ខេត្តរតនគិរី ៖ កុមារាម្នាក់ អាយុ២ឆ្នាំ បានលង់ទឹកស្រះខាងក្រោយផ្ទះស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ ត្រង់ចំណុចស្រះទឹកផ្ទះមួយកន្លែងមានជម្រៅប្រមាណ២ម៉ែត្រ ស្ថិតនៅភូមិ៣ ឆ្កែហត់ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។
លោកវរនីយ៍ត្រី ផាន់ តិក អធិការរងស្រុកកូនមុំបានប្រាប់ឲ្យដឹងថា កុមារារងគ្រោះនោះឈ្មោះរំ ប៉ាវ អាយុ៣ឆ្នាំ មានឪពុកឈ្មោះ កន ភារម្យ អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ និងម្តាយឈ្មោះ ម៉ន ចាន្ធា អាយុ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
ប្រភពបន្តថា មុនពេលកើតហេតុ ឪពុកម្តាយកុមារារងគ្រោះកំពុងតែទៅធ្វើចំការ ទុកអោយកូននៅផ្ទះម្នាក់ឯង ។ ពេលនោះកុមារារងគ្រោះបានដើរទៅក្រោយផ្ទះម្នាក់ឯង ក៏ចូលក្នុងទឹកស្រះលង់ស្លាប់តែម្តង ។ ក្រោយមកឪពុកម្តាយកុមាររងគ្រោះបាត់កូនមិនឃើញក៏បានដើររកនៅក្រោយផ្ទះឃើញកូនអណ្តែតទឹកក្នុងស្រះស្លាប់បាត់បង់ជីវិតទៅហើយ។
ពេលនោះក៏មានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ហើយក៏រាយការណ៍ទៅសមត្ថកិច្ច ក្រោយមកសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុតែម្តង បានធ្វើកោសល្យវិច័យថា កុមារារងគ្រោះពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន ។ បច្ចុប្បន្នសមត្ថកិច្ចក៏បានប្រគល់សពទៅឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី ៕ អ៊ុច សាវុទ្ធ