ភ្នំពេញ៖ ក្រោយពីទទួលបានការស្តីបន្ទោសចំៗចំពោះប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម លោក ហេង ឡុង បានសរសេរលិខិតសូមអភ័យទោសចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រជាពលរដ្ឋទូទាំងប្រទេស ចំពោះកំហុសឆ្គង របស់ខ្លួនបន្ទាប់ពីបានចែករំលែកនូវវីដេអូព័ត៌មានមិនពិត របស់ក្មេងស្រីម្នាក់ នៅទំព័រ Facebook ទាក់ទងនឹងវីរុស កូរ៉ូណា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ថ្មីៗនេះ។
យោងតាមប្រសាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងឱកាសដែលសម្តែងចូលរួមក្នុងកម្មវិធីសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នេះ គឺសម្តេច បានទូរស័ព្ទទៅស្ដីឲ្យលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ទាំងយប់រឿងបង្ហោះវីដេអូឃ្លិបមួយបំពុលសង្គមទាក់ទងជំងឺឆ្លង កូរូណា វីរុស ទាំងគ្មានប្រភពច្បាស់លាស់។ នេះបើតាមសម្ដេចបានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នេះ។ថ្លែងក្នុងពិធីសន្និសីទសម្តេចតេជោ បានមានប្រសាសន៍ទាក់ទងទៅនឹងជំងឺ Coronavirus ដែលជាអំបូរនៃជំងឺផ្តាសាយ ធ្លាប់មានតាំងពីយូរណាស់មកហើយ ប៉ុន្តែដោយសារតែបច្ចុប្បន្នមាន Facebook បំពុលសង្គម ទើបធ្វើអោយប្រជាពលរដ្ឋមានការភ័យខ្លាចខ្លាំងបែបនេះ ជាក់ស្តែងសម្តេចបានលើកឡើងករណីលោក ហេង ឡុង ដែលបានបង្ហោះវី ដេអូដែលគ្មានប្រភពច្បាស់លាស់ បំប៉ោងព័ត៌មាន ថាមានបុគ្គលិកស្រីម្នាក់មានជំងឺ Coronavirus នៅខេត្តព្រះសីហនុ ហើយភ្លាមៗសម្តេចក៏បានទូរស័ព្ទទៅស្តីអោយលោក ហេង ឡុង ទាំងយប់ផងដែរទើបលោក លុបវិដេអូមួយនោះចោល។
នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ លោក ហេង ឡុងបានសរសេរលិខិតសូមអភ័យទោសចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រជាពលរដ្ឋទូទាំងប្រទេស ចំពោះកំហុសឆ្គង របស់ខ្លួន បន្ទាប់ពីបានចែករំលែកនូវវីដេអូព័ត៌មានមិនពិត របស់ក្មេងស្រីម្នាក់ នៅទំព័រ Facebook ទាក់ទងនឹងវីរុស កូរ៉ូណា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ថ្មីៗនេះ។បើតាមលិខិតសុំអភ័យទោស របស់លោក ហេង ឡុង បានឱ្យដឹងថា ការបង្ហោះនូវវីដេអូនេះបានធ្វើឱ្យមានការយល់ច្រឡំ និងបង្កភាពវឹកវរដល់សង្គម ។
មិនត្រឹមតែលោក ហេង ឡុងទេ សូម្បីតែ លោក ឃឿន សុឡា ហៅ k01 ចាងហ្វាងកាសែតកំលាំងមនុស្ស ក៏ត្រូវបានក្រសួងព័ត៌មានកោះហៅមកធ្វើការអប់រំ ណែនាំ ជុំវិញការផ្សព្វផ្សាយព័ត៌មាន ដែលធ្វើអោយមានភាពចលាចលក្នុងសង្គម ទាក់ទងទៅនឹងជំងឺឆ្លង(កូរ៉ូណា)កាលពីម្សិលមិញនៅមុន្ទីពេទ្យរុស្ស៊ី។ ជាការឆ្លើយតបលោកចាងហ្វាង k01 បានធ្វើការសុំទោសនិង ទទួលកំហុសនូវការផ្សព្វផ្សាយព័ត៌មាន មិនពិត គ្មានប្រភពច្បាស់លាស់ ដែលធ្វើអោយសាធារណៈជន មានការភាន់ច្រឡំ និងភ័យខ្លាច។ ជាចុងក្រោយគាត់បានសន្យាថានឹងមិនអោយមានរឿងនេះកើតឡើងសារជាថ្មីទៀតទេ មិនតែប៉ុណ្ណោះ គាត់ក៏បានសរសេរលិខិតសុំទោសជាផ្លូវការ នូវរាល់កំហុសឆ្គងទាំងឡាយដល់រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងរដ្ឋមន្ត្រីក្រសួងសុខាភិបាលផងដែរ ៕ ដោយ វឌ្ឍនា