វរៈការពារព្រំដែនលេខ891និង911បង្កើតច្រករបៀងនាំចូល នាំចេញទំនិញគេច​ ពន្ធនិងបើកអោយពលក រខ្មែរឆ្លងដែនខុសច្បាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបន្ទាយមាន ជ័យតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បានរាយការណ៍ប្រាប់ អ្នកសារព័ត៌មានឲ្យដឹងថា រៀងរាល់ថ្ងៃ ពួកគាត់បានសង្កេតឃើញមាន បទល្មើសឆ្លងដែនជាច្រើន នៅតាមច្រកព្រំដែនរបៀង សម្រាប់នាំចេញចូលទំនិញគេចពន្ធ និងឲ្យពលករខ្មែរចេញទៅ ធ្វើការខុសច្បាប់នៅប្រទេសថៃ។

ប្រភពដដែលបានបន្តថា ជារៀងរាល់ថ្ងៃ នៅពេលយប់ តាមបណ្ដោយព្រំដែន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់វរៈព្រំដែនគោក ៨៩១ ៨១៥ ៨០៧ និង៩១១ ចំណុះឲ្យស្នងការដ្ឋានខេត្តបន្ទាយមានជ័យ មានបង្កើតច្រករបៀងលួចលាក់ជាច្រើនកន្លែង បើកឲ្យមានការចរាចរណ៍ បទល្មើសឆ្លងដែនគ្រប់ប្រភេទ ក្នុងនោះក៏មានពលករខ្មែរ ខុសច្បាប់បានលួចឆ្លងដែនចូលទៅធ្វើការនៅប្រទេសថៃដែរ។

ប្រភពដដែលបានបញ្ជាក់ទៀតថា ខ្សែព្រំដែនដែលគ្រប់គ្រងដោយវរៈ ព្រំដែន៨៩១ ដឹកនាំដោយលោកហាំ វណ្ណៈ និង៩១១ ដឹកនាំដោយលោក សូ ចាន់ណារី ដែលរួមមានច្រករបៀងជិត៥០កន្លែង តែងធ្វើសកម្មភាពប្រព្រឹត្តបទ ល្មើសឆ្លងដែននៅពេលយប់ ដូចជា ការនាំចេញខោអាវគូប, ពលករខ្មែរលួចទៅឆ្លងដែននៅប្រទេសថៃ និងនាំឈើប្រណីតចេញជាដើម។

ក្រៅពីនេះ ក៏មាននាំចូលទំនិញខុសច្បាប់ជាច្រើនប្រភេទដូចជា ហ្គាស សំបកដប ទូរទស្សន៍ចាស់ៗ សាច់មាន់ មាន់រស់ និងម៉ូតូជាដើម។
ករណីនេះ ប្រជាពលរដ្ឋបានលើកឡើងថា ហាក់គ្មានការយកចិត្តទុកដាក់ អើពើពីសំណាក់អាជ្ញាធរនោះទេ មិនថាជាថ្នាក់មូលដ្ឋាន ឬថ្នាក់ខេត្ត។

លើសពីនេះ ពួកគាត់បានបង្ហាញពីក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាទាំងអស់នេះ ដែលតែងបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់យ៉ាងខ្លាំង។

យ៉ាងណាម៉េញ នាពេលបច្ចុប្បន្ន កត្តាទាំងនេះ សុទ្ធតែជាចំណុចស្នូលនៃបញ្ហាដែល រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ដោះស្រាយ ដោយមានដាក់ចេញនូវគោលនយោបាយធំៗ ដូចជាការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពកាំកុងត្រូល ការត្រួតពិនិត្យពលករដែលទៅធ្វើការនៅបរទេសជាដើម ដើម្បីបញ្ចៀសឲ្យបាននូវ បទល្មើសឆ្លងដែនរួមមានទំនេញគេចពន្ធ និងការឆ្លងដែនទៅធ្វើការ នៅក្រៅប្រទេសរបស់ប្រជាពលរដ្ឋខ្មែរជាដើមនេះ។

លោកហាំ វណ្ណៈ មេបញ្ជាការវរៈព្រំដែន៨៩១បានឲ្យដឹងតាមទូរស័ព្ទថា នៅក្នុងតំបន់គ្រប់គ្រងរបស់លោក ពិតជាមានទំនិញលួចចរាចរណ៍ឆ្លងដែនមែន ដោយមានការឃុបឃិត ពីមន្រ្ដីរបស់លោក ដែលឈរជើងនៅទីនោះ។

លោកបន្តថា លោកតែងណែនាំឲ្យមន្រ្ដីទាំងនេះ បញ្ឈប់សកម្មភាពទាំងនោះដែរ ប៉ុន្តែមានការឃុបឃិតគ្នាយ៉ាងនោះលោកក៏មិនទាន់ដឹងច្បាស់ដែរ។
ដោយឡែកលោកសូរ ចាន់ណារី មេបញ្ជាការវរៈការពារព្រំដែន ៩១១ ដែលត្រូវប្រជាពលរដ្ឋ លើកឡើងថា នៅតំបន់គ្រប់គ្រងរបស់លោក មានការនាំចូលទំនេញគេចពន្ធ ដូចជាម៉ូតូ ទូរទស្សន៍ជាច្រើន និងពលករខ្មែរលួច ទៅឆ្លងដែននៅបរទេស ក្នុងមួយថ្ងៃៗ រាប់រយនាក់ នគរវត្តមិនអាចទាក់ទងបានទេ ព្រោះទូរស័ព្ទចូលគ្មានអ្នកទទួល។

ចំណែកលោកឧត្តមសេនីយ៍សំ ជិត ស្នងការរងនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ទទួលបន្ទុកការងារព្រំដែន បានបដិសេធថា លោកមិនទាន់ទទួលបានការរាយការណ៍ណាមួយពីមន្រ្ដីថ្នាក់ក្រោម ជុំវិញការចរាចរណ៍បទ ល្មើសឆ្លងដែនទាំងនេះនៅឡើយទេ។

ទាក់ទិននឹងបញ្ហានេះ កាលពីពេលថ្មីៗកន្លងមក លោកឧត្តមសេនីយ៍ ខេង សាម៉េត អគ្គស្នងការនគរបាលជាតិ និង ជាប្រធានគណៈបញ្ជាការទិសភូមិភាគទី៤ និងភូមិភាគទី៥ ធ្លាប់បានព្រមានធ្ងន់ៗ ដល់គណៈបញ្ជាការទាំង ៤ ដោយបានហាមដាច់ខាតមិនឲ្យ មានបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសពលករដែលឆ្លងដែនខុសច្បាប់។

លោកបញ្ជាក់ថា បើវរៈព្រំដែនណាដែលបង្កើតឲ្យមាន ស្ពាន ក្បូន ទូក ខ្សែរ៉តសម្រាប់ឆ្លងដែនកាត់អូរនោះ ត្រូវរុះរើចេញជាបន្ទាន់ មិនដូច្នេះលោកនឹងចាត់ការតាមនីតិវិធីរដ្ឋបាល។

ក្រោយពីការចេញការ ព្រមានរបស់លោកអគ្គស្នងការហើយក្ដី ក៏គេនៅតែឃើញមានគណៈបញ្ញាការការពារវរៈព្រំដែនខ្លះ នៅតែលួចលាក់បង្កើតឲ្យមានបទល្មើសព្រំដែនក្នុងរូបភាពដដែលជាដដែល ទើបលោកបានកោះហៅមេបញ្ជាការវរៈព្រំដែនទាំងនោះមកធ្វើកិច្ចសន្យាបញ្ឈប់ជាបន្ទាន់ នៅស្នងការដ្ឋាននគរបាលខេត្ត ដែលជាប់ព្រំដែនខេត្តទាំងនោះ។

តែយ៉ាងណាបន្ទាប់ពីផ្ដិតមេដៃធ្វើកិច្ចសន្យាហើយ មិនទាន់ទាំងស្ងួតផងទឹកថ្នាំផង គេសង្កេតឃើញថា បទល្មើសទាំងនោះ បានរីកឡើងវិញដូចផ្សិតត្រូវទឹកសន្សើម៕

47

18

36

...

29

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print