ប្រទេសថៃ៖ រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក ដូណាលត្រាំ គ្រោងព្យួរប្រព័ន្ធអនុគ្រោះពន្ធ GSP ដល់ថៃ។ បើអាមេរិកព្យួរការអនុគ្រោះពន្ធនោះថៃនឹងត្រូវខាតបង់ប្រាក់យ៉ាងតិច១.៣ពាន់លានដុល្លារ អាមេរិក។
នៅពេលនេះនាយករដ្ឋមន្ត្រីថៃ នឹងជួបពិភាក្សាជាមួយសហជីពកម្មករ ដើម្បីស្វែងរកកន្លឹះមុនពេល ជួបពិភាក្សាជាមួយលោកត្រាំ នៅថ្ងៃទី ៣ខែមីនា ពាក់ព័ន្ធ ការអនុគ្រោះពន្ធ។ មុនជំនួបខាងលើកើតឡើង លោក ឆាលី ឡូយសូអុង (Chalee Loysoong) ដែលជាអនុប្រធាន គណៈកម្មាធិការសាមគ្គីភាពកម្មករថៃបានព្រមានថា ការផ្អាកប្រព័ន្ធអនុគ្រោះពន្ធ GSP អាចនឹងបង្កផលប៉ះពាល់ដល់កម្មករយ៉ាងហោចណាស់ ៤០,០០០នាក់ កំពុងបម្រើការនៅតាមឧស្សាហកម្មជាច្រើន។ បណ្ដាញសហជីពនៅក្នុងប្រទេសថៃ ចង់ឱ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីការពារប្រព័ន្ធអនុគ្រោះពន្ធ GSP ឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។
កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ តំណាងពាណិជ្ជកម្មអាមេរិក (USTR) បានប្រកាសថា ខ្លួននឹងផ្អាកប្រព័ន្ធអនុគ្រោះពន្ធ GSP សម្រាប់ថៃមានតម្លៃជាង ១.៣ពាន់លានដុល្លារ ហើយនឹងត្រូវចូលជាធរមាននៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ
ជាមួយការលុបចោលនូវការអនុគ្រោះពន្ធលើផលិតផលនាំចូលពីថៃចំនួន ៥៧៣មុខ ដែលអាចនឹងប្រឈមមុខនឹងការបង់ពន្ធ ៤.៥ភាគរយ។
ការប្រកាសលុបចោលនេះទៀតសោត ធ្វើឡើងដោយសារតែរដ្ឋាភិបាលថៃបានបរាជ័យ ក្នុងការដោះស្រាយបញ្ហារំលោភបំពានសិទ្ធិកម្មករ នៅក្នុងឧស្សាហកម្មគ្រឿងសមុទ្រ និងវិស័យដឹកជញ្ជូនតាមកប៉ាល់ទំនិញ។
ដូច្នេះបើថៃចង់បានប្រព័ន្ធអនុគ្រោះពន្ធ GSP ត្រឡប់មកវិញ រដ្ឋាភិបាលទីក្រុងបាងកក ត្រូវតែបង្ហាញសហគមន៍អន្តរជាតិថា ខ្លួនមានការប្ដេជ្ញាចិត្តក្នុងការលើកម្ពស់ និងការពារសិទ្ធិពលករ៕
ដោយ៖ មែវ សាធី