ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចតេជោនាយករដ្ឋមន្ត្រីបានឆ្លើយតបសំណួរប្រជាពលរដ្ឋទាក់ទងបញ្ហាប័ណ្ណបើកបរម៉ូតូ ។
មជ្ឈមណ្ឌលព័ត៌មាននគរវត្ត សូមដកស្រង់យកមកចុះផ្សាយទាំងស្រុងដូចខាងក្រោមៈ
«ខ្ញុំសូមឆ្លើយបញ្ជាក់ទៅនិងសំណួរប្រជាពលរដ្ឋខាងក្រោម:-
១-ប្រសិនបើប្រជាពលរដ្ឋបានបង់លុយសម្រាប់ថ្លៃប្រឡងយកប័ណ្ណបើកបរម៉ូតូ (125CCចុះក្រោម) រួចហើយ ហើយការសំរេចថ្មីនេះបានកំណត់មិនអោយបង់លុយថ្លៃប័ណ្ណបើកបរ គឺសូមប្រជាពលរដ្ឋមកទទួលប្រាក់វិញគ្រប់ៗគ្នា។
២-ចំពោះប្រជាពលរដ្ឋដែលបានទទួលប័ណ្ណបើកបរម៉ូតូរួចហើយ (125CC ចុះក្រោម) ប្រសិនបើមានបំណងចង់ទទួលយកលុយវិញ គឺរាជរដ្ឋាភិបាលនឹងបង់ថវិកាសងវិញគ្រប់ចំនួនទៅតាមតម្លៃផ្លូវការដែលបានបង់រួចពីមុន។
NKD_Ear10Wx8H_outline
ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុឱ្យសហការជាមួយ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីចាត់វិធានការជូនបងប្អូនឱ្យបានឆាប់បំផុត ៕
——————————-
សំណូមពរពីប្រជាពលរដ្ឋ:-
សូមគោរពសម្តេចហ៊ុន សែន ជាទីស្រឡាញ់និងជារាប់អានដោយស្មោះអំពីរូបខ្ញុំបាទ ដោយខ្ញុំបានឮសេចក្តីប្រកាសថ្ងៃនេះថាមិនចាំបាច់មិនតម្រូវឲ្យបណ្ណបើកបរម៉ូតូចាំពីកម្លាំង125cc ចុះក្រោម តែចំពោះរូបខ្ញុំបានទៅពន្យាបណ្ណបើកបរនៅថ្ងៃទី29-12-2015 តើខ្ញុំបាទអាចដកប្រាក់មកវិញបានឬ? ខ្ញុំបាទសង្ឃឹមថាសម្តេចនឹងជួយសម្រួលបង្វិលប្រាក់ឲ្យមករូបខ្ញុំក៍ដូចជាប្រជាជនឯទៀតដែលទៅពន្យាបណ្ណបើកបរនិងធ្វើបណ្ណមុនថ្ងៃទី30-12-2015ហើយមិនទាន់ទទួលបានបណ្ណបើកបរម៉ូតូពីព្រោះប្រាក់ជាង70000នេះវាសំខាន់សម្រាប់ជីវភាពរូបខ្ញុំបាទណាស់។
ខ្ញុំបាទសូមគោរពដឹងគុណដ៍ជ្រាវជ្រៅចំពោះសម្តេចដែលបានរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ហើយពិសេសជាងនេះទៅសម្តេចបានយកចិត្តទុកដាក់ជួយដល់ប្រជារាស្ត្រដែលជួបការលំបាក។
សូមអរគុណនិងថ្លែងអំណរគុណជាថ្មីម្តងទៀត» ៕