ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងពីសំណាក់មហាជនក្រោយពីផលិតករខ្មែរលោក ហ៊ុយ យ៉ាឡេង បានបង្ហើបពីគម្រោងផលិតភាពយន្តខ្នាតធំអំពី”ព្រះបាទជ័យវរ្ម័នទី៧” ដែលគ្រោងចាយទុនប្រមាណ៧លានដុល្លារ។ មានការចោទសួរជាច្រើនថាតើភាពយន្តនេះនឹងអាចលេចចេញជារូបរាងបានដែរឬទេ។
ភាពយន្តរឿង “ព្រះបាទជ័យវរ្ម័នទី៧” ឬ “King Jayavaraman VII” ត្រូវបានផលិតករផលិតកម្ម កថាជ័យភាពយន្ត លោក ហ៊ុយ យ៉ាឡេង បានបង្ហើបគម្រោងក្នុងការចេញផលិត។ លោកថា លោកបានបម្រើវិស័យភាពយន្ត អស់រយៈពេល២០ឆ្នាំមកហើយ ហើយក្តីប្រាថ្នាធំក្នុងជីវិតគឺផលិតភាពយន្តនេះឡើង។ លោកបន្តថា លោកមានអាយុពាក់កណ្តាលជីវិត ទើបលោកមិនរងចាំទៀតបានគឺទាន់មានកម្លាំង បញ្ញា និងស្មារតី ដូចនេះលោកចង់អញ្ជើញផលិតករ សិល្បករ និងជនរួមជាតិខ្មែរចូលរួមភាពយន្តជាប្រវត្តិសាស្ត្រមួយនេះ។ លោកថាលោកចង់ចាប់ផ្តើមផលិតនៅអំឡុងឆ្នាំ ២០២៥ ខាងមុខនេះដោយថវិកាដែលចំណាយក្នុងការផលិត ត្រូវបានលោកបញ្ជាក់ថាមានប្រមាណ២៨,០០០លានរៀង គឺប្រមាណ៧លានដុល្លារអាមេរិក។ លោកបញ្ជាក់ថា លោកមានផែនការនេះជាយូរមកហើយមិនមែនជារឿងលេងសើចនោះទេ។
ផលិតករកំពុងលេចធ្លោររឿង”ដើម្បីកូន” រូបនេះបញ្ជាក់បន្ថែមថា ការបង្ហោះសារខ្លីថ្មីៗនេះគឺជាការសាកល្បងដើម្បីស្ទាបស្ទង់ចិត្តមហាជនប៉ុណ្ណោះ ថាតើមានការគាំទ្រច្រើនកម្រិតណា ហើយលោកសង្កេតឃើញថាពិតជាមានការគាំទ្រខ្លាំងពីប្រជាជនខ្មែរច្រើន។ លោកថាសម្រាប់ទុនចំណាយដ៏សម្បើមនេះលោកនៅមិនទាន់មាននៅឡើយ ប៉ុន្តែអ្វីដែលោករំពឹងទុកថាអាចផលិតភាពយន្តនេះបានគឺថាត្រូវរកផ្លូវរកថវិកាដោយវិធីណា។ លោកបញ្ជាក់ថា មានចំណុច២ដែលលោករំពឹងនោះគឺសង្កេតឃើញពីសន្ទុះការគាំទ្រ ជួយច្រើនពីប្រជាពលរដ្ឋខ្មែរច្រើន ហើយអ្វីដែលសំខាន់គឺប្រសិនបើមានអ្នកមានទ្រព្យស្តុកស្តម្ភណាម្នាក់ ឬមួយចំនួនជួយនោះ គឺជាប្រការល្អដែលមិនចាំបាច់ការរៀបចំជាមូនិធិអ្វីឡើងនោះឡើយ។ លោកថាចំណាយផ្លូវត្រូវដើរដល់ការងាររហូតដល់៥ឆ្នាំនោះ គឺជាអ្វីដែលលោកនៅតែមានសង្ឃឹមថានឹងអាចដើរដល់ចំណុចមួយនេះ។
គួរបញ្ជាក់ដែរថាព្រះបាទជ័យវរ្ម័នទី៧ គឺជាព្រះមហាក្សត្រមានព្រះនាមល្បីល្បាញបំផុត នៃប្រវត្តិសាស្ត្រខ្មែរ សតវត្សទី១២ (គ.ស ១១៦២-១២០១)។ ព្រះបរមនាម និងស្នាព្រះហស្ថរបស់ព្រះអង្គល្បីរន្ទឺមិនត្រឹមតែនៅក្នុងកម្ពុជាទេ ប៉ុន្តែធ្វើឲ្យរញ្ជួយខ្ទរខ្ទារដល់អ្នកប្រវត្តិវិទូល្បីៗនៅលើលោកថែមទៀត។ ព្រះអង្គជាស្តេចសឹកមួយអង្គដ៏ខ្លាំងពូកែ និងមានព្រហ្មវិហារធម៌ដល់ប្រជានុរាស្ត្ររបស់ព្រះអង្គ។ ព្រះអង្គបានចាត់ឲ្យបង្ក្រាបពួកបះបោរនៅក្នុងប្រទេស ដោយបង្រួបបង្រួមខេមរជនទាំងអស់ ដែលនៅក្រោមការត្រូតត្រារបស់ព្រះអង្គ អោយដើរផ្លូវតែមួយតាមដង្ហែព្រះអង្គ។ ទោះជាយ៉ាងណាកាលពីអំឡុងឆ្នាំ២០០៨ គេធ្លាប់លេចលឺដំណឹងម្តងរួចមកហើយអំពីឧស្សាហកម្មភាពយន្តហូលីវូដ គ្រោងផលិតភាពយន្តអំពីព្រះរាជាអង្គនេះ ប៉ុន្តែត្រូវបានស្ងប់ស្ងាត់ទៅវិញរហូតដល់បច្ចុប្បន្ន៕
ដោយ វឌ្ឍនា