សហរដ្ឋអាមេរិក៖ ក្រុមតំណាងរាស្ត្រអាមេរិក មកពីគណបក្សសាធារណៈរដ្ឋបានដឹងយ៉ាងច្បាស់ពីចេតនា របស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានត្រៀមលក្ខណៈវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ តាំងពីពេលលោកដកអាមេរិកចេញពីកិច្ចព្រមព្រៀងបរមាណូ ។
ការដែលលោកត្រាំ បញ្ជារដោយផ្ទាល់ឲ្យសម្លាប់មេទ័ពអ៊ីរ៉ង់ ក៏ដូចជាការបញ្ជូនអាវុធ កម្លាំងយោធាបន្ថែមទៅកាន់អ៊ីរ៉ាក់ ជាសញ្ញានៃការត្រៀមធ្វើសង្គ្រាមជាថ្មី ។ កត្តាទាំងនោះហើយបានជាសភាអាមេរិក ចាត់វិធានការ កាត់បន្ថយអំណាច របស់លោកត្រាំ ក្នុងការប្រើកម្លាំងយោធា ទៅលើប្រទេសអ៊ីរ៉ង់ ។
តាំងពីដើមមក អំណាចប្រើប្រាស់កម្លាំងទ័ពធ្វើសង្គ្រាម ឬក៏វាយប្រហារដោយបរមាណូ ស្ថិតនៅលើតែប្រធានាធិបតីម្នាក់គត់ជាអ្នកមានសិទ្ធិពេញលេញ បញ្ជារឲ្យវាយប្រហារ។ ប៉ុន្តែលោកត្រាំវិញមានចរិតឆេវឆាវ ទោះអ្នកនយោបាយអាមេរិក រកវិធីសាស្ត្រ រារាំង ខ្លាំង មានរឿងធំកើតឡើង ។
កាលពីថ្ងៃទី ៣០ ខែមករា សភាអាមេរិក បានអនុម័តទៅលើសេចក្តីព្រាងច្បាប់ ចំនួនពីរ ដើម្បីទប់ស្កាត់ ប្រធានាធិបតីដូណាលត្រាំ វាយប្រហារអ៊ីរ៉ង់។
សកម្មភាពខាងលើកើតឡើង ក្នុងពេលដែល អាមេរិក និងអ៊ីរ៉ង់កាន់តែតានតឹងខ្លាំងឡើង បន្ទាប់ពីអាមេរិក សម្លាប់មេទ័ពអ៊ីរ៉ង់ ហើយអ៊ីរ៉ង់វាយបកទៅលើទីតាំងអាមេរិកពីរកន្លែងក្នុងប្រទេសអ៊ីរ៉ាក់ ។
នៅក្នុងការបោះឆ្នោតអនុម័តលើសេចក្តីព្រៀងច្បាប់ រារាំងលោកត្រាំវាយប្រហារ អ៊ីរ៉ង់ ទទួលបានការគាំទ្រខ្ពស់ គឺ ២២៨ សំឡេងគាំទ្រ និង ១៧៥សំឡេងប្រឆាំង ។ ច្បាប់ថ្មីនេះនឹងរារាំងលោកត្រាំ ប្រើកម្លាំងយោធាវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ ប្រសិនបើគ្មានការអនុញ្ញាតពីសភានោះទេ។
មុនពេលបញ្ជូនទៅកាន់សេតវិមានអនុម័ត គឺត្រូវឆ្លងកាត់ការអនុម័តពីព្រឹទ្ធសភា ជាមុនសិន។ ប៉ុន្តែនៅពេលនេះ សេតវិមាន បានព្រមានថា នឹងច្រានចោល សេចក្តីព្រៀងច្បាប់ខាងលើ បើទោះបីទទួលបានការអនុម័តពីព្រឹទ្ធសភាក្តី។
ការកាត់បន្ថយអំណាចប្រើយោធា របស់លោកត្រាំ ក្នុងការដោះស្រាយ វិវាទជាមួយអ៊ីរ៉ង់ ដោយខ្លាចលោកត្រាំ វាយប្រហារអ៊ីរ៉ង់ដោយខ្វះការពិចារណា ។
សកម្មភាពខាងលើ កើតឡើង ក្រោយពេល អាមេរិក បញ្ជូនកម្លាំងអាវុធបន្ថែម ទៅកាន់អ៊ីរ៉ាក់ ក្នុងនោះមានយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-52 ។
សូមបញ្ជាក់ផងដែរថា៖ ក្នុងពេលដែល លោកត្រាំចូលកាន់អំណាចដឹកនាំអាមេរិក សភាក៏បានអនុម័ត ហាមប្រាមលោកត្រាំធ្វើសង្គ្រាមវាយប្រហារដោយបរមាណូ ប្រសិនបើសភាមិនអនុញ្ញាត នោះទេ។ សកម្មភាពខាងលើ កើតឡើងដោយអ្នកនយោបាយអាមេរិក ដឹងថា លោកត្រាំ មានចិត្តឆេវឆាវ ខ្លាច វាយប្រហារ ទាំងកំហឹងខ្វះពិចារណា។
ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បានបញ្ជាក់ថា « សភាអាមេរិក បោះឆ្នោត សម្រេចកាត់បន្ថយសិទ្ធិអំណាចក្នុងការប្រើប្រាស់កម្លាំងយោធា របស់ប្រធានាធិបតីដូណាលត្រាំ ដើម្បីទប់ស្កាត់ការប្រើកម្លាំងយោធា ទៅលើអ៊ីរ៉ង់ ដោយមិនពិចារណា។ ប្រសិនបើច្បាប់ហាមប្រាមត្រូវសភាអនុម័តនោះ លោកត្រាំនឹងត្រូវឆ្លងកាត់ការយល់ព្រមពីសភា ជាមុន បើចង់វាយប្រហារទៅលើប្រទេសអ៊ីរ៉ង់នោះ បាន។
សកម្មភាពរបស់សភាអាមេរិកកើតឡើងក្រោយពេលដែល មន្ទីរបញ្ចកោណ បញ្ចេញសកម្មភាពយោធាគួរឲ្យបារម្ភ ដោយបានបញ្ជូនយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ ចូលទៅក្បែរ ដែនអាកាសអ៊ីរ៉ង់ ។ ទាំងនោះជាសញ្ញាដ៏គ្រោះថ្នាក់ ក្រោយពេលបញ្ជូនយន្តហោះទម្លាក់គ្រាប់ប្រភេទ B-52 H បានចូលកៀកដែនអាកាសអ៊ីរ៉ង់ក្នុងពេលកំពុងតានតឹង ។
ប្រភពព័ត៌មានបានឲ្យដឹងថា៖ យន្តហោះទម្លាក់គ្រាប់អាមេរិក បានហោះហើរចេញពី ទីតាំង Diego Garcia ឆ្ពោះទៅកាន់តំបនភាគខាងជើង ហើយសំដៅទៅកាន់ព្រំដែនអាកាសអ៊ីរ៉ង់តែម្តង។ មន្ត្រីយោធាអាមេរិក ដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា៖ ការបញ្ជូនយន្តហោះទម្លាក់
គ្រាប់ ជាការហ្វឹកហាត់វាយប្រហារទម្លាក់គ្រាប់ទៅលើប្រទេសអ៊ីរ៉ង់ពេលមានសង្គ្រាមកើតឡើង ។ ប៉ុន្តែប្រភពព័ត៌មានពីអ៊ីរ៉ង់ បានឲ្យដឹងថា៖ កម្លាំងទាហានការពារដែនអាកាសអ៊ីរ៉ង់ ទទួលបានការផ្តល់ដំណឹងជាមុន ពីការហោះហើរចូលទៅក្បែរដែនអាកាសអ៊ីរ៉ង់ ឬក៏ជ្រុលចូលដែនអាកាសតិចតួចនោះ ។ ប្រសិនបើអាមេរិក មិនផ្តល់ដំណឹងជាមុននោះប្រហែលជាប្រព័ន្ធការពារដែនអាកាសអ៊ីរ៉ង់បាញ់ទម្លាក់ជាក់ជាមិនខាន។
សកម្មភាពខាងលើ គឺជាការឌឺដងរបស់អាមេរិក ទៅលើប្រទេសអ៊ីរ៉ង់ ក្រោយពេលអាមេរិក សម្លាប់មេទ័ពអ៊ីរ៉ង់ ហើយអ៊ីរ៉ង់វាយប្រហារសងសឹកទៅលើទីតាំងយោធាអាមេរិក ២កន្លែងនៅក្នុងប្រទេស អ៊ីរ៉ាក់ ។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា យន្តហោះទម្លាក់គ្រាប់ B-52H របស់អាមេរិក ហោះទៅកៀកដែនអាកាសអ៊ីរ៉ង់ ជាការត្រៀមលក្ខណៈវាយប្រហារអ៊ីរ៉ង់ ជាទ្រង់ទ្រាយធំ ៕
ដោយ៖ មែវ សាធី