ប្រទេសចិន៖ ក្រុមអ្នកឯកទេសវិភាគមួយចំនួនបានលើកឡើងថា ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា និងប៉ះពាល់យ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ច ចិន ដែលជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទីពីរនៅលើពិភពលោក។ ក្រៅពីនេះក៏បង្កឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចបណ្តាប្រទេស ជុំវិញពិភពលោកផងដែរ។
នៅក្នុងជំនួបពិភាក្សាតាមទូរទ័ព្ទ ជាមួយប្រធានាធិបតីអាមេរិកដូណាលត្រាំ ចាប់តាំងពីវីរុសកូរ៉ូណាផ្ទុះឡើង ប្រធានាធិបតី ស៊ី ជីនពីង បានបញ្ជាក់ប្រាប់លោកត្រាំថាចិន មានជំនឿយកឈ្នះសង្គ្រាមប្រឆាំងវីរុសនេះ។ នៅពេលនេះការប្រឆាំងវីរុសកូរ៉ូណាកំពុងតែមានប្រសិទ្ធភាព ។ ប្រធានាធិបតីស៊ី ជីនពីងបញ្ជាក់ទៀតថា សេដ្ឋកិច្ចចិន មិនរងផលប៉ះពាល់ដោយវីរុសកូរ៉ូណានោះឡើយ ។
សារព័ត៌មានរដ្ឋចិនបានផ្សាយថា លោក ស៊ី ជីនពីង នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ បានថ្លែងជាមួយប្រធានាធិបតី ដូណាល់ ត្រាំ តាមរយៈទូរស័ព្ទអំពីការឆ្លងរាលដាលជំងឺកូរ៉ូណា ។ ទីក្រុងប៉េកាំងបានសង្កត់ធ្ងន់ថា ខ្លួនមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការប្រយុទ្ធប្រឆាំងការរីករាលជំងឺកូរ៉ូណានេះ ។
ប្រព័ន្ធផ្សព្វផ្សាយ CCTV បានផ្សាយថា លោក ស៊ី បានប្រាប់លោក ត្រាំថា ចិន«មានទំនុកចិត្ត និងសមត្ថភាពនៅក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនេះ» ហើយថា «និន្នាការរយៈពេលវែងអភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើននោះគឺពុំមានការផ្លាស់ប្តូរអ្វីឡើយ» ។
សេតវិមានបានចេញសេចក្តីថ្លែងការណ៍មួយថា លោកប្រធានាធិបតី ត្រាំ «បានសម្តែងទំនុកចិត្តទៅលើកម្លាំង សមត្ថកភាព និងភាពអត់ធន់របស់ចិននៅក្នុងការប្រឈមមុខតទល់ជាមួយការឆ្លងរាលដាលជំងឺកូរ៉ូណា (2019-nCoV)»។
ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិនបានផ្សាយទៀតថា «មេដឹកនាំប្រទេសទាំងពីរបានយល់ព្រមគ្នាបន្តពង្រីកការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរផងដែរ» ។
ជាលទ្ធផល មកទល់ពេលនេះ អ្នកជំងឺឆ្លងវីរុសកូរ៉ូណាថ្មីសរុប ១,៥៤០នាក់ជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ។ គណៈកម្មការសុខាភិបាលចិនបានបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ អ្នកជំងឺឆ្លងវីរុសកូរ៉ូណាថ្មី ៣៨៧នាក់ឯណោះបានជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នាព្រឹកថ្ងៃសុក្រ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២០។
អាជ្ញាធរចិនបានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃ នៅព្រឹកថ្ងៃសុក្រនេះ អំពីស្ថានភាពនៃការរីករាលដាលវីរុសកូរ៉ូណាថ្មី នៅទូទាំងផ្ទៃប្រទេស ក្នុងនោះចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៦៣៦នាក់ និងឆ្លង ៣១,១៦១នាក់នៅក្នុងខេត្ត និងតំបន់សរុបចំនួន ៣១ របស់ចិន។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មនុស្ស ៧៣នាក់បន្ថែមទៀតបានបាត់បង់ជីវិត ដោយក្នុងនោះ ៦៩នាក់នៅខេត្តហ៊ូប៉ី (Hubei) ម្នាក់នៅខេត្តជីលីន (Jilin), ម្នាក់នៅខេត្តហេណា (Henan), ម្នាក់នៅក្វាងទុង (Guangdong) និងម្នាក់ទៀតនៅខេត្តហៃណាន (Hainan)។ បន្ថែមពីនេះក៏មានអ្នកជំងឺ ឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ៤,៨៣៣នាក់ផងដែរត្រូវបានរាយការណ៍ផងដែរ។
ដើម្បីបង្កើនប្រសិទ្ធភាពទប់ស្កាត់ ចិនបញ្ជូនបុគ្គលិកពេទ្យជាង១០,០០០នាក់ ទៅខេត្ត Hubei និងទីក្រុង Wuhan ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណាថ្មី ។
សារព័ត៌មានស៊ីនហួនៅថ្ងៃទី៧ខែកុម្ភៈបានផ្សាយថា បុគ្គលិកពេទ្យសរុប ១០,៥៩៦នាក់ត្រូវបានបញ្ជូនទៅកាន់ខេត្ត ហ៊ូប៉ី (Hubei) នៅភាគកណ្តាលប្រទេសចិន ដើម្បីជួយដល់កិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំង ការរីករាលដាលនៃវីរុសកូរ៉ូណា 2019-nCoV។
លោក យ៉ាង យុនយ៉ាន (Yang Yunyan) អភិបាលរងខេត្ត Hubei បានឲ្យដឹងថា ខេត្តរបស់លោកទទួលបានបុគ្គលិកពេទ្យចំនួន ១០៧ក្រុមមកពីខេត្ត ក្រុង និងតំបន់ស្វយ័យចំនួន ២៩ ព្រមទាំងពីកងទ័ពចិនផងដែរ។ បុគ្គលិកទាំងអស់នោះត្រូវបានបញ្ជូនមកទីនេះ ដើម្បីជួយទប់ទល់នឹងវីរុសកូរ៉ូណាប្រភេទថ្មី។ លោក Yang បានគូសបញ្ជាក់ថា តាមពិតទៅគ្រឿងបរិក្ខាវេជ្ជសាស្រ្តគឺមានគ្រប់គ្រាន់រួចហើយ ប៉ុន្តែខេត្ត Hubei នៅត្រូវការបុគ្គលិកពេទ្យប្រមាណ ២,២៥០នាក់ទៀត ជាពិសេសខាងផ្នែកផ្លូវដង្ហើម ផ្នែកថែទាំអ្នកជំងឺចាំបាច់ និងផ្នែកទប់ស្កាត់ជំងឺឆ្លង។
គួរជម្រាបថា យោងតាមរបាយការណ៍នៅព្រឹកថ្ងៃសុក្រនេះ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា 2019-nCoV នៅទូទាំងប្រទេសចិនបានកើនឡើងដល់ ៦៣៦នាក់ និងឆ្លងដល់ ៣១,១៦១នាក់ បន្ទាប់ពីថ្ងៃព្រហស្បតិ៍ម្សិលមិញ មានមនុស្ស៧៣នាក់បន្ថែមទៀត បានបាត់បង់ជីវិត។ ជាមួយគ្នានេះអ្នកជំងឺសរុប១,៥៤០នាក់ ក៏បានជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យផងដែរ៕
ដោយ៖ មែវ សាធី