ភ្នំពេញ៖ បើតាមលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងសន្និសីទកាសែតនៅព្រលប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ បានបញ្ជាក់អោយថដឹងថា៖ នៅល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានរកឃើញករណីជំងឺផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅលើជនជាតិចិនម្នាក់ ដែលចាកចេញពីប្រទេសចិន ចូលមកកាន់ប្រទេសកម្ពុជា។
លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឲ្យដឹងក្នុងសន្និសីទកាសែតថា៖ អ្នកជំងឺជនជាតិចិនដែលឆ្លងវីរុសកូរ៉ូណាថ្មីនេះ បាននឹងកំពុងដាក់នៅដាច់ដោយឡែកពីគេនៅក្នុងមន្ទីរពេទ្យខេត្តព្រះសីហនុ។
លោករដ្ឋមន្ត្រីបន្តថា៖ បុរសជនជាតិចិន ដែលឆ្លងវីរុសនេះមានឈ្មោះ ចា ជិនហួរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុង វូហាន ជាមួយក្រុមគ្រួសារ៤នាក់ ដែលសំណាកបានយកមកធ្វើវិភាគទាំងបួននាក់នេះមានវិជ្ជមានវីរុស កូរ៉ូណា តែម្នាក់គត់គឺលោក ចា ជិនហួរ។
ពាក់ព័ន្ធករណីនេះខាងក្រសួងសុខាភិបាល បានទាក់ទងទៅខាងស្ថានទូតចិនរួចហើយ ព្រមទាំងសន្យាថានឹងព្យាបាលអ្នកជំងឺឲ្យជាសះស្បើយទើបឲ្យត្រឡប់ទៅវិញ។
សូមជំរាបថា គិតត្រឹមល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ វិរុសផ្លូវដង្ហើមប្រភេទថ្មី កូរ៉ូណា បានសម្លាប់មនុស្ស៨១នាក់ហើយ ចំណែកអ្នកឆ្លងនៅប្រទេសចិន បានកើនឡើងរហូតលើស២៧០០នាក់ ខណៈប្រមាណ៣៨ករណីផ្សេងទៀត នៅតាមបណ្តាប្រទេសមួយចំនួន។
សូមរម្លឹកថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា៖ យើងចូលរួមទប់ស្កាត់ជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona) ។ ក្នុងសម្តេចក៏បានផ្តាំផ្ញើដល់និស្សិតខ្មែរ ដែលសិក្សានៅប្រទេសចិនថែទាំសុខភាព ដោយសម្តេចបញ្ជាក់ថា៖ «សូមក្មួយនិងនិស្សិតខ្មែរ សិក្សានៅប្រទេសចិន ថែរក្សាសុខភាពអោយបានល្អ បើមានអ្វីកើតឡើងសូមទំនាក់ទំនងជាមួយស្ថានទូតខ្មែរយើងនៅទីនោះ»៕
ដោយ៖ សុខ ខេមរា