ភ្នំពេញ ៖ ជនសង្ស័យ០៤នាក់ត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីធ្វើការឃាត់ខ្លួនបានក្រោយពីពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់មិនបានសម្រេច។ករណីនេះកើតឡើងកាលពីវេលាម៉ោង១៤ និង៣០នាទីថ្ងៃទី០៣ខែកុម្ភៈឆ្នាំ២០២០ នៅចំណុចខាងជើងផ្សាម៉ាក្រូ ផ្លូវ១០០៣ ភូមិបាយ៉ាសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនសង្ស័យទាំង៤នាក់រួមមាន ៖ ១-ឈ្មោះ នូ ដារ៉ូ ភេទប្រុស អាយុ១៨ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) , ២-ឈ្មោះ អេង ម៉េងហេង ភេទប្រុស អាយុ១៩ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) , ៣-ឈ្មោះ ទិត្យ វិស័ក្ត ភេទប្រុស អាយុ២៣ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវលំ ភូមិមិត្តភាព សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) , ៤-ឈ្មោះ សេត រ៉ាវិត ភេទប្រុស អាយុ១៨ ជនជាតិខ្មែរឥស្លាម មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវលំ ភូមិ៤ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) ។ចំណែកជនរងគ្រោះឈ្មោះ អ៊ឹម ចាន់ថា ភេទបុ្រស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនសំណង់ឯកជន ស្នាក់នៅផ្ទះលេខ៩២០ ផ្លូវជាតិលេខ១ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពី ។
សមត្ថកិច្ចបានអោយដឹងថាមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ១គ្រឿងតាមបណ្តោយផ្លូវ១០០៣ក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុជនរងគ្រោះបានកាន់ទូរស័ព្ទបំរ៉ុងខលស្រាប់តែលេចមុខក្រុមជនសង្ស័យ២នាក់ជិះម៉ូតូឌុបគ្នាមកពីក្រោយហើយបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីគាត់តែមិនបានសម្រេច។ក្រោយមកជនរងគ្រោះបានជិះម៉ូតូដេញតាមហើយស្រែកថាចោរៗពេលនោះកម្លាំងល្បាតខណ្ឌនឹងប៉ុស្តិ៍ដេញស្ទាក់ចាប់បាន២នាក់តែម្តង។សមត្ថកិច្ចបានបន្តទៀតថាក្រោយពីឃាត់ខ្លួនជនសង្ស័យបាន២នាក់រួចទើបឈានដល់ការឃាត់ខ្លួនបក្ខពួក២នាក់បន្តទៀតនៅខណ្ឌឫស្សីកែវសរុប៤នាក់។
សម្ភារៈបាត់បង់ គ្មាន ។ សម្ភារៈបន្សល់ទុក រួមមាន ម៉ូតូ០២គ្រឿង (១-ម៉ូតូម៉ាកស្កុបពី ពណ៌ស ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1GQ-1256 , ២-តូម៉ាកឡែត ពណ៌ស ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1FU-0233(របស់ជនសង្ស័យ) ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕