ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃ២៨ ខែមករា ឆ្នាំ២០២០នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអញ្ជើញមកដល់ខេត្តព្រះសីហនុហើយ ដើម្បីពិនិត្យស្ថានភាពទូទៅបន្ថែម លើជនជាតិ ចិនដែលផ្ទុកវីរុសរលាកសួតថ្មីនៅមន្ទីរពេទ្យបង្អែកចំការចេក ។
ប្រភពព័ត៌មានពីក្រុមគ្រូពេទ្យប្រាប់ថា គិតត្រឹមព្រឹកថ្ងៃ២៨ ខែមករា ឆ្នាំ២០២០នេះ បុរសអ្នកជំងឺរូបនោះ មានសភាពធម្មតា មិនមានចេញអាការៈអ្វីធ្ងន់ធ្ងរ ឈានដល់ការសង្គ្រោះបន្ទាន់ឡើយ ។
បច្ចុប្បន្ន ករណីបុរសជនជាតិចិនម្នាក់អាយុ៦០ឆ្នាំ ដែលមានផ្ទុកវីរុសរលាកសួតថ្មី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (ពេទ្យចំការចេក) ក្នុងនោះគ្រូពេទ្យបានដាក់បុរសនេះក្នុងបន្ទប់មួយដាច់ដោយឡែកតែម្នាក់ឯង មិនដាក់លាយជាមួយអ្នកជំងឺផ្សេងទៀតនោះទេ និងស្ថិតក្នុងការត្រួតពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ពីពេទ្យជំនាញ ។
ជនជាតិចិនរូបនោះមាន ឈ្មោះ JIA JIANHUA កាន់លិខិតឆ្លងដែនលេខE54319891 និងភរិយាលោក ឈ្មោះ WANG LINGZHEN កាន់លិខិតឆ្លងដែនលេខE06137433 បានធ្វើដំណើរមកពីទីក្រុងវូហាន ប្រទេសចិនកាលពីព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២០ ហើយចេញរោគសញ្ញាគ្រុនក្ដៅ និងហៀរសំបោរ ក្រោយមកដល់កម្ពុជាពីរថ្ងៃពោលថគឺកាលពីថ្ងៃទី២៥ ខែមករា។
អ្នកទាំងពីរ និងក្រុមគ្រួសារបានមកស្នាក់សណ្ឋាគារ ឃ្វីនកូ ក្នុងខេត្តព្រះសីហនុចំនួន ២ បន្ទប់ ជាលក្ខណៈគ្រួសារ។ ទី១ បន្ទប់លេខ៧០១ ចំនួន០២នាក់ ឈ្មោះ JIA JIANHUA និងឈ្មោះWANG LINGZHEN និង ទី២ បន្ទប់លេខ៦១០ ចំនួន០២នាក់ ឈ្មោះJIA RUIXUAN កាន់លិខិតឆ្លងដែនលេខE24490509 និង ឈ្មោះXIAO YAN កាន់លិខិតឆ្លងដែនលេខED0134348 ហើយលទ្ធផលមានផ្ទុកមេរោគកូរ៉ូណាតែលោក WANG LINGZHEN ម្នាក់ប៉ុណ្ណោះ។ លោក WANG LINGZHEN មានវ័យ ៦០ ឆ្នាំ ៕ ដោយ ៖ ជាយក្រុង