ស្លាប់ និងបាត់ខ្លួន​ជាច្រើននាក់ ក្រឡាប់លិចទូកនៅឈូងសមុទ្រ Bay Bengal

ចែករំលែក៖

ជនភៀសខ្លួនមូស្លីន​រ៉ូហ៊ីងយ៉ា​១៥នាក់​បានស្លាប់ និងជាច្រើននាក់ផ្សេងទៀត​បាត់ខ្លួន​នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយពីទូក​មួយគ្រឿង​ដឹក​មនុស្ស​ប្រហែល​១៣០នាក់​បានក្រឡាប់លិច​ស្ថិតនៅឈូងសមុទ្រ Bay Bengal ពេលដែលកំពុងព្យាយាមចូលទៅកាន់ប្រទេស​ម៉ាឡេស៊ី ។ នេះបើតាមមន្ត្រី​ឆ្មាំការពារដែនសមុទ្របង់ក្លាសដែស​មួយរូប បញ្ជាក់ប្រាប់ប្រភពព័ត៌មាន​រ៉យទ័រថ្ងៃនេះ ។

បើតាមមន្ត្រីបង់ក្លាដែស ឈ្មោះ Hamidul Islam បានបញ្ជាក់ថា អ្នកនៅលើទូក​ប្រហែល៧០នាក់ ត្រូវបានជួយសង្គ្រោះ​ ។ ​មន្ត្រីរូបនេះ​បន្ថែមថា ទូកនោះ​បានធ្វើដំណើរ​កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ផ្ទុកទៅដោយ​មនុស្ស​ខុសច្បាប់​ភៀសខ្លួនចេញពីជំរុំ​នៅជិត​រមណីយដ្ឋាន​ទីក្រុង Cox’s Bazar ក្នុងប្រទេសបង់ក្លាដែស។ ប្រភពបញ្ជាក់ថា វាអាណោចអាធ័ម​ខ្លាំងណាស់ ។ ទូកដឹកមនុស្សរហូតដល់​១៣០នាក់ ខណៈដែលសមត្ថភាព​ទម្ងន់​ផ្ទុកបានតែ​ចំនួន​៥០នាក់ប៉ុណ្ណោះ ។

ប្រភពបញ្ជាក់ថា សាកសព​ស្ត្រី​ និងកុមារ​១៥នាក់​ត្រូវបានរកឃើញ បន្ទាប់ពី​ទូកនេះ​បានក្រឡាប់លិច​នៅជិតដែនកោះ Saint Martin ភាគអាគ្នេយ៍​របស់ប្រទេស​បង់ក្លាដែស ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៧ យោធា​មីយ៉ាន់ម៉ា​បានបង្ក្រាប បណ្តាលឲ្យ​ជនម៉ូស្លីម​រ៉ូហ៊ីងយ៉ាង​ជាង ៧៣០ ០០០​នាក់​ភៀសខ្លួនពីមីយ៉ាន់ម៉ា​ទៅកាន់ប្រទេសជិតខាង​គឺបង់ក្លាដែស។

មីយ៉ាន់ម៉ា​ជាប្រទេសកាន់សាសនាព្រះពុទ្ធដ៏ច្រើនលើសលប់​នោះ​បានច្រានចោល​ការចោទប្រកាន់របស់អង្គការសហប្រជាជាតិ​ថា កម្លាំងយោធា​របស់ប្រទេសនេះ​ធ្វើសកម្មភាព​ប្រឆាំង​ទៅលើ​ក្រុមជនភាគតិច​រ៉ូហ៊ីងហ៉ា ដោយអំពើ«ប្រល័យពូជសាសន៍»នោះ។

កាលពីវិច្ឆិកា ឆ្មាំការពារដែនសមុទ្របង់ក្លាដែស​បានសង្គ្រោះ​ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា​១២២នាក់ ពីឈូងសមុទ្រ Bay Bengal ខណៈដែល​ទូករបស់ពួកគេបានធ្វើដំណើរ​ដោយខុសច្បាប់​ទៅកាន់​ប្រទេសម៉ាឡេស៊ីនោះ​បានលិច ដោយសារតែបញ្ហា​ម៉ាស៊ីនខូច ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print