ខេត្តបន្ទាយមានជ័យ៖ កម្មកររោងចក្ររបស់ក្រុមហ៊ុនស៊ីសុផុនហុងសេងស្ព័តវ៉ែរឯក ផលិតសម្លៀកបំពាក់កីឡាស្ថិតនៅវិថី៧មករា ភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំនួនជាង១.០០០នាក់ នាព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ បានផ្ទុះបាតុកម្មតវ៉ាអហិង្សាលើកដំបូង ដោយប្រឆាំងនឹងឈ្មោះលោកតា លេក ជនជាតិថៃជាអ្នកគ្រប់គ្រងផ្នែកទូទៅ លោកសម្បត្តិផ្នែករដ្ឋបាល និងលោកយាយ តី ផ្នែកគណនេយ្យ ដោយក្រុមកម្មករចោទប្រកាន់ថា អ្នកគ្រប់គ្រងលើបុគ្គលិក នៃរោងចក្រទាំង៣នាក់នេះបានរំលោភសិទ្ធិសេរីភាពនិងសិទ្ធិមនុស្សលើកម្មករជាខ្លាំង ទាំងផ្លូវកាយផ្លូវចិត្ត ទាំងការហូបចុក ,ការចូលបង្គន់និងការផឹកទឹកជាដើម។
កម្មការិនីម្នាក់ឈ្មោះ ស្ងួន ចំរើន អាយុ៣១ឆ្នាំ រស់នៅភូមិអន្ទង់ថ្ងាន់ឃុំបត់ត្រង់ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា បុរសជនជាតិថៃផ្នែកគ្រប់គ្រងផ្នែកទូទៅនិងបុរសស្ត្រីជនជាតិកម្ពុជាផ្នែករដ្ឋបាលនិងផ្នែកគណនេយ្យ៣នាក់នេះបានរំលោភសិទ្ធិកម្មករខ្លាំងពេកទើបពួកខ្លួនទ្រាំមិនបានហើយក៏ផ្ទុះបាតុកម្មសុំទម្លាក់អ្នកទាំង៣នេះចេញនិងដាក់អ្នកថ្មីចូលជំនួសវិញ ។
ចំណែកក្រុមកម្មករនិយាយថា ពួកគេអរគុណនិយោជក(ថៅកែ)និងម្ចាស់ភាគហ៊ុនដែលបានបោះទុនបង្កើតរោងចក្រនិងផ្តល់ការងារឲ្យពួកគេមានការធ្វើនៅនឹងជិតផ្ទះសម្បែង ព្រមទាំងផ្តល់នូវផលប្រយោជន៍និងលក្ខខណ្ឌងាយស្រួលដល់ពួកគេ។ ប៉ុន្តែពួកគេផ្ទុះបាតុកម្មនេះគឺសុំឱ្យថៅកែរោងចក្រដកចេញបុរស ស្ត្រីទាំង៣នាក់ដែលជាអ្នកគ្រប់គ្រងតាមផ្នែកនេះចេញ ព្រោះពួកគេទាំង៣នាក់ រំលោភសិទ្ធិសេរីភាពនិងសិទ្ធិមនុស្សលើកម្មករជាខ្លាំងទាំងផ្លូវកាយផ្លូវចិត្តទាំងការហូបចុក សូម្បីចូលបង្គន់ឬ ផឹកទឹក ក៏សន្តីឲ្យកម្មករដែរ ។
កម្មករទាំងនេះបានលើកយកច្បាប់ស្តីពីការងារចំនួន៧ចំណុចឱ្យថៅកែជួយដោះស្រាយ៖១សុំឱ្យថៅកែផ្អាកការងារបុគ្គលិក៣នាក់ខាងលើ ។ ២-ការស្កែនមេដៃរបស់កម្មករមិនទាន់ឱ្យកាត់តែ២ដុល្លារបានហើយ។៣-សូមគិតពលកម្មសម្រាប់ថ្ងៃទី៣១ផង។៤-ស្នើបន្ថែមកន្លែងផឹកទឹក។ ៥-សុំពេលម៉ោងសម្រាកពីការងារឲ្យបានទៀងទាត់។ ៦-សុំកុំបង្ខំឲ្យកម្មករស្កែនមេដៃហួសហេតុពេក ៧-សុំសម្រាកមុនម៉ោងរយៈពេល១០នាទី។ ៨-សុំថៅកែរោងចក្រគិតលុយថ្លៃប្រាក់ឈ្នួលលើសម៉ោងទើបកម្មករមានកម្លាំងធ្វើការ។ លុយឈប់សម្រាកប្រចាំឆ្នាំមានចំនួន១៨ថ្ងៃបើកម្មករនៅតែធ្វើជាប់ថៅកែត្រូវផ្តល់ប្រាក់ឲ្យកម្មករ១៩៧ដុល្លារ ក្នុង១ឆ្នាំខណៈឆ្នាំនេះថៅកែអត់គិតឱ្យកម្មករទេ។
ទាក់ទិនការតវ៉ារបស់កម្មករនេះ លោកហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ, លោករស់សារុំប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បន្ទាយមានជ័យ និងមន្ត្រី បានអញ្ជើញទៅសម្របសម្រួលនិងយកបញ្ហាកង្វល់របស់កម្មកររទៅដោះស្រាយជាមួយថៅកែរោងចក្រ ហើយលទ្ធផលទទួលបានបែបណានោះ អាជ្ញាធរមូលដ្ឋាននឹងជម្រាបពេលក្រោយ ៕
ដោយ៖ សហការី