ភ្នំពេញ ៖ មន្តី្រក្រសួងសុខាភិបាលឲ្យដឹងពីម្សិលមិញថា មិនមានមេរោគកូរ៉ូណាកើតមានលើអ្នកទេសចរជនជាតិហុល្លង់ទេ បន្ទាប់ពីក្រុមការងារក្រសួងបានយកសំណាកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័ររាជធានី ភ្នំពេញ ហើយលទ្ធផលបានបង្ហាញនៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ។
ជនជាតិហុល្លង់ឈ្មោះ Van Der Meer ភេទប្រុស អាយុ៧០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ NT6L4CK63 ដែលធ្វើដំណើរតាមនាវាទេសចរណ៍ NORWEGIAN JADE សញ្ជាតិ BAHAMAS បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ។
ក្រុមការងារគ្រូពេទ្យកម្ពុជាបានឲ្យដឹងថា ដំបូងដោយសារលោក Van Der Meer មានអាការក្តៅខ្លួនទើបត្រូវបានបញ្ជូនមកពិនិត្យព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បើតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យថា ជនជាតិហុល្លង់មានអាការឡើងសំពាធឈាម តែកំដៅបានចុះមកធម្មតា ។
ក្នុងនោះក្រុមគ្រូពេទ្យក៏បានយកសំណាករបស់អ្នកជំងឺទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រផងដែរ ជាលទ្ធផលបង្ហាញនៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះ ដោយបញ្ជាក់ថា លោក Van Der Meer មិនមានផ្ទុកវីរុសកូរ៉ូណាថ្មី (2019-nCoV)នោះទេ ។ នៅពេលនះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ កំពុងរៀបចំបែបបទអនុញ្ញាតឱ្យលោក Van Der Meerចាកចេញពីមន្ទីរពេទ្យហើយ ៕ ជាយក្រុង