ហាណូយ ៖ តាមការចេញផ្សាយរបស់ប្រភពព័ត៌មានវៀតណាម vnexpress កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានបញ្ជាក់ថា អ្នកជំងឺរលាកសួតបង្កឡើងដោយវីរុសកូរ៉ូណាថ្មី ឬ 2019-nCoV នៅក្នុងប្រទេសវៀតណាម បានកើតឡើងចំពោះក្មេងស្រីម្នាក់អាយុទើបបាន៣ខែថែមមួយករណីទៀត ។
ប្រភពបានបញ្ជាក់ថា អ្នកជំងឺក្មេងស្រីម្នាក់នេះថែមទៀត ធ្វើឲ្យប្រទេសវៀតណាមមានអ្នកជំងឺកូរ៉ូណាសរុប១៥ករណី ក្នុងនោះ ខេត្ត Vinh Phuc តែមួយ មានអ្នកជំងឺកូរ៉ូណានេះចំនួន១០ករណី ។
កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ក្មេងស្រីរូបនេះត្រូវបាននាំយកទៅលេងផ្ទះជីដូនរបស់គេ ដែលស្ថិតនៅឯទីក្រុង Binh Xuyeng ខេត្ត Vinh Phuc ប្រទេសវៀតណាម ។
ប្រភពដដែលបន្តថា ស្ត្រីជាជីដូនរូបនោះបានប៉ះពាល់ និងឆ្លងជំងឺពីកូនស្រីអាយុ២៣ឆ្នាំ របស់គាត់ ដែលជាកម្មករម្នាក់ ក្នុងចំណោម៨នាក់ ត្រូវបានបញ្ជូនឲ្យទៅបណ្តុះបណ្តាលនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលរបស់ប្រទេសចិន ទីដែលផ្ទុះជំងឺនេះខ្លាំងបំផុត កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ហើយបានវិលត្រឡប់មកកាន់ប្រទេសវៀតណាមវិញ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ។
ក្នុងចំណោមកម្មករទាំងនោះ កម្មករ៦នាក់ពិនិត្យឃើញមានផ្ទុកជំងឺកូរ៉ូណា ខណៈ២នាក់ទៀតកំពុងរង់ចាំលទ្ធផលធ្វើតេស្តិ៍។
ក្រោយពីជីដូនរបស់ក្មេងស្រីធ្វើតេស្តិ៍ចេញលទ្ធផលវិជ្ជមានជំងឺ 2019-nCoV, មជ្ឈមណ្ឌលគ្រប់គ្រងជំងឺខេត្ត បានដាក់ក្មេងស្រី និងម្តាយរបស់នាងឲ្យនៅឆ្ងាយដាច់ពីគ្នា ក្រោយពេលដែលពួកគេបានទាក់ទងប៉ះពាល់ជាមួយអ្នកជំងឺ ដែលជាជីដូនរបស់គេនោះរួចមក ។
នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្មេងស្រីរូបនោះមានអការក្អក ប៉ុន្តែមិនមានផ្តាសាយនោះទេ ។ លទ្ធផលធ្វើតេស្តិ៍ឈាមឃើញថា នាងមានផ្ទុកវីរុសកូរ៉ូណាថ្មី nCoV ។ ម្តាយរបស់ក្មេងស្រីមានសុខភាពល្អនោះទេ ប៉ុន្តែ ក៏ត្រូវបានតម្រូវឲ្យនៅដាច់ឆ្ងាយតែឯង ស្ថិតនៅក្នុងមន្ទីរពេទ្យក្នុងតំបន់មួយ ដើម្បីរង់ចាំលទ្ធផលធ្វើតេស្តិ៍ផងដែរ ។
បណ្តាញផ្សព្វផ្សាយព័ត៌មានវៀតណាមបានផ្សាយថា រហូតមកដល់ពេលនេះ វៀតណាមមានអ្នកជំងឺកូរ៉ូណា១៥នាក់, ៦នាក់បានចាកចេញពីមន្ទីរពេទ្យក្រោយពីមានអការធូរស្បើយ ។
មន្ទីរសុខាភិបាលខេត្ត Vinh Phuc បានបញ្ជាក់ថា មនុស្ស២៤៩នាក់បានប៉ះពាល់ ឬទំនាក់ទំនងជាមួយអ្នកជំងឺផ្ទុកវីរុស nCoV ដែលបច្ចុប្បន្នកំពុងដាក់ឲ្យស្ថិតនៅដាច់ដោយឡែកពីគេឯងដើម្បីសកម្មភាពតាមដានត្រួតពិនិត្យពីគ្រូពេទ្យ ។
សូមរំលឹកថា មកដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ជំងឺ2019-nCoV បានបណ្តាលឲ្យស្លាប់មនុស្សកើនឡើង ១០១៨នាក់, ក្នុងនោះ នៅប្រទេសចិន ស្លាប់ ១ ០១៦នាក់, ប្រទេសហ្វីលីពីនម្នាក់ និងនៅហុងកុងស្លាប់ម្នាក់ ៕