ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជំរុញឲ្យអភិបាលខណ្ឌដូនពេញពង្រឹងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់និងអនាម័យបរិស្ថានអោយបានល្អ មិនត្រឹមតែធានាបានសោភ័ណភាពបរិស្ថាន សុខភាពរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទំាងការពារពានរង្វាន់ផ្ការំដួល៣ទងថែមទៀតផង។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឲ្យរដ្ឋបាល ខណ្ឌដូនពេញ ត្រូវលុបបំបាត់ឲ្យបានរាល់ល្បែងស៊ីសងគ្រប់ប្រភេទ បញ្ហាចោរកម្ម ក្មេងទំនើង សណ្តាប់ធ្នាប់សាធារណៈ បញ្ហាអនាម័យសំរាមជាដើម ដើម្បីឲ្យខណ្ឌនេះនៅតែរក្សាបានភាពស្អាត ហើយនៅ តែទទួលបានពានរង្វាន់ផ្ការំដួលបីទងដែលជាទីក្រុងស្អាតជាងគេ។
លោកបានបញ្ជាក់បែបនេះ ក្នុងពិធីប្រកាសឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលខណ្ឌដូនពេញ កាលពីព្រឹកថ្ងៃ ១២ ខែកុម្ភៈ ឆ្នាំ២០២០ ។
លោកឃួង ស្រេង បានបញ្ជាក់ថា៖ចាំបាច់ណាស់ខណ្ឌដូនពេញ គឺត្រូវតែល្អស្អាតឲ្យបានជាប់ជាប្រចាំ ព្រោះខណ្ឌនេះជាចំណុចកណ្តាលនៃរាជធានីភ្នំពេញ សំបូរ ទៅដោយតំបន់ទេសចរណ៍ដែលទាក់ទាញភ្ញៀវមកទស្សនាកម្សាន្តជាច្រើន។
លោកបានបញ្ជាក់ថា អភិបាលខណ្ឌដូនពេញត្រូវចុះពិនិត្យការលក់ដូររបស់ប្រជាពលរដ្ឋនៅលើចិញ្ចើញផ្លូវ សាធារណៈ ដោយមិនត្រឹមតែខូចសណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែ ពួកគាត់បានបង្កើតជាសំរាមគរាយប៉ាយដោយគ្មានទំនួលខុសត្រូវក្រោយពីការលក់ដូររួច។ បន្ថែមពីនេះទៀតត្រូវសន្យាលុបបំបាត់ឲ្យអស់នូវល្បែងកន្ទុយលេខតាមផ្សារ ល្បែងស្ទួចត្រីខុស ច្បាប់ដែលកំពុងមានសកម្មភាពរីកដុះដាលច្រើន។
នៅក្នុងឱកាសនោះដែរ លោកអភិបាលរាជធានីភ្នំពេញក៏បានណែនាំដល់អភិបាល ខណ្ឌទំាងអស់ជួយជំរុញឲ្យប្រជាពលរដ្ឋបង់ថ្លៃប្រមូលសំរាមអោយបានទៀតទាត់ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ក្នុងការចូលរួម ធានាធ្វើឲ្យរាជធានីភ្នំពេញ នៅតែរក្សាបានភាពស្អាតមានផាសុខភាព និងគុណភាពបរិស្ថាន។ ឯកឧត្តមបានថ្លែងថា ក្នុងរយៈពេល៨ខែទៀតការ រៀបចំនីតិវិធីក្នុងការគ្រប់គ្រងបញ្ហាសំរាមនេះបានល្អ ទំាងការប្រមូលសំរាម និងការបង់ថ្លៃសេវា ប្រមូលសំរាម ដោយមានក្រុមហ៊ុនត្រឹមច្បាស់លាស់ ក្នុងការអនុវត្តកិច្ចការនេះ។
សូមបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញបានប្រ កាសបើកទទួលយកថ្លៃប្រមូលសំរាមពីប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១ ខែកុម្ភៈដល់ថ្ងៃទី១៥ ខែកុម្ភៈ តាមរយៈ ប្រព័ន្ធទូរទាត់អេឡិចត្រូនិច ដើម្បីបង្កលក្ខណៈ ងាយ ស្រួលដល់ប្រជាពលរដ្ឋដែលចំណេញ ពេល វេលា និងកាត់បន្ថយការចំណាយផងដែរ។ប្រជា ពលរដ្ឋដែលត្រូវបង់ថ្លៃសេវាប្រមូលសំរាមនៅក្នុងខែមករានេះ គឺគ្មានការប្រែ ប្រួលទេគឺ អនុវត្តន៍ តាម តារាងតម្លៃកាលពីខែតុលាឆ្នាំ២០ ១៩កន្លងទៅជាគោល៕. ដោយ៖ សំរិត