ជនសង្ស័យចំនួន២នាក់ធ្វើសកម្មភាព លួចគាស់កញ្ចក់រថយន្តបានសម្រេចរត់គេចមិនរួចត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ:ជនសង្ស័យចំនួន២នាក់ធ្វើសកម្មភាព លួចគាស់កញ្ចក់រថយន្តចតចោលនៅឃ្លាំងលក់រថយន្តយីហោ «ចាន់ភឿន» បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបាននាំគ្នាបើកម៉ូតូរត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ បានជិះដេញតាមស្ទាក់ចាប់បាន នៅក្បែរខារ៉ាអូខេឌឺម៉ូន តាមបណ្ដោយផ្លូវ២៦៥ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បង្កឲ្យមានការភ្ញាក់ផ្អើល ហេតុការណ៍នេះបានកើតកាលពីម៉ោង ៣និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២០។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១ឈ្មោះ ឥដ្ឋ រិទ្ធី អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ និងទី២ឈ្មោះ ណាង ស៊ីដារ៉ូ អាយុ ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញជនសង្ស័យទាំង ២នាក់ បើកម៉ូតូ១គ្រឿង ម៉ាកស៊ុយស៊ូគីស្មាគរីវ៉ូ ពណ៌ក្រហម ពាក់ផ្លាក លេខ ភ្នំពេញ 1AA-4663 មកឈប់នៅក្បែរឃ្លាំងលក់រថយន្តខាងលើ។
បន្ទាប់មកជនសង្ស័យម្នាក់ បានចុះពីលើម៉ូតូ ហើយដើរទៅធ្វើសកម្មភាពលួចគាស់កញ្ចក់រថយន្ត១គ្រឿងម៉ាកលុចស៊ីស RX330 ពណ៌សគ្មានផ្លាកលេខ ដែលឈប់ចត ចោល នៅខាងមុខឃ្លាំង បានសម្រេច។

ភ្លាមៗនោះជនសង្ស័យទាំងពីរនាក់បាននាំគ្នាបើកម៉ូតូគេចខ្លួន ចេញពីកន្លែងកើតហេតុ ខណ:នោះ ក៏មានប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ បានជួយជិះដេញតាមពីក្រោយ និងស្រែកឆោឡោ ធ្វើឲ្យជនសង្ស័យទាំងពីរនាក់ ភ័យបានបើកម៉ូតូរត់គេចខ្លួន ទាំងស្លន់ស្លោរហូត ជិះទៅបុករបងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យដួលម៉ូតូ ទៅមុខលែងរួច ត្រូវប្រជាពលរដ្ឋ ចាប់ក្របួចបាន និងដកហូរបានកញ្ចក់រថយន្តចំនួន២ ប្រគល់ឲ្យសមត្ថកិច្ច។

បន្ទាប់ពីកើតហេតុជនសង្ស័យទាំង២នាក់ រួមជាមួយនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំទៅសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print