វាមានលក្ខណៈផ្តាសាយធម្មតា រហូតឈានដល់ផ្តាសាយធ្ងន់ធ្ងរ ពិបាកដកដង្ហើម ហើយទីបំផុតអ្នកជំងឺ ត្រូវបាត់បង់ជីវិតតែម្តង ។
ជំងឺ កូរូណាវីរុស (coronavirus)នេះ បានរាលដាល ចេញទៅខាងក្រៅ ទីក្រុងវូហាន ខេត្ត ហូប៊ី និងឆ្លងទៅតាមខេត្ត និងទីក្រុងមួយចំនួនរបស់ប្រទេសចិន ហើយជាពិសេស បានឆ្លងដល់ប្រទេស ខាងក្រៅទៀតដូចជា នៅប្រទេសថៃ ឆ្លង ៤ករណី, ប្រទេសជប៉ុន១ករណី, ម៉ាកៅ១ករណី, កូរ៉េខាងត្បូង ១ករណី, តៃវ៉ាន់១ករណី និងនៅសហរដ្ឋអាមេរិក១ករណីផងដែរ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print