ក្រសួងបរិស្ថានរៀបចំពិធីអបអរសាទរទីវាតំបន់ដីសើមនៅខេត្តបន្ទាយមានជ័យ ដើម្បីផ្សព្វផ្សាយពីសារៈប្រយោជន៍មហាសាលរបស់តំបន់សម្រាប់មនុស្ស-សត្វ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្រសួងបរិស្ថាន បានប្រារព្ធពិធីអបអរសាទរទិវាតំបន់ដីសើមពិភពលោក នៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានមានការចូលរួមពី ថ្នាក់ដឹកនាំ និង មន្រ្តីក្រសួបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរខេត្តបន្ទាយមានជ័យ និង ខេត្តឧត្តរមានជ័យ អង្គការសមាគមន៏អភិរក្សសត្វព្រៃកម្ពុជា អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស យ៉ាងច្រើនកុះ។ ទិវាតំបន់ដីសើមពិភពលោកឆ្នាំនេះ ប្រព្រឹត្តទៅក្រោមប្រធានបទ “តំបន់ដីសើម និងជីវៈចម្រុះ” ដែលបង្ហាញដល់សាធារណជនពីទំនាក់ទំនង និងភាពសម្បូរបែបនៃជីវៈចម្រុះនៅតាមតំបន់ដីសើម ហើយទាំងនេះជាមុខងារមួយនៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើម។
លោក កែន សេរីរដ្ឋា ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា បាននបញ្ជាក់ថា ពិភពលោកបានបាត់បង់ដីសើមអស់១ភាគ៣ នៃតំបន់ដីសើមទាំងអស់តាំងពីឆ្នាំ១៩៧០មកម្ល៉េះ។ ហើយមនុស្សជាង១ពាន់លាននាក់នឹងជួបបញ្ហាខ្វះទឹកនិងចំណីអាហារ។ ហើយ៤០ភាគរយនៃសត្វព្រៃគ្រប់ប្រភេទត្រូវរងគ្រោះ។ លោកបានបញ្ជាក់ថាតំបន់ការពារទេសភាពអាងត្រពាំងថ្ម កំពុងត្រូវបានអភិរក្ស ហើយក្លាយជាតំបន់ទេសសចរណ៍ផ្នែកស្រាវជ្រាវនិងផ្នែកទស្សនាសត្វស្លាបយ៉ាងសំខាន់នាពេលបច្ចុប្បន្ន។
លោកបានមានប្រសាសន៍ថា៖ តាមរយៈការចូលអភិរក្សសត្វស្លាបកន្លងមកគឹទទួលបានជោគជ័យក្នុងនេះគេឃើញសត្វស្លាបបានកើនចំនួនជាបន្តបន្ទាប់។ទន្ទឹមជាមួយគ្នាក៏មានបញ្ហាប្រឈមមួយចំនួនដែរក្នុងនេះដូចជាការប្រឈមទៅនឹងទីជម្រកសត្វស្លាប ដោយសារតែការរីកចម្រើនក្នុងតំបន់នេះដែលធ្វើឱ្យពលរដ្ឋកាប់ស្ការព្រៃ ការសង់លំនៅដ្ឋាននិងការធ្វើដំណាំកសិកម្មដែលប្រើសារជាតិគីមីជាដើម។
ដោយឡែក លោក អោម ចន្ថា អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា នៅក្នុងខេត្តបន្ទាយមានជ័យ មានតំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ដីសើមជាច្រើនកន្លែង។ លោក បានឱ្យដឹងបន្ថែមថាការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិឱ្យគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ ក៏ដូចជាការអភិវឌ្ឍន៍វិស័យទេសចរណ៍ទៅថ្ងៃខាងមុខ។
ក្នុងឱកាសនោះ លោក ស្រ៊ុន ដារិទ្ធ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់តំបន់ដីសើម ៥កន្លែង ទៅជាតំបន់ដីសើមដែលមានសារៈសំខាន់ជាអន្តរជាតិ ដែលមានឈ្មោះថាតំបន់រ៉ាមសារ គឺ តំបន់រ៉ាមសារស្ទឹងត្រែង នៅខេត្តស្តឹងត្រែង តំបន់រ៉ាមសារកោះកាពិ នៅខេត្តកោះកុង និងតំបន់រ៉ាមសារបឹងឆ្មារ ព្រែកទាល់ និងស្ទឹងសែន ស្ថិតក្នុងប្រព័ន្ធអេកូឡូស៊ីតំបន់បឹងទន្លេសាប។ លើសនេះទៀតប្រទេសកម្ពុជាយើង ក៏បានកំណត់តំបន់ដីសើមសំខាន់ៗមួយចំនួន ទៅជាតំបន់ការពារធម្មជាតិ ដែលក្នុងនោះមាន តំបន់ប្រើប្រាស់ច្រើនយ៉ាងចំនួន ៥កន្លែង គឺ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ដងពែង ពញាក្រែកព្រែកទឹកសាប ក្បាលឆាយ និងបឹងយក្ខឡោម និងតំបន់ការពារទេសភាពចំនួន ៦កន្លែងទៀតគឺ តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប អន្លង់ព្រីង អាងត្រពាំងថ្ម បឹងព្រែកទប់ បឹងលំកុដ និងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ ទន្ទឹមនឹងនោះក្រសួងបរិស្ថានមានផែនការដាក់បញ្ចូលតំបន់ដីសើមសំខាន់ៗមួយចំនួនទៀត ទៅជាតំបន់រ៉ាមសារ ដែលរួមទាំងតំបន់ការពារទេសភាពអាងត្រពាំងថ្មយើងនេះផងដែរ ដែលតំបន់នេះត្រូវបានគេរកឃើញថា ជាតំបន់ដីសើមដែលមានតួនាទីយ៉ាងសំខាន់ ជួយកាត់បន្ថយទឹកជំនន់ កាត់បន្ថយគ្រោះរាំងស្ងួត ទ្រទ្រង់ដល់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាប្រភពចំណីដ៏សំខាន់សម្រាប់សត្វព្រៃជាច្រើនប្រភេទ ជាពិសេសសត្វរមាំង ក្រៀល ខ្សឹប ទុងប្រផេះ រនាលពណ៍ រនាលស ត្រដក់តូច ត្រដក់ធំ ប្រភេទសត្វស្លាបទេសន្តរប្រវេសន៍ និងប្រភេទសត្វស្លាបសំខាន់មួយចំនួនទៀត ដែលជាប្រភេទទទួលរងនូវការគំរាមកំហែង និងជិតផុតពូជលើពិភពលោកផងដែរ។
លោករដ្ឋលេខាធិការ បានថ្លែងដែរថា តំបន់ដីសើមមួយចំនួនធំនៅលើពិភពលោក រួមទាំងកម្ពុជាផងដែរបាននិងកំពុងបាត់បង់ និងមួយចំនួនទៀតកំពុងរងការគំរាមកំហែង ដូចជាការកែប្រែប្រើប្រាស់ដីក្នុងតំបន់ដីសើម ការបង្វែរចរន្តទឹកហូរ ការសាងសង់លំនៅដ្ឋាន ការទន្ទ្រានដី ការដុតព្រៃចាប់សត្វក្នុងតំបន់ដីសើមជាដើម។ល។ ចំពោះបញ្ហានេះ ឯកឧត្តម ស្រ៊ុន ដារិទ្ធ បានលើកទឹកចិត្តដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចគ្រប់ប្រភេទ សហការចូលរួមការពារ និងអភិរក្សនៅតាមតំបន់ការពារធម្មជាតិ។
គួរបញ្ជាក់ថាទិវាតំបន់ដីសើមពិភពលោក ត្រូវបានគេប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ២ខែកុម្ភៈដើម្បីអបអរការអនុម័តអនុសញ្ញាស្តីពីតំបន់ដីសើម (អនុសញ្ញារ៉ាមសារ) នៅថ្ងៃទី២ ខែកុម្ភៈឆ្នាំ១៩៧១ ។ សម្រាប់កម្ពុជា ជាប្រទេសចុះហត្ថលេខីមួយក្នុងចំណោមប្រទេស១៧១ លើពិភពលោក ដែលមានកាតព្វកិច្ចគ្រប់គ្រង អភិរក្សនិងការពារតំបន់ដីសើមដែលមាននិងមានសារសំខាន់ជាអន្តរជាតិ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print