ខេត្តស្វាយរៀង៖ ក្មេងប្រុសម្នាក់ត្រូវបានក្រុមគ្រួសារជួយសង្គ្រោះមិនទាន់ពេលខណៈដែលម្ដាយជាប់រវល់ធ្វើការដោយធ្វេសប្រហែសដោយទុកអោយកូនដើរលេងតែម្នាក់ឯងបណ្ដាលអោយលង់ទឹកស្រះស្លាប់ កាលពីវេលាម៉ោង៣ និង៥០នាទីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦នៅភូមិត្រពាំង ក្នុងឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ។
បើតាមស្ត្រីជាម្ដាយបានរៀបរាប់ទាំងទឺកភ្នែកថា មុនពេលកើតហេតុរូបគាត់បានទុកកូនប្រុសឈ្មោះ ទេព ចាន់មករា អាយុ២ឆ្នាំអោយដើរលេងក្នុងផ្ទះតែឯងខណៈដែលរូបគាត់ជាប់រវល់បង្កាត់ភ្លើងដាំបាយដូចសព្វដងប្រមាណជាកន្លះម៉ោងក៏ស្ងាត់សំលេងកូនប្រុសមិនលឺសូរស្រែកហៅទើបគាត់ប្រញាប់ប្រញាលរត់ទៅមើលក្នុងផ្ទះមិនឃើញហើយក៏បានដើរទៅក្រោយផ្ទះស្រាប់តែឃើញកូនផ្កាប់មុខលង់ទឹកស្លាប់ធ្វើអោយមានការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាជួយសង្គ្រោះប៉ុន្តែយឺតពេលទៅហើយ ។
អ្នកភូមិក៏បានធ្វើការស្ដីបន្ទោសដល់ឪពុកម្ដាយមិនគួរណាមានការធ្វេសប្រហែសដោយទុកអោយកូនដែលទើបតែមានអាយុ២ឆ្នាំរត់លេងតែម្នាក់ឯងណាមួយមានស្រះទឹកខាងក្រោយផ្ទះចុងក្រោយបានត្រឹមតែសោកស្ដាយប៉ុណ្ណោះ ។
សពក្មេងប្រុសត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងអាឡោះអាឡ័យបំផុត ៕
ដោយ៖ យឹម សុថាន