ភ្នំពេញ៖ បន្ទប់ជួល មួយកន្លែងត្រូវបានអគ្គិភ័យ ឆាបឆេះបណ្តាលអោយរបស់របរក្នុងបន្ទប់ទាំងមូលរងការខូចខាតទាំងស្រុង ខណៈពេល ដែលម្ចាស់ចាក់សោរទុកចោលចាកចេញទៅធ្វើការបាត់។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីម៉ោងជិត១រសៀល ថ្ងៃទី០១ ខែកុម្ភះឆ្នាំ ២០២០ នៅចំណុច ផ្ទះលេខ ១១៦H ផ្លូវទន្លេមេគង្គ ភូមិ គៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះដែលត្រូវភ្លើង ឆេះឈ្មោះ ហាក់ សេង ហួតភេទប្រុសអាយុ៦៥ឆ្នាំ ដែលបាន សាងសង់ជាបន្ទប់ជួល។ចំណែកអ្នកជួលផ្ទះ ពុំស្គាល់ឈ្មោះឡើយ ដោយទៅធ្វើការបាត់។
ប្រភពពត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញ ផ្សែងហុយខ្មួលខ្មាញ់ចេញពីបន្ទប់លេខ ៤ ដែលម្ចាស់ចាក់សោរទុកចោលរួចចេញទៅធ្វើការបាត់។ភ្លាមៗនោះ បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក្បែរខាងនាំគ្នា វាយបំបែកកញ្ចក់បង្អួច និងធាក់ទ្វារចូលបាញ់ពន្លត់ពុំអាចទប់ស្កាត់បានក៏បានហៅរថយន្តពន្លត់អគ្គីភ័យ របស់ក្រុមហ៊ុន O C I C ចំនួន៣គ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់ ហើយ ភ្លើង បានរលត់ទៅវិញ ពុំបណ្តាលអោយឆេះរាលដាល់ឡើយ។
បើតាមនគរបាលមានការសង្ស័យ ថា បណ្តាលមកពីម្ចាស់បន្ទប់ជួលដុតធូបសែនថ្ងៃសីល៍ហើយចាក់សោរផ្ទះទុកចោលទៅធ្វើការ ក៏កើតមានអគ្គីភ័យ តែម្តង។ទោះបីជាយ៉ាងណាតាមព័ត៌មានខ្លះទៀតថាបណ្តាលមកពីទុស្សេខ្សែភ្លើង ។
តាមនគរបាលមូលដ្ឋាន បានអោយដឹងថា សម្ភារះរួមមានពូក និងរបស់របរមួយចំនួន នៅក្នុងបន្ទប់ត្រូវភ្លើង ឆេះរងការខូចខាតទាំងស្រុង ៕
ដោយ៖ ជ្រោយពេជ្រ