ភ្នំពេញ ៖ តបតាមការអញ្ជើញ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក ប៊ុន ញ៉ាំងវរជីត ( Bounnhang VORACHITH) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋតេយ្យប្រជាមានិតឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រពីថ្ងៃ០៩ ដល់ទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២០។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចុះថ្ងៃថ្ងៃព្រហស្បតិ៍១៣កើត ខែមាឃ ឆ្នាំឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ០៦ ខែកុម្ភៈឆ្នាំ ២០២០ ។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក ប៊ុន ញ៉ាំងវរជីត នឹងចូលគាល់ព្រះករុណ សម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហានៃព្រះរាជាណាចក្រ នៅក្នុងព្រះបរមរាជវាំង ។
លោក ប៊ុន ញ៉ាំងវរជីត នឹងមានជំនួបដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសាយ ឈុំ ប្រធានព្រឹទ្ធ សភា សម្តេចអគ្គមហាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ។
ក្នុងអំឡុងពេលស្នាក់នៅ លោក ប៊ុន ញ៉ាំងវរជីត នឹងអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខ័ន្ធនៅមណ្ឌប ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ប៊ុន ញ៉ាំងវរជីត គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យជ្រាលជ្រៅបន្ថែមទៀត ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ក៏ដូចជារឹតចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសនិងប្រជាជនដែលជាអ្នកជិតខាងឲ្យកាន់តែប្រសើរឡើងថែមទៀត ៕