វិភាគអន្តរជាតិ ៖ ចំណងស្នេហ៍​៤៧ឆ្នាំ រវាងអង់គ្លេសនិងអឺរ៉ុប​​ត្រូវបញ្ចប់នៅវេលាម៉ោង​០៖០០យប់ថ្ងៃទី​៣១ ខែមករា​

ចែករំលែក៖

អង់គ្លេស​ចាកចេញពីអឺរ៉ុបជាផ្លូវការហើយ នៅវេលាម៉ោង​​០៖០០នាទី ថ្ងៃទី​៣១​ឈានចូលថ្ងៃទី១ ខែកុម្ភៈ​២០២០ ។ នៅថ្ងៃទី​១ខែកុម្ភៈនេះអង់គ្លេសមិនមែនជាសមាជិក​សហគមន៍អឺរ៉ុបទៀតឡើយ ​ក្រោយរយៈពេល​៤៧ឆ្នាំ រួមសុខទុក្ខនឹងគ្នា​ ទីបំផុតក៏ត្រូវបង្ខំចិត្ត ចែកផ្លូវគ្នាទាំងក្តីអាល័យ។

នាយករដ្ឋមន្ត្រីអង់គ្លេស បាន​រៀបចំពិធី​ អបអរសាទរ​ នៅទីក្រុង Sunderland ​ដែលជាទីកន្លែង​ ចុងក្រោយបង្អស់ ប្រកាស​​លទ្ធផលបោះឆ្នោត គាំទ្រBrexit ​កាលពីឆ្នាំ​២០១៦។

ជាមួយគ្នានោះ កាក់ ៥០ សេន​ ដែលមាននិមិត្តសញ្ញា តំណាង​ឲ្យការចាកចេញពីអឺរ៉ុប ក៏បានចរាចរ​នៅលើទីផ្សា​រ ផងដែរ ។ ជាមួយគ្នានេះ ទង់ជាតិ អង់គ្លេស​នៅអឺរ៉ុបក៏បានដាក់ចុះ​ជាផ្លូវការ ក្រោយ​៤៧ ឆ្នាំបក់រវិកនៅទីនោះ 

នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ​បានថ្លែងថា​«មនុស្សគ្រប់រូប ពិតជានឹងស្មានមិនដល់​ថា​យើងមានពេលវេលានេះ​​។ ប៉ុន្តែក៏មានមនុស្សជាច្រើន យល់ឃើញថា មានអារម្មណ៍បាត់បង់​។ ខ្ញុំនាមខ្ញុំជាអ្នកដឹកនាំខ្ញុំនឹង​នាំមកនៅ​សមគ្គីភាព ​ដើម្បីឆ្ពោះទៅមុខ »។

ក្រៅពីពិធីអបអរ ពលរដ្ឋ ជាច្រើនដែលមិនគាំទ្រប្រេស៊ីដ ក៏បាននំាគ្នាដង្ហែរក្បួន​​ ជាទ្រង់ទ្រាយធំ​នៅអៀក ឡង់ខាងជើង ​ប្រឆាំង​ការចាកចេញពីអឺរ៉ុប។

ចាប់តាំងពីថ្ងៃទី​១ខែកុម្ភៈនេះទៅ​អង់គ្លេស នឹងចាប់ផ្តើម​ ផ្លាស់ប្តូរ​ថ្មី​ទាំងនយោបាយ​​ និងសេដ្ឋកិច្ច ។ ពេលនេះអង់គ្លេស មានរយៈពេល​១១ខែដើម្បីពិភាក្សា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីជាមួយសហគមន៍អឺរ៉ុប ។ ថ្ងៃទី១កុម្ភៈទៅ គឺជាទំព័រថ្មី នៃទំនាក់ទំនងរវាងអង់គ្លេស និងសហភាពអឺរ៉ុប ដែលទំនាក់ទំនងនេះ នៅមិនទាន់មានរូបរាងនៅឡើយទេ។ ហេតុដូច្នេះហើយ បានជាសហភាពអឺរ៉ុប និង​អង់គ្លេស បានព្រមព្រាងគ្នា ស្ថិតក្នុងរយៈពេលអន្តរកាល ១១ខែ ពោលគឺពីថ្ងៃទី​១កុម្ភៈ ដល់ថ្ងៃទី​៣១ធ្នូ ចុងឆ្នាំ២០២០។

ពេលនេះ អង់គ្លេសនឹងលែង​មាន​សិទ្ធិលែងមាន​ចំណែកអ្វីទៀតហើយ នៅក្នុង​ស្ថាប័ន ឬក្របខណ្ឌប្រជុំទាំងអស់របស់សហភាពអឺរ៉ុប។ កិច្ចប្រជុំកំពូល កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ការសម្រេចនានារបស់ក្រុមប្រឹក្សាអឺរ៉ុប និង​គណកម្មការអឺរ៉ុប គឺលែងមានវត្តមានអង់គ្លេសទៀតហើយ។​ នៅសភាអឺរ៉ុបវិញ ក៏លែងមានសមាជិកសភាតំណាងឲ្យប្រជាជនអង់គ្លេសទៀតដែរ។ អង់គ្លេស នឹងក្លាយជាអ្នកដ៏ទៃសុទ្ធសាធ។

តែអ្វីដែលមិនប្រែប្រួស សម្រាប់រយៈពេល​១១ខែនេះ គឺអង់គ្លេស ត្រូវបន្តអនុវត្តបទវិធាន ឬច្បាប់ទាំងអស់ ដែលមានធរមានកន្លងមក របស់សហភាពអឺរ៉ុប រហូតដល់ដាច់ឆ្នាំ​២០២០។ មានន័យថា​ ក្នុងវិស័យពាណិជ្ជ​កម្ម ការនាំចេញនាំចូល អត្រាពន្ធដា វិធានច្បាប់ទាក់ទិននឹងចរាចរណ៍មនុស្ស ឬទំនិញ បទដ្ឋានស្តង់ដារទំនិញ ចំណីអាហារ ឬថ្នាំពេទ្យ ពោលគឺទំនាក់ទំនងគ្រប់វិស័យទាំងអស់ មិនថាសុខាភិបាល សន្តិសុខ យុត្តិធម៌ ការអប់រំ ។ល។ គឺថាអង់គ្លេស ត្រូវបន្តគោរពច្បាប់វិធានរួមរបស់សហភាព​អឺរ៉ុប ទាំងអស់សិន រហូតទាល់តែដល់ថ្ងៃទី៣១ធ្នូ ទើបផុតសម័យអន្តរកាល។

ក្នុងកំឡុងពេល១១ខែ នៃសម័យអន្តរកាលនេះ សហភាពអឺរ៉ុប និងអង់គ្លេសត្រូវចរចាគ្នា គូសវាសទំនាក់ទំនងទាំងអស់នេះទៅថ្ងៃខាងមុខ ថាតើត្រូវធ្វើដូចម្តេចទៀត ត្រូវរាប់អានគ្នាដោយរបៀបណា ពោលគឺដូចជាមនុស្ស២នាក់ ដែលទើបតែស្គាល់គ្នាថ្មី ហើយត្រូវចាប់ផ្តើមកសាងទំនាក់ទំនងនឹងគ្នា ពីសូន្យទៅ។

 ការចរចាគ្នារវាងអឺរ៉ុបនិងអង់គ្លេស​ មិនមែនជារឿងងាយទេ ព្រោះថា​ម្នាក់ៗ​មានគោលជំហរ ចង់ការពារ​ផលប្រយោជន៍រៀងៗខ្លួន។ ១១ខែ​ គឺតិចណាស់ សម្រាប់​ការចរចា។ មាន​អ្នកវិភាគ​ខ្លះ បាន​លើកឡើង​ថា អង់គ្លេស និងសហភាពអឺរ៉ុប ប្រាកដ​ជាពន្យាពេលសម័យអន្តរកាលនេះ ថែម១ឆ្នាំ ឬក៏អាច២ឆ្នាំទៀតផងក៏មិនដឹង។ បើសិនចង់ពន្យា គឺអង់គ្លេសត្រូវដាក់ពាក្យសុំ ឲ្យ​បាន​មុនថ្ងៃ​ទី​​១​ខែ​កក្កដា។

តែយ៉ាងណា លោកបូរីស ចនសុន នាយករដ្ឋមន្ត្រីអង់គ្លេស ធ្លាប់បានអះអាងហើយ ថាលោក​មិនចង់បន្ត​រយៈ​ពេល​អន្តរកាល​នេះឲ្យ​យូរ​ហួសពី១១ខែទេ។ លោកចនសុន ចង់ធ្វើវាឲ្យដាច់ស្រេចអស់ មុនដាច់ឆ្នាំ២០២០។ ទាក់ទិននឹងអនាគតទំនាក់ទំនងពាណិជ្ជកម្ម រវាងសហភាពអឺរ៉ុប និងអង់គ្លេស គឺលោកបូរីស ចន​សុន បានបញ្ជាក់ថា លោកចង់យកគម្រូ តាមកិច្ចព្រមព្រាងពាណិជ្ជកម្មសេរី ដែលអឺរ៉ុបបានចុះហត្ថ​លេខា​ ​ជាមួយ​កាណាដា។ មាន​គម្រូ​ស្រាប់អ្វីៗនឹងលឿនរហ័ស។

តែយ៉ាងណា ក្រៅពី​ទំនាក់ទំនង​ពាណិជ្ជកម្ម នៅ​មាន​វិស័យ​ផ្សេងទៀត ដែល​ត្រូវ​​រកឲ្យបាននូវកិច្ចព្រមព្រាងដែរ។ ដូចជាផ្នែកសន្តិសុខ កិច្ច​សហប្រតិបត្តិកា​រនៃ​ប្រព័ន្ធ​យុត្តិធម៌ កិច្ចសហប្រតិបត្តិការ​ក្នុងវិស័យអប់រំ វិស័យសុខាភិបាលជាដើម។ លោកស្រី អៀរស៊ូឡា វ៉ុន ដឺឡេយិន ប្រធានគណកម្មការអឺរ៉ុប បានទទួលស្គាល់ថា រយៈពេល១១ខែខ្លីណាស់ សម្រាប់ចរចាលើបញ្ហាទាំងអស់នេះ។ សម្រាប់ភាគីអឺរ៉ុប គេ​មិនមែន​ចង់រត់តាមពេលវេលានោះទេ។ កិច្ចព្រមព្រាងនីមួយៗ ត្រូវមានខ្លឹមសារការពារផលប្រយោជន៍គេ មិនមែនចេះតែចុះហត្ថលេខាឲ្យតែបានៗ ដោយសារខ្លាចដល់ពេលកំណត់នោះឡើយ។

បញ្ហានេះហើយ ដែលជាការព្រួយបារម្ភ។ សេណារីយ៉ូនេះ អាចនឹងកើតឡើងបាន ដូចពេលកន្លងមក​។ ដល់ថ្ងៃកំណត់នៅតែចរចាគ្នាមិនត្រូវ។ ទាក់ទិននឹងបញ្ហានេះ លោកស្រី ប្រធានគណកម្មការអឺរ៉ុប បាន​លើកឡើង​ថា ភាគីទាំង២ច្បាស់ជាត្រូវសម្រេចចិត្ត​ រើសយកតែវិស័យអាទិភាពមួយចំនួន​ មកចរចាមុនសិន​។ មាន​ន័យថា បើមិនបានទាំងអស់ ក៏ត្រូវបាន​កិច្ចព្រមព្រាងក្នុងវិស័យសំខាន់ៗមុនដែរ។ វិស័យសំខាន់នោះ គឺទំនាក់ទំនងពាណិជ្ជកម្ម ចរាចរណ៍ទំនិញ ចរាចរណ៍មនុស្ស អត្រាពន្ធដា និងស្តង់ដាទំនិញ​​​គ្រប់ប្រភេទ​ជាដើម។

បើដល់ថ្ងៃទី​១មករា ឆ្នាំ២០២១ នៅតែគ្មានកិច្ចព្រមព្រាង ​ គឺមានន័យថា អង់គ្លេសនឹងត្រូវចាកចេញ​ពី​ទីផ្សាររួមរបស់អឺរ៉ុប ដោយពុំមាន​កិច្ចព្រមព្រាងអ្វីទាំងអស់។ បញ្ហានេះនឹងធ្វើឲ្យមាន​ការលំបាក ​វិបត្តិសេដ្ឋកិច្ច​ប្រាកដ​ជា​កើតមាន​សម្រាប់ក្រុមហ៊ុន សហគ្រាសមិនថាខាងប្រទេសទាំង២៧របស់អឺរ៉ុប មិន​ថា​ខាងអង់​គ្លេស​។​ ប្រទេស​មួយចំនួន ដូចជាបារាំងជាដើម ដែលមានព្រំដែន​ជាប់ជាមួយ​អង់គ្លេស តាមរយៈផ្លូវក្រោម​សមុទ្រ​ គឺគេបានត្រៀមជើងព្រួលរួចខ្លះ​ហើយ ទាក់ទិននឹងការត្រួតពិនិត្យទំនិញ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print