បណ្តាប្រទេសជុំវិញពិភពលោក បានពន្លឿនការជម្លៀពលរដ្ឋចេញពីតំបន់ផ្ទុះ«វីរុសមច្ចុរាជ» នៅទីក្រុងវូហានប្រទេសចិន ដើម្បីសុវត្ថិភាពពលរដ្ឋ ខណៈអង្គការសុខភាពពិភពលោក WHO ត្រៀមប្រកាសអាសន្ន ជាសកល ប្រសិនបើវីរុសកូរ៉ូណាបន្តរាលដាលកាន់តែខ្លាំង។
ក្រោយពេលអាមេរិក ជប៉ុន និងប្រទេសមួយចំនួនបានជម្លៀសពលរដ្ឋចេញពី ខេត្តវូហាន។ នៅពេលនេះ រដ្ឋាភិបាល អង់គ្លេស អាល្លឺម៉ង់ កូរ៉េខាងត្បូង… បានត្រៀមជម្លៀសពលរដ្ឋត្រឡប់មកប្រទេសវិញ។ ជាមួយគ្នានោះ ក្រុមហ៊ុនអាកាសចរណ៍ British Airways បានផ្អាកការហោះហើរទាំងស្រុង ពីអង់គ្លេសទៅកាន់ប្រទេសចិន។
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab បានប្រកាសថា ពលរដ្ឋដែលជម្លៀសចេញពីចិនគឺត្រូវផ្តាច់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃដើម្បីតាមដាន ថាតើមានឆ្លងវីរុសកូរ៉ូណាដែរឬទេ ។
ជាមួយគ្នានោះដែរប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៉ីន បានជម្រុញក៏ដូចជាអំពាវនាវ ឱ្យប្រជាជនរក្សាភាពស្ងាប់ស្ងាត់ និងកុំភ័យខ្លាចជ្រុលហួសហេតុពេក ខណៈរដ្ឋាភិបាលកំពុងរៀបចំជម្លៀសពលរដ្ឋជាង ៧០០នាក់ចេញពីទីក្រុងវូហាន (Wuhan) ប្រទេសចិន ជាទីដែលវីរុសកូរ៉ូណាផ្ទុះឡើងដំបូងគេ។
ថ្លែងនៅក្នុងសុន្ទរកថាមួយនៅថ្ងៃព្រហស្បតិ៍នេះ និងចំពេលកំពុងមានបាតុកម្មតវ៉ា ប្រឆាំងនឹងការរៀបចំទីតាំងសម្រាប់អ្នកមានផ្ទុកវីរុសកូរ៉ូណា លោក មូន បានគូសបញ្ជាក់ដូច្នេះថា «អាវុធដែលការពារយើងពីវីរុសកូរ៉ូណា គឺបញ្ចប់ភាពភ័យខ្លាច, ការរើសអើង ហើយបង្កើនការជឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការ»។ បន្ថែមពីលើនេះ លោកប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានថ្កោលទោសផងដែរចំពោះការផ្សព្វផ្សាយព័ត៌មាន ក្លែងក្លាយ ឬ fake News ដែលកំពុងបង្កភាពភ័យខ្លាចដល់ប្រជាជន។
គួរជម្រាបថា ជើងហោះហើរដំបូងក្នុងចំណោមជើងហោះហើរចំនួន ០៤ ទៅកាន់ទីក្រុងវូហាន ដើម្បីជម្លៀសពលរដ្ឋកូរ៉េខាងត្បូងជាង ៧០០នាក់ បានចាកចេញពីកូរ៉េខាងត្បូង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែស្រាប់តែពន្យារពេលទៅវិញដោយមិនដឹងមូលហេតុ។ យ៉ាងណាក៏ដោយ ជើងហោះហើរនេះត្រូវបានគេរំពឹងថា នឹងចេញដំណើរនៅរសៀល ឬល្ងាចថ្ងៃដដែល។ បច្ចុប្បន្ននេះនៅកូរ៉េខាងត្បូងមានអ្នកផ្ទុកវីរុសកូរ៉ូណាថ្មីសរុប ០៤នាក់ ដោយពួកគេសុទ្ធតែបានធ្វើដំណើរពីទីក្រុងវូហាន (Wuhan)។
អង្គការសុខភាពពិភពលោក WHO បានកោះប្រជុំជាបន្ទាន់ ថ្នាក់ដឹកនាំរបស់ ស្ថានប័នសុខភាពកំពូលរបស់ពិភពលោក ដើម្បីត្រៀមលក្ខណៈប្រកាសអាសន្ន នៅទូទាំងពីភពលោក ពីការឆ្លងរាលដាលនៃវីរុស កូរ៉ូណា។
នៅថ្ងៃទី៣០ខែមករា នេះ WHO នឹងជួបប្រជុំជាសម្ងាត់ ដើម្បីវិភាគ ពីការឆ្លងរាលដាលនៃវីរុស ដ៏កាចសហាវមួយនេះ ថាតើវាមានកម្រិតគ្រោះថ្នាក់ធំប៉ុណ្ណោះដើម្បីប្រកាសអាសន្ន នៅទូទាំងពិភាពលោក។
កាលពីសប្តាហ៍កន្លងមក WHO មិនទាន់មានសេចក្តីប្រកាសណាមួយស្តីពី វិរុសកូរ៉ូណានោះឡើយ ដោយរងចាំការតាមដានពីកម្រិតគ្រោះថ្នាក់របស់វា។ តែនៅពេលនេះ អគ្គនាយកWHO លោក Tedros AdhanomGhebreyesus បានត្រៀមប្រកាសអាសន្ន ជាសកល ក្រោយមានអ្នកស្លាប់កើនឡើង១៧០ នាក់និងឆ្លងរាលដាលជិត៨ពាន់នាក់ហើយនោះ។
នៅពេលនេះ បណ្តាប្រទេសដែលមានពលរដ្ឋ នៅក្នុងប្រទេសចិន បានទ្រៀម ជម្លៀសពលរដ្ឋចេញពីប្រទេសចិន។ ជាមួយគ្នានោះបណ្តាក្រុមហ៊ុនអាកាសចរណ៍ នៅក្នុងប្រទេស ស្ទើតែទាំងអស់នៅលើពិភពលោក បានផ្អាកហោះហើរទៅកាន់ប្រទេសចិន ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ខណៈក្រុមស្រាវជ្រាវវិជ្ជសាស្ត្រ នៅមិនទាន់រកឃើញ ថ្នាំព្យាបាលនៅឡើយទេ ៕
ដោយ៖ធីរីណា