ខេត្តកណ្តាល៖ បុរសម្នាក់ធ្វើសកម្មភាពលួចម៉ាស៊ីនបូមទឹករបស់ប្រជាពលរដ្ឋស្រុកកោះធំយកទៅលក់ស៊ីចាយអស់ ដោយភ័យខ្លាចសមត្ថកិច្ចនគរបាលចាប់ខ្លួនបុរសរូបនេះបានព្យាយាមរត់ចេញពីមូលដ្ឋានឃុំខ្ពបអស់រយៈពេលជាច្រើនឆ្នាំ ។
ពេលត្រឡប់មកវិញក៏ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលខ្ពបចាប់ខ្លួន កាលពីវេលាម៉ោង២២ និង១០នាទី ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ នៅភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង ដោយអនុវត្តតាមដីកាបង្គាប់របស់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមច្បាប់ ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនត្រូវចោទដែលត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលខ្ពបឃាត់ខ្លួននោះមានឈ្មោះ យ៉យ យ៉ុន ភេទប្រុស អាយុ៣១ឆ្នាំ ជនជតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅក្នុងភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង ។ ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១៤៨ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៤ ចុះហត្ថលេខាដោយលោក សាយ សម្ជស្សសេរី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ។ សម្រេចចោទប្រកាន់ពីបទ “អំពើលួច” តាមមាត្រា៣៥៦នៃក្រមព្រហ្មទណ្ឌ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៤ នៅភូមិព្រែកម្រេញ ឃុំពោធិ៍បាន ស្រុកកោះធំ ។
មាត្រា៣៥៦នៃក្រមព្រហ្មទណ្ឌបានចែងថា ទោដែលត្រូវអនុវត្តអំពើលួច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែរហូតដល់៣ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀលរហូតដល់៦លានរៀល ។
មន្ត្រីនគរបាលស្រុកស្អាងបានបញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០១៤ ជនត្រូវចោទឈ្មោះ យ៉យ យ៉ុន បានធ្វើសកម្មភាពដើរលួចម៉ាស៊ីបូមទឹករបស់ប្រជាកសិករនៅភូមិព្រែកម្រេញ ឃុំពោធិ៍បាន ស្រុកកោះធំ គ្រាដែលប្រជាកសិករទុកម៉ាស៊ីនបូមទឹកចោលនៅតាមវាលស្រែ ។ ក្រោយពីធ្វើសកម្មភាពលួចម៉ាស៊ីនបូមទឹករបស់ប្រជាកសិករបានជាបន្តបន្ទាប់រួចមកឈ្មោះ យ៉យ យ៉ុន បានរត់គេចខ្លួនចេញពីមូលដ្ឋាន ខណៈដែលជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលទៅសមត្ថកិច្ចនគរបាលស្រុកកោះធំ ។ បន្ទាប់មកសមត្ថកិច្ចនគរបាលស្រុកកោះធំបានកសាងសំណុំរឿងនិងសាវតាជាតិឈ្មោះ យ៉យ យ៉ុន បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល រហូតមានដីកាបង្គាប់ឲ្យចាប់ខ្លួន ហើយត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលខ្ពបអនុវត្តចាប់ខ្លួនជនត្រូវចោទបានកាលពីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៥ ខណៈដែលជនត្រូវចោទលបចូលមកមូលដ្ឋានវិញ ៕
ដោយ៖ ស្អាងជ័យ