ដោយសារវីរុសកូរ៉ូណា មានមនុស្សស្លាប់កើនដល់១០៦នាក់នៅចិន និងឆ្លងកើនដល់ជាង៤,០០០ករណី ខណៈមានវីរុសនេះកើនដល់១៥ប្រទេស

ចែករំលែក៖

ប្រទេសចិន៖ បើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០ បានអោយដឹងថា៖
អាជ្ញាធរចិនទើបតែបានប្រកាសនៅព្រឹកថ្ងៃអង្គារនេះ គឺចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ១០៦នាក់ហើយ ខណៈមនុស្សចំនួនជាង ៤,០០០នាក់ទៀតឆ្លង។

បើតាមអាជ្ញាធរនៃខេត្តហ៊ូប៉ី (Hubei) និងទីក្រុងអ៊ូហាន (Wuhan) ដែលជាចំណុចស្នូល នៃការផ្ទុះវីរុសកូរ៉ូណា មនុស្សសរុប ២៤នាក់បន្ថែមទៀតបានស្លាប់ និង ១,២៩១នាក់ទៀត ឆ្លងនៅក្នុងថ្ងៃច័ន្ទម្សិលមិញនេះ ដែលជាហេតុធ្វើឲ្យអ្នកឆ្លងនៅទូទាំងប្រទេសចិន កើនឡើងរហូតដល់ទៅជាង ៤,០០០នាក់។ បន្ថែមពីនេះក្នុងចំណោមមនុស្សស្លាប់ទាំង ១០៦នាក់ មានម្នាក់នៅទីក្រុងប៉េកាំង ដែលជាករណីមនុស្សស្លាប់ដំបូងដោយសារវីរុស កូរ៉ូណាថ្មីនៅក្នុងរដ្ឋធានី។

ជាក់ស្តែងខាងក្រោមនេះ គឺជាតួលេខសរុបនៃអ្នកឆ្លង និងបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណានៅចិន ព្រមទាំងចំនួនអ្នកឆ្លងវីរុសនេះនៅទូទាំងពិភពលោកក្នុងនោះរួមមាន៖

១៖ ប្រទេសចិន៖ ឆ្លងជាង ៤,០០០នាក់ ក្នុងនោះស្លាប់ ១០៦នាក់
២៖ ថៃ៖ ០៨ករណី
៣៖ អូស្ត្រាលី៖ ០៥ករណី
៤៖ សិង្ហបុរី៖ ០៥ករណី
៥៖ សហរដ្ឋអាមេរិក៖ ០៥ករណី
៦៖ ជប៉ុន៖ ០៤ករណី
៧៖ ម៉ាឡេស៊ី៖ ០៤ករណី
៨៖ កូរ៉េខាងត្បូង៖ ០៤ករណី
៩៖ បារាំង៖ ០៣ករណី
១០៖ កាណាដា ០២ករណី
១១៖ វៀតណាម៖ ០២ករណី
១២៖ កម្ពុជា ០១ករណី
១៣៖ អាល្លឺម៉ង់ ០១ករណី
១៤៖ នេប៉ាល់៖ ០១ករណី
១៥៖ ស្រីលង្កា ០១

សូមបញ្ជាក់ផងដែរថា ក្រៅពីប្រទេសចិន មិនទាន់មានប្រទេសណាផ្សេងទៀត បានរាយការណ៍អំពីករណីស្លាប់ដោយសារវីរុសកូរ៉ូណានោះឡើយ ខណៈប្រទេសមួយចំនួន បានព្យាយាមព្យាបាលអ្នកឆ្លង ឲ្យបានធូរស្រាលឡើងវិញផងដែរ។ ដោយឡែកប្រទេសមួយចំនួនទៀតដូចជា រុស្ស៊ី និងអង់គ្លេសជាដើម ក៏បានធ្វើការត្រួតពិនិត្យសុខភាពពលរដ្ឋមួយចំនួន ដែលគេសង្ស័យថាអាចមានផ្ទុកវីរុសនេះដែរ ប៉ុន្តែជាលទ្ធផលគឺពួកគេទាំងនោះត្រឹមតែផ្តាសាយធម្មតា និងគ្មានផ្ទុកវីរុសកូរ៉ូណានោះឡើយ៕

ដោយ ៖ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print