សម្តេចតេជោ ៖ កម្ពុជាមិនអាចយកអធិបតេយ្យភាពទៅដោះដូរនឹងជំនួយពីបរទេសឡើយ , កម្ពុជានឹងមានស្ពានឆ្លងកាត់ទន្លេមេគង្គបន្ថែមទៀត គឺចេញពីតំបន់ជ្រោយចង្វារទៅស្វាយជ្រុំអរិយក្សត្រ

ចែករំលែក៖

ខេត្តកណ្តាល​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​បានមានប្រសាសន៍​ថា​ កម្ពុជា​នឹងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គបន្ថែមទៀត​ គឺចេញពីតំបន់ជ្រោយចង្វារទៅស្វាយជ្រុំអរិយក្សត្រដែលកំពុងតែមានតម្រូវការរបស់ប្រជាពលរដ្ឋរស់នៅទីនោះ ។ សម្តេចតេជោបន្តថា បេីតាមការប៉ាន់​ប្រមាណស្ពាននេះអាចចំណាយថវិកាសាងសង់ប្រមាណជា៤០ទៅ៥០លានដុល្លារ ។ សម្តេចអះអាងថា បើកម្ពុជាទទួលបានស្ពាននេះមួយទៀត គឺពិតជាបានផ្តល់នូវផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋយើង។

ការ​លេីកឡេីងបែបនេះ នៅក្នុងពេលសម្តេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ រួម​ជាមួយលោក ផាក ហ៊ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា ក្នុងពិធី​បើកការដ្ឋានស្តារ និងសាងសង់ផ្លូវ លេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ នាព្រឹកថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ​ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា នៅពេលខាងមុខនេះ អាចនឹងមានរោងចក្រមួយត្រូវផ្អាកសកម្មភាពជាបណ្តោះអាសន្ន ដោយសារតែខ្វះវត្ថុធាតុដើមដែលនាំពីចិនមក ដោយរោងចក្រផលិតវត្ថុធាតុដើមមួយចំនួននៅប្រទេសចិនត្រូវបិទទ្វារដោយសារបញ្ហាមេរោគកូរូណានេះ ។ សម្តេចបានគូសបញ្ជាក់ថា បើសិនបើពេលខាងមុខនេះមានរោងចក្រមួយចំនួនត្រូវផ្អាកជាបណ្តោះអាសន្ននោះ គឺមិនមែនដោយសាររឿង EBA នោះទេ សូមកុំមានការយល់ច្រឡំ។ សម្តេចតេជោថា មិនមានការព្រួយបារម្ភរឿងបាត់ EBA នោះទេ យើងត្រូវរៀនដកដង្ហើម និងរៀនរស់ដោយខ្លួនឯង កម្ពុជាមិនអាចយកអធិបតេយ្យភាព ទៅដោះដូរនឹងជំនួយពីបរទេសឡើយ កម្ពុជាត្រូវការសន្តិភាព និងមានឯករាជ្យភាពរបស់ខ្លួន។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអរគុណដ៏ជ្រាលជ្រៅ ចំពោះប្រជាជននិងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលជាមិត្ត និងជាដៃគូអភិវឌ្ឍន៍ដ៏ល្អមួយ ក្នុង ចំណោមប្រទេសជាមិត្តល្អៗជាច្រើនទៀត ដែលបាននិងកំពុងបន្តកិច្ចសហប្រត្តិបត្តិការល្អ ក្នុងការ ជួយអភិវឌ្ឍវិស័យជាច្រើន។ ការសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ គឺជាការចូលរួមចំណែកដ៏សំខាន់នៅក្នុងការជំរុញប្រសិទ្ធភាព ផលិតភាព និង កាលានុវត្តភាព  នៃសេដ្ឋកិច្ច-សង្គម ដែលនឹងទ្រទ្រង់ដល់គោលនយោបាយ សមាហរណកម្ម ផ្ទៃក្នុងដែលបានរួមចំណែកយ៉ាងសកម្មក្នុងការ  ជួយលើកកម្ពស់ប្រសិទ្ធភាពចរាចរណ៍ ដឹកជញ្ជូនពីភ្នំពេញទៅបណ្តាខេត្តនានា​ ។

យោងតាមរបាយការណ៍របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ គឺមានប្រវែងសរុប៧២.១៧គីឡូម៉ែត្រ គឺមានកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២.៥៦គីឡូម៉ែត្រ (ឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង៥.៤គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១៤.២១គីឡូម៉ែត្រ និងខេត្តតាកែវ ប្រវែង៥២.៥៦គីឡូម៉ែត្រ) និងផ្លូវជាតិ២២ ពីអូរចំបក់ដល់អង្គតាសោម មានប្រវែង ៩.៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។

លោក ស៊ុន ចាន់ថុល បន្តថា ផ្លូវទាំងពីរខ្សែនេះ នឹងសាងសង់ជាប្រភេទផ្លូវបេតុងកៅស៊ូ AC ដោយគ្រោងចំណាយថវិកាសរុបប្រមាណ៥៦.១លានដុល្លារអាមេរិក ជា ហិរញ្ញប្បទានពីរដ្ឋាភិបាលសា​ធារណ​​រដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិ បាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីននិងយុទ្ធ ភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ​ ៕​ ដោយ ជាយក្រុង

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print