ខេត្តកណ្តាល ៖ យ៉ាងហោចណាស់មានមនុស្សម្នាក់ បានស្លាប់បាត់បង់ជីវិតនៅ កន្លែងកើតហេតុម្នាក់ទៀតរង របួសស្រាលក្នុង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាង ម៉ូតូបុកម៉ូតូបើកបរខ្វែងទិសគ្នា កាលពីវេលាម៉ោង ២២ និង២០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ នៅលើកកំណាត់ផ្លូវជាតិលេខ២១Bត្រង់ចំណុច ខាងមុខផ្ទះលក់ទូរសព្ទ័យីហោ “ សំអូន រដ្ឋា ” ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល ។
ជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ សុខ សាត ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1B-5292 ។ ចំណែកឯជនរងគ្រោះរងរបួស ស្រាលបានរត់គេចខ្លួនបាត់ដោយបន្សល់ទុកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1S-6541 ។
សាក្សីនិយាយថា នៅមុនពេលកើតហេតុគេបាន ឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1S-6541 តាមបណ្តោយផ្លូវជាតិលេខ២១B ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន ខណៈបើកដល់ចំណុចកើតហេតុក៏បានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1B-5292 ដែលកំ ពុងបើកឆ្លងផ្លូវពីលិចទៅកើត បណ្តាលឲ្យម៉ូតូទាំង២គ្រឿងដួលយ៉ាងច្រងាបច្រងិលនៅលើផ្លូវធ្វើឲ្យភាគីម្ខាងស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ រីឯភាគីម្ខាងទៀតរងរបួសស្រាលបាន គេចខ្លួនបាត់ផងដែរ ។
បច្ចុប្បន្នម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាល ជំនាញចរាចរណ៍ចុះធ្វើការវាស់វែង ដកហូតយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានប្រគល់ទៅ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ